រយៈពេល៦ខែ តុលាការសាលាដំបូងរាជធានី-ខេត្ត បានចាត់ការជិត៨ម៉ឺនសំណុំរឿង
រាជធានីភ្នំពេញ ៖ រយៈពេល ៦ខែ ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការ អមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស…
រាជធានីភ្នំពេញ ៖ រយៈពេល ៦ខែ ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការ អមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស…
រាជធានីភ្នំពេញ ៖ រយៈពេល ៦ខែ ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការ អមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស បានចាត់ការសំណុំរឿង ទាំងរឿងព្រហ្មទណ្ឌ ទាំងរឿងរដ្ឋប្បវេណី និងរឿងក្តីដទៃទៀត ចំនួន ៧៨,៣៦៥ ស្មើនឹង ៦៤% នៃសំណុំរឿងសរុប ចំនួន ១២១,៥៥៣ នេះបើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងយុត្តិធម៌ ស្ដីពីលទ្ធផលរយៈពេល ៦ខែ នៃយុទ្ធនា ការជំរុញ និងពន្លឿនរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ចេញផ្សាយនាថ្ងៃទី១១ កក្កដា អ្នកនាំពាក្យ បានបញ្ជាក់ថា គិតចាប់ពីថ្ងៃ ប្រកាសបើកយុទ្ធនាការ កាលពីថ្ងៃទី៩ ខែមករា រហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ គឺមានរយៈពេល ៦ខែគត់ ដែលក្រសួងយុត្តិធម៌បានប្រកាសដាក់ចេញនូវយុទ្ធនា ការចំនួន២ ព្រមពេលជាមួយគ្នា នៅក្នុងក្របខណ្ឌ នៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា សំដៅពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាព នៃយុត្តិធម៌ រួមមាន ៖ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយ ភាពមិនប្រក្រតីនៅតាមតុលាការ ។
ប្រភពបានឲ្យដឹងថា កាលពីថ្ងៃទី១០ កក្កដា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងការអនុវត្ត យុទ្ធនាការរយៈពេល៦ខែ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ នៃសាលាជម្រះក្តី និងអង្គការអយ្យការ អមសាលាជម្រះ ក្តីទូទាំងប្រទេស ។
អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា «ក្នុងរយៈពេល ៦ខែ កន្លងទៅនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស បានចាត់ការសំណុំរឿង ទាំងរឿងព្រហ្មទណ្ឌ ទាំងរឿងរដ្ឋប្បវេណី និងរឿងក្តីដទៃទៀត បានចំនួន ៧៨,៣៦៥ ស្មើនឹង ៦៤% នៃសំណុំរឿងសរុប ចំនួន ១២១,៥៥៣ ក្នុងនោះ មានទាំងសំណុំរឿងដែលមាន មុនពេលប្រកាសបើកយុទ្ធនាការ ចំនួន ៥៧,៦៨៩ និងសំណុំរឿងដែលចូលថ្មីរយៈពេល ៦ខែ ក្រោយពេល ប្រកាសបើកយុទ្ធនាការ ចំនួន ៦៣,៨៦៤» ។
ជាមួយគ្នានោះដែរ គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបាននេះ ដែលជាការបង្ហាញពីការយកចិត្តទុកដាក់ប្រកបដោយ ការទទួលខុសត្រូវខ្ពស់របស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជ ធានី ខេត្ត ទូទាំងប្រទេស ក្នុងការដោះស្រាយរឿងក្តីបានឆាប់រហ័សជូនប្រជាពលរដ្ឋ ។
អ្នកនាំពាក្យក៏បានឲ្យដឹងថា គណៈបញ្ជាការដឹកនាំយុទ្ធនាការបានប្រកាសទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋទាំងអស់ ដែលយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿង របស់ខ្លួនមានភាពមិនប្រក្រតី។ រយៈពេល ៦ខែ គិតចាប់តាំងពីពេលប្រកាស បើកយុទ្ធនាការ, ប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងមកកាន់លេខាធិការដ្ឋាននៃ គណៈបញ្ជាការដឹកនាំ យុទ្ធនាការមានចំនួនសរុប ១,៤៧៤បណ្តឹង ៕
ចែករំលែកព័តមាននេះ