ការនាំចេញសម្លៀកបំពាក់ស្បែកជើង និងទំនិញជាសម្ភារៈធ្វើដំណើររបស់កម្ពុជា បានចាប់ផ្តើមកម្រើកឡើងវិញ គួរឲ្យកត់សម្គាល់នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៤ ក្រោយពេលដែលធ្លាក់ចុះតាំងពីឆ្នាំ២០២២ ។
យោងតាមទិន្នន័យពាណិជ្ជកម្មដែលចេញផ្សាយ ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជាបានឲ្យដឹងថា ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញជាសម្ភារៈនៅឆមាសទី១ នៃឆ្នាំ២០២៤នេះ កើនឡើងដល់១៦,៨៩ភាគរយធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ជាមួយនឹងតម្លៃដែលមានប្រមាណជា៦,១៥ពាន់លានដុល្លារ ។
នេះ គឺជាលើកទី១ហើយ ដែលការនាំចេញសម្លៀកបំពាក់ស្បែកជើង និងទំនិញជាសម្ភារៈធ្វើដំណើររបស់កម្ពុជាកម្រើកឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះជាបន្តបន្ទាប់ អស់រយៈពេលជិត១៨ខែ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២ ដែលបណ្តាលឱ្យមានការបិទរោងចក្រ និងការបាត់បង់ការងារជាច្រើន ។
មកដល់ពេលនេះ សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញជាសម្ភារៈធ្វើដំណើររបស់កម្ពុជាដោយវិស័យនេះ កំពុងចិញ្ចឹមកម្មករ និងកម្មការនីប្រមាណជាជិត១លាននាក់ ។
នៅក្នុងឆមាសទី១ទំហំនៃការនាំចេញរបស់កម្ពុជាមានតម្លៃប្រមាណជា ១២,២៩ពាន់លានដុល្លារ ខណៈដែលទំហំនៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញជាសម្ភារៈធ្វើដំណើររបស់កម្ពុជា គឺមានតម្លៃដល់ទៅ ៦,១៥ពាន់លានដុល្លារ ៕
ចែករំលែកព័តមាននេះ