រាជរដ្ឋាភិបាលកម្ពុជាមានបំណងបង្កើនការប្រើប្រាស់យានយន្តអគ្គិសនី អោយបានដល់ជាង៧សែនគ្រឿង ដោយក្នុងនោះមានរថយន្តអគ្គិសនីឱ្យដល់ចំនួន៣០.០០០ គ្រឿងនៅឆ្នាំ២០៣០ ។ នេះបើតាមអ្វីដែលកំណត់ នៅក្នុងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ ។

តាមគោលនយោបាយនេះ រាជរដ្ឋាភិបាលបានកំណត់គោលដៅជំរុញការប្រើប្រាស់រថយន្តអគ្គិសនីជាលក្ខណៈឯកជនឲ្យបានចំនួន២៥.០០០គ្រឿង និងរថយន្តអាជីវកម្មចំនួន៥.០០០គ្រឿង ។ ហើយក្រៅពីនោះរាជរដ្ឋាភិបាលក៏ជំរុញការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនី៧២ម៉ឺនគ្រឿង និងត្រីចក្រយានយន្តអគ្គិសនី ចំនួនប្រមាណជា២ម៉ឺនគ្រឿងផងដែរ ។ សរុបទៅនៅក្រោមគោលនយោបាយនេះ កម្ពុជាមានមហិច្ឆិតាជំរុញការប្រើប្រាសយានយន្តអគ្គិសនីឲ្យបានរហូតដល់ទី៧៧ម៉ឺនគ្រឿង នៅក្នុងឆ្នាំ២០៣០ខាងមុខ ។
នេះគឺជាអ្វីដែលកំណត់នៅក្នុងគោលនយោបាយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយពលរដ្ឋកម្ពុជាហាក់មានទុទិដ្ឋិនិយមបន្តិច ពីព្រោះកម្ពុជានៅខ្វះហេដ្ឋារចនាសម្ព័ន្ធដែលនឹងជំរុញគោលដៅនេះឲ្យសម្រេចទៅបាន ។
លោក ទេស បញ្ញា ជាប្រជាពលេដ្ឋនៅរាជធានីភ្នំពេញបានឲ្យដឹង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ថា នេះ គឺជាគោលនយោបាយហើយជាគោលបំណង ប៉ុន្តែសាធារណៈជនទូទៅដោយរួមទាំងលោកនៅតែមិនទាន់ច្បាស់ ។ លោកបានបន្តថា «ខ្ញុំឭតែគេរអ៊ូរឿងអត់កន្លែងសាកអាគុយ ជាពិសេស គឺការធ្វើដំណើរទៅខេត្ត» ។ លោកបានបន្តថា ប្រសិនបើកម្ពុជាមានស្ថានីយសាកថ្មរហ័សនៅតាមបណ្តាញផ្លូវជាតិ កាន់តែច្រើននោះ បានអាចទៅរួច ប៉ុន្តែប្រសិនបើស្ថានភាពដូចជា បច្ចុប្បន្នមានត្រឹមជាង១០កន្លែងមិនអាចទេ ។
មកដល់ឆមាសទី១ នៃឆ្នាំ២០២៤ យានយន្តអគ្គិសនីបានចុះបញ្ជីផ្លូវការដោយក្រសួងសាធារណការ និងដឹកជញ្ជូន មានចំនួនសរុប២៩៦៨គ្រឿង ដោយក្នុងនោះរួមមាន ទោចក្រយានយន្តចំនួន៩១៤គ្រឿង ត្រីចក្រយានយន្តចំនួន ៤៤០គ្រឿង និងរថយន្តចំនួន១ ៦១៤គ្រឿង ៕
ចែករំលែកព័តមាននេះ