ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​សកម្មភាព​ជីក​ប្រឡាយ លូ និង​ស្ថា​នី​យ៏​បូមទឹក នៅ​តំបន់​ងាយ​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១១ កក្កដា​នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី​ពាក់​ព​ន្ធ័…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១១ កក្កដា​នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី​ពាក់​ព​ន្ធ័ ចុះ​ទៅ​ពិនិត្យ​មើល​ប្រឡាយ ស្ថា​នី​យ៏​បូមទឹក​បឹង​ទំពន់ ប្រឡាយ​ស្ថានីយ៍​លូ​ប្រាំ ជាមួយ​និង​ការ​ពិនិត្យ​វឌ្ឍនភាព នៃ​ការដ្ឋាន​ដាក់​លូ បុក​ស៊ី​ផាយ និង​ការ​ស្តារ​ប្រឡាយ​មេ ដែល​ស្ថិត​ក្នុង​គម្រោង​រំដោះ​ទឹក​លិច ដោយ​ជំនន់​ទឹកភ្លៀង ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ចំនួន​១៣​គម្រោង ដែល​បាន​និង​កំពុង​អនុវត្ត ។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ថា ៖ គម្រោង​សំដៅ​បញ្ចប់​បញ្ហា​ទឹក​ជន់​លិច​រាជធានី​ភ្នំពេញ តាម​អនុសាសន៍​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា ណែ​ត នាយក​រដ្ឋមន្ត្រី នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន​៥០​គម្រោង ហើយ​គម្រោង ដែល​កំពុង​អនុវត្ត មាន​១៣​គម្រោង ។

ក្នុង​ឱកាស​នោះ​ដែរ លោក ឃួ​ង ស្រេង ក៏​បាន​ណែនាំ​អោយ​លោក ឯក ឃុន​ដឿ​ន អភិបាលរង​រាជធានី​ភ្នំពេញ បញ្ចេញ​គ្រឿងចក្រ​ធ្វើការ​កាយ​ប្រឡាយ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ អោយ​បាន​ធំ​ទូលាយ និង​មិន​អនុញ្ញាត​អោយ​មានការ​កាយ​ដាក់​លូ​តូច​ៗ ខុស​ស្តង់ដា​បច្ចេកទេស​ឡើយ ដែល​វា​នឹង​នាំ​អោយ​ស្ទះ​ផ្លូវទឹក ដែល​បង្ក​អោយ​មានការ​លិចលង់ ដោយសារ​ជំនន់​ទឹកភ្លៀង ។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា គម្រោង​រំដោះ​ទឹក​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ មាន​ចំនួន​៥០​គម្រោង ហើយ​គម្រោង ដែល​ត្រូវ​អនុវត្ត​មាន​ចំនួន ២៣​គម្រោង​។ តែ​សម្រាប់​ពេល​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​អនុវត្ត ចំនួន​១៣​គម្រោង ។

លោក សាំ ពិសិដ្ឋ បាន​បន្ត​ថា ចំពោះ​គម្រោង​ទាំង​១៣​នេះ ជា​គម្រោង ដែល​បាន​និង​កំពុង​អនុវត្ត​ក្នុង​តំបន់​ងាយ​រង​គ្រោះ​ដោយ​ការ​លិចលង់​ជាងគេ ដែល​មាន​ដូច​ជា​តំបន់​ជុំវិញ​ស្ថានីយ៍​បូម​ទឹកលូ​ប្រាំ តំបន់​ជុំវិញ​ស្ថានីយ៍​បូមទឹក​បឹង​ទំពុន តំបន់​ជុំវិញ​ស្ថា​នី​បូមទឹក​បឹង​ត្របែក​ជាដើម ។

លោក សាំ ពិសិដ្ឋ បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ចំនួន​១៣​គម្រោង ដែល​បាន​និង​កំពុង​អនុវត្ត​នេះ ក៏​មាន​គម្រោង​ពង្រីក​ស្ថានីយ៍​បូមទឹក​ឲ្យ​បាន​ធំ​ជាង​មុន ដូច​ជា​នៅ​ស្ថានីយ៍​លូ​ប្រាំ និង​ស្ថានីយ៍​កប់​ស្រូវ គម្រោង​សាងសង់ សម្រង់​កាយ​សម្រាម​នៅ​បឹង​ត្របែក​។ សម្រាប់ ១៣​គម្រោង​នេះ គិត​មក​ដល់​ពេល​នេះ ការដ្ឋាន​អនុវត្ត​សម្រេច​បាន ៦.៥% ហើយ អាច​រំដោះ​ទឹក​ចេញពី​តំបន់​បឹង​ត្របែក បឹង​កេងកង ម៉ុង​ឌី​យ៉ា​ល់ ព្រ​លាន​យន្តហោះ បឹង​ទំពុន​និង​តំបន់​ផ្សារ​ដើម​គរ ។

គួរ​បញ្ជាក់​ថា ៖ រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​ដាក់​ចេញ នូវ​គោលបំណង​ប្រកបដោយ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ សំដៅ​បញ្ចប់​បញ្ហា​ទឹក​ជន់​លិច​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​៥​ឆ្នាំ ក្រោយ​បញ្ចប់​គម្រោង​នេះ រាជធានី​ភ្នំពេញ នឹង​លែង​លិចលង់ ជាមួយនឹង​ការ​សាទរ​ពី​ប្រជាពលរដ្ឋ​។ ចំណែក​គម្រោង​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដែល​ជា​គម្រោង​ប្រវត្តិសាស្ត្រ លើក​ដំបូង​នៅ​កម្ពុជា គម្រោង​នេះ ក៏​ជា​ផ្នែក​ដ៏​សំខាន់​មួយ ក្នុង​ការ​រំដោះ​ទឹកភ្លៀង​ចេញពី​រាជធានី​ភ្នំពេញ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ