ទីក្រុងតូក្យូ៖ ថ្មីៗនេះ ប្រភពព័ត៌មានធំៗដូចជាក្យូដូ (Kyodo), បាងកកប៉ុស្ដិ៍ (Bangkok Post) និងជប៉ុនថាមស៍ (Japan Times) បានចុះផ្សាយថាសមត្ថកិច្ចនៅប្រទេសជប៉ុនចាប់ខ្លួនជនជាតិវៀតណាមពីរនាក់ពីបទសង្ស័យលួចកង់ពីរគ្រឿងនៅទីក្រុងតូក្យូ។ នេះបើតាមអ្វីដែលសមត្ថកិច្ចខាងស៊ើបក្ដីប្រាប់ឱ្យដឹងនៅថ្ងៃព្រហស្បតិ៍។ ជប៉ុនជឿជាក់ថានេះជាផ្នែក១នៃគម្រោងការណ៍របស់ក្រុមដែលមានអង្គការចាត់តាំងជាខ្សែសង្វាក់ដែលបានលួចកង់ជប៉ុនយ៉ាងតិច៧០គ្រឿងនៅទូទាំងទីក្រុងតូក្យូ។

ជនសង្ស័យទាំង២នាក់នោះ ម្នាក់ឈ្មោះវូក្វាងវៀន (Vũ Quang Quyển) អាយុ៣៣ឆ្នាំ និងម្នាក់ទៀតឈ្មោះបួយសួយកុង (Bùi Duy Công) អាយុ៣១ឆ្នាំត្រូវចាប់ខ្លួនពីបទលួចកង់២គ្រឿងមានតម្លៃ៨ម៉ឺនយ៉េន ឬ៥រយដុល្លារអាមេរិក។ ក្រុមអ្នកស៊ើបក្ដីជឿជាក់ថាអ្នកទាំង២នេះបានចេញចូលប្រទេសជប៉ុនមិនមែនជាលើកទី១ទេ។ ពួកគេធ្លាប់ចេញចូលច្រើនដងហើយចាប់ពីខែតុលា ឆ្នាំ២០២៣រហូតមកដល់ពេលនេះ។

គោលបំណងធំរបស់ពួកគេមិនត្រូវការធ្វើអ្វីដែលប៉ះពាល់ជប៉ុនពេកទេ។ ពួកគេគ្រាន់តែចង់លួចកង់ជប៉ុន។ បន្ទាប់មក ពួកគេយកកង់ដែលលួចបានទៅរុះរើឱ្យក្លាយជាគ្រឿងកង់វិញដើម្បីងាយស្រួលបណ្ដោះចេញពីជប៉ុនទៅវៀតណាមក្រោមរូបភាពជាការទិញពីក្រៅប្រទេស។ នេះជាល្បិចកលដែលមិនអន់ពេកទេដែលភ្នាក់ងារគយនៅប្រទេសខ្លះគួរសិក្សារៀនសូត្រ។

ជនសង្ស័យទាំង២នាក់បាននិយាយសារភាពថាខ្លួនពិតជាបានលួចកង់ទាំងនោះមែន។ ពួកគេប្រាប់ថានៅវៀតណាម កង់ជប៉ុនកំពុងត្រូវប៉ាន់ណាស់ព្រោះជនជាតិវៀតណាមហ៊ានទិញក្នុងតម្លៃថ្លៃៗឱ្យតែជារបស់ជប៉ុនសុទ្ធ។ ម៉្យាងទៀត ចំណុចដែលពួកគេសុខចិត្តចំណាយលុយទិញសំបុត្រយន្តហោះឆ្លងដែនពីវៀតណាមទៅលួចកង់ដល់ជប៉ុនព្រោះនៅជប៉ុនដោយសារគេមិនសូវមានដៃមានជើងទេរឿងលួចរបស់ទ្រព្យអ្នកដទៃ។ ម៉្លោះហើយ ជនជាតិជប៉ុនច្រើនដាក់កង់ទុកចោលនៅតាមចំណតសាធារណៈ។ ដូច្នេះ ជនជាតិវៀតណាមទាំង២នាក់នេះសម្លឹងឃើញថាវាជាឱកាសរបស់ពួកគេ។

កង់ដែលពួកគេលួចបានទាំង២គ្រឿងនោះជាកម្មសិទ្ធិរបស់បុរសជនជាតិជប៉ុនវ័យ៣៤ឆ្នាំម្នាក់។ សកម្មភាពលួចនោះលួចនៅម៉ោង៤ជិតភ្លឺថ្ងៃទី២ ខែកក្កដា។ មានន័យថាបុរសនេះម្នាក់ឯងជិះកង់២គ្រឿង។ បុរសជាជនសង្ស័យ២នាក់នេះគ្មានមុខរបរពិតប្រាកដទេ។ ពួកគេស្នាក់នៅក្នុងការិយាល័យ១កន្លែងនៃសង្កាត់តូស៊ីម៉ា (Toshima) ទីក្រុងតូក្យូ។ ទីនេះត្រូវបានជួលដោយក្រុមហ៊ុនម៉ាឃីតធីងរបស់ជនជាតិវៀតណាមម្នាក់ទៀត។

នៅពេលលួចកង់បានហើយ ពួកគេយកទៅលាក់ទុកនៅក្នុងផ្ទះល្វែងដែលជួលដោយក្រុមហ៊ុនខាងលើ។ បន្ទាប់ពីសន្សំបានកង់ដែលលួចបានច្រើនគួរសម ពួកគេរុះរើគ្រឿងកង់ចេញដើម្បីងាយស្រួលដាក់នៅក្នុងកេស ឬឡាំង ស្រណុកបណ្ដោះចេញទៅវៀតណាម។ ក្រោយពេលជិះយន្តហោះទៅដល់វៀតណាមវិញ ពួកគេប្រកាសលក់កង់ទាំងនេះតាមអនឡាញ។

គិតទៅ ចាប់តាំងពីខែមករា ឆ្នាំ២០២៤រហូតមកដល់ពេលនេះ ពួកគេធ្វើដំណើរពីវៀតណាមចូលប្រទេសជប៉ុនជាងដប់ដង។ តាមពិត សមត្ថកិច្ចជប៉ុនមិនបានដៅតែទៅលើជនសង្ស័យទាំង២នាក់នេះទេ។ សមត្ថកិច្ចបើកការស៊ើបអង្កេតទៅលើករណីបាត់កង់ច្រើនពេកនៅតូក្យូរហូតដល់៧០គ្រឿងត្រឹមតែ១ប៉ប្រិចភ្នែក។ នៅពេលឆែកមើលកាមេរ៉ាសុវត្ថិភាព គេឃើញជនសង្ស័យទាំង២នាក់ស្ថិតនៅម្ដុំៗកន្លែងដែលបាត់កង់។ ក្រោយពេលហៅមកសាកសួរ ពួកគេក៏ឆ្លើយសារភាពតាមត្រង់៕

ចែករំលែកព័តមាននេះ