ទីក្រុងសេអ៊ូល៖ នាពេលឆាប់ៗនេះ កូរ៉េខាងត្បូងត្រៀមប្រើប្រាស់អាវុធកាំរស្មីឡាស៊ែរបាញ់ទម្លាក់យន្តហោះដ្រូនដែលបង្ហោះចេញពីកូរ៉េខាងជើងឆ្លងចូលព្រំដែនកូរ៉េខាងត្បូង។ មានន័យថាកូរ៉េខាងត្បូងជាប្រទេសទី១នៅលើពិភពលោកដែលត្រៀមប្រើប្រាស់អាវុធដ៏ទំនើបនេះដើម្បីបើកប្រតិបត្តិការនៅក្នុងវិស័យយោធា។ នេះបើយោងតាមទីភ្នាក់ងារលទ្ធកម្មខាងបរិក្ខារយោធានៃក្រសួងការពារជាតិបង្ហើបឱ្យដឹងនៅថ្ងៃព្រហស្បតិ៍។
កូរ៉េខាងត្បូងបានប្រសិទ្ធនាមយុទ្ធនាការប្រើប្រាស់អាវុធឡាស៊ែរនេះថាជា «កម្មវិធីសង្គ្រាមផ្កាយ»។ កូរ៉េខាងត្បូងអះអាងថាអាវុធស៊េរីទំនើបនេះមានលក្ខណៈល្អប្រសើរជាច្រើន។ ទី១-វាជាអាវុធផលិតរួមគ្នារវាងក្រសួងការពារជាតិ និងក្រុមហ៊ុនឯកជនហានវ៉ា (Hanwha) ដូច្នេះ មានតម្លៃថោកគួរសម បាញ់១គ្រាប់ចំណាយ២ពាន់វុន ឬ១,៤៥ដុល្លារ ហើយមានប្រសិទ្ធភាពខ្ពស់ណាស់ បាញ់មិនចេះឱ្យខុសទេ។ ទី២-អាវុធនេះអាចបើប្រតិបត្តិការស្ងាត់ៗ និងបំបាំងខ្លួនពីភ្នែករបស់ពួកបច្ចាមិត្ត។
យើងជាប្រទេសទី១នៅលើពិភពលោកដែលដាក់ឱ្យប្រើប្រាស់អាវុធឡាស៊ែរសម្រាប់បាញ់ទម្លាក់យន្តហោះដ្រូន។ កងទ័ពរបស់យើងនឹងខិតខំពង្រឹងកម្លាំងទប់ទល់នឹងការបង្កហេតុរបស់កូរ៉េខាងជើងដោយប្រើប្រាស់យន្តហោះដ្រូន។ កូរ៉េខាងត្បូងចាត់ទុកថាអាវុធថ្មីនេះអាចស៊ីសងគ្នាបាននៅក្នុងការប្រយុទ្ធគ្នាជាមួយបច្ចាមិត្តនាពេលអនាគត។ នៅពេលចេញប្រតិបត្តិការអាវុធនេះនឹងដុតបំផ្លាញម៉ាស៊ីនរបស់យន្តហោះដ្រូន និងប្រព័ន្ធអគ្គិសនីទាំងអស់ដោយបញ្ចញកាំរស្មីពី១០-២០វិនាទី។
បើនិយាយពីច្បាប់សង្គ្រាម ប្រទេសកូរ៉េទាំង២មិនទាន់បិទបញ្ចប់សង្គ្រាមដែលបន្សល់ទុកតាំងពីឆ្នាំ១៩៥៣នៅឡើយទេ។ មានន័យថាសង្គ្រាមកូរ៉េបានបិទបញ្ចប់ត្រឹមតែកិច្ចព្រមព្រៀងផ្អាកបាញ់គ្នាតែប៉ុណ្ណោះ។ ដូច្នេះហើយកាលពីខែធ្នូ ឆ្នាំ២០២៣ កូរ៉េខាងជើងបានបញ្ជូនយន្តហោះដ្រូន៥គ្រឿងហោះកាត់ព្រំដែនចូលទឹកដីកូរ៉េខាងត្បូង។ កាលនោះ កូរ៉េខាងត្បូងភ័យស្លន់ស្លោមិនតិចទេ និងបានបញ្ជូនយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿងដើម្បីត្រៀមចេញអន្តរាគមន៍បាញ់ទម្លាក់។
តាមពិត ប្រទេសកូរ៉េទាំង២ធ្លាប់បញ្ជូនយន្តហោះដ្រូនឆ្លងព្រំដែនគ្នាទៅវិញទៅមកដូចតែគ្នាទេ។ នេះបើយោងតាមការអះអាងដោយផ្ទាល់ពីប្រទេសអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់កូរ៉េខាងត្បូង។ សព្វថ្ងៃនេះ ប្រទេសខ្លះដូចជាកូរ៉េខាងត្បូង, ចិន និងអង់គ្លេសកំពុងតែប្រឡងប្រជែងគ្នាផលិត និងបំពាក់អាវុធឡាស៊ែរ។ អាវុធនេះពិតជាមិនឥតប្រយោជន៍ទេសម្រាប់បាញ់ទម្លាក់យានដែលគេបញ្ជូនមកពីចម្ងាយដោយគ្មានមនុស្សបើកបរ។ អាវុធនេះក៏ប្រើប្រាស់សម្រាប់បាញ់ទម្លាក់មីស៊ីល ឬផ្កាយរណបផងដែរ។ ខាងលើនេះជាការអះអាងរបស់ក្រុមរេន ខបផឺរេសិន (RAND Corporation) ជាក្រុមអ្នកវិភាគអំពីអាវុធ៕
ចែករំលែកព័តមាននេះ