ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដណ្តើមជើងឯកកម្រិតទ្វីប ៖ អេស្ប៉ាញ ប៉ះ អង់​គ្លេស ខណៈអាហ្សង់ទីន ជួប កូឡុំប៊ី

1 ឆ្នាំ មុន

បរទេស ៖ ការប្រកួតព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលអាល្លឺម៉ង់ធ្វើ

បរទេស ៖ ការប្រកួតព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះ ក៏ដូចជាព្រឹត្តការណ៍ជើងឯកទ្វីបអាមេរិកឆ្នាំ ២០២៤ ឬ CONMEBOL Copa America 2024 ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ បានរកឃើញក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្រដណ្តើមតំណែងជើងឯកជាផ្លូវការដូចគ្នា។

ការប្រកួតដណ្តើមតំណែងជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤
-អេស្ប៉ាញ ប៉ះ អង់គ្លេស នៅឯកីឡដ្ឋាន Olympiastadion Berlin នៅវេលាម៉ោង ០២:០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤

ក្រុមគោជល់អេស្ប៉ាញ ក្រោមការដឹកនាំរបស់លោក Luis de la Fuente បានទម្លាក់ក្រុមមាន់គកបារាំង ក្រោមការដឹកនាំរបស់លោក Didier Deschamps នៅត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តាមរយៈជ័យជម្នះលទ្ធផល ២-១ នៅឯកីឡដ្ឋាន Allianz Arena កាលពីម៉ោង ០២:០០ទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។ ខ្សែបម្រើប្រយុទ្ធ Lamine Yamal វ័យ១៦ឆ្នាំ ដែលជាកីឡាករវ័យក្មេងបំផុតនៅក្នុងប្រវត្តិសាស្រ្តជើងឯកអឺរ៉ុប និងខ្សែបម្រើប្រយុទ្ធ Dani Olmo អ្នកសម្រេចគ្រាប់បាល់ជ័យជម្នះសមា្រប់អេស្ប៉ាញ ខណៈដែល១គ្រាប់នាំមុខមុនរបស់បារាំងរកបានដោយខ្សែប្រយុទ្ធ Randal Kolo Muani។

ដោយឡែក ក្រុមតោកំណាចអង់គ្លេស ក្រោមការដឹកនាំរបស់លោក Gareth Southgate ដែលវគ្គកន្លងមកត្រដាសត្រដួសខ្លាំងជាងគេក្នុងនាមក្រុមខ្លាំងមួយដែរនោះ មិនបានធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេ ដោយបានយកឈ្នះក្រុមមច្ចុរាជព៌ណទឹកក្រូចហូឡង់ ក្រោមការដឹកនាំរបស់លោក Ronald Koeman នៅក្នុងការប្រកួតដ៏តានតឹងលទ្ធផល ២-១ នៅកីឡដ្ឋាន Signal Iduna Park កាលពីម៉ោង ០២:០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។ ហូឡង់បើកការនាំមុខមុនតាំងពីនាទី៧ ដោយខ្សែបម្រើប្រយុទ្ធ Xavi Simons មុនពេលអង់គ្លេសវាយបកយកឈ្នះវិញ ដែលសម្រេចបានដោយប្រធានក្រុម Harry Kane ដោយបាល់ប៉េណាល់ទីនៅនាទី១៨ និងខ្សែប្រយុទ្ធ Ollie Watkins នៅនាទី៩០។

ទាំងអេស្ប៉ាញ និងអង់គ្លេស បើឈ្នះជើងឯកនៅឆ្នាំនេះ សុទ្ធតែបង្កើតប្រវតិ្តសាស្ត្រថ្មី នៅជើងឯកទ្វីបអឺរ៉ុប។ អេស្ប៉ាញ នឹងបង្កើតកំណត់ត្រាថ្មី គឺជាក្រុមតែមួយគត់ឈ្នះជើងឯកទ្វីបអឺរ៉ុបច្រើនជាងគេ ដ្បិតបច្ចុប្បន្នកំពុងកាន់កាប់តំណែងមួយនេះ រួមជាមួយអាល្លឺម៉ង់ ដោយឈ្នះជើងឯកចំនួន៣សម័យកាលដូចគ្នា។ អេស្ប៉ាញបានឈ្នះនៅឆ្នាំ ១៩៦៤, ២០០៨ និង ២០១២ ចំណែកអាល្លឺម៉ង់បានឈ្នះនៅឆ្នាំ ១៩៧២, ១៩៨០ និង ១៩៩៦។

អង់គ្លេស បើទោះជាឈរក្នុងនាមជាក្រុមជម្រើសជាតិមានប្រជាប្រិយល្បីល្បាញខ្លាំងបំផុតមួយនៅលើពិភពលោកក៏ពិតមែន ប៉ុន្តែអង់គ្លេសមិនទាន់ស្គាល់រសជាតិឈ្នះជើងឯកអឺរ៉ុបនៅឡើយទេ និងរងជើងឯក១ដង នៅឆ្នាំ ២០២០។

ការប្រកួតដណ្តើមតំណែងជើងឯកទ្វីបអាមេរិកឆ្នាំ ២០២៤
-អាហ្សង់ទីន ប៉ះ កូឡុំប៊ី នៅកីឡដ្ឋាន Hard Rock វេលាម៉ោង ០៧:០០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤
ការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣ ទ្វីបអាមេរិកឆ្នាំ ២០២៤
-កាណាដា ប៉ះ អ៊ុយរ៉ាហ្គាយ នៅកីឡដ្ឋាន Bank of America វេលាម៉ោង ០៧:០០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤

ក្រុមពពកខៀវអាហ្សង់ទីន ក្រោមការដឹកនាំរបស់លោក Lionel Scaloni បានទម្លាក់កាណាដា ក្រោមការដឹកនាំរបស់លោក Jesse Marsch វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន MetLife លទ្ធផល ២-០ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។ ជ័យជម្នះអាហ្សង់ទីន សម្រេចបានដោយខ្សែប្រយុទ្ធ Julian Alvarez និងប្រធានក្រុម Lionel Messi ដែលជាគ្រាប់បាល់លើកដំបូងរបស់ខ្សែប្រយុទ្ធក្រុម Inter Miami វ័យ៣៧ឆ្នាំរូបនេះក្នុងព្រឹត្តិការណ៍ Copa America 2024។

ដោយឡែក ក្រុមថៅកែកាហ្វេកូឡុំប៊ី ក្រោមការដឹកនាំរបស់លោក Nestor Lorenzo បានយកឈ្នះលើក្រុមអ្នកប្រម៉ាញ់ទិសទក្សិណអ៊ុយរ៉ាហ្គាយ ក្រោមការដឹកនាំរបស់លោក Marcelo Bielsa ដោយលទ្ធផល ១-០ នៅឯកីឡដ្ឋាន Bank of America កាលព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។ ខ្សែបម្រើការពារ Jefferson Lerma គឺជាអ្នករកគ្រាប់បាល់បញ្ចូលទីជួយកូឡុំប៊ី ឡើងទៅវគ្គផ្តាច់ព្រ័ត្រ។

អាហ្សង់ទីនក្នុងនាមការពារតំណែងជើងឯក ត្រូវការឈ្នះជើងឯកឆ្នាំនេះចាំបាច់ ដើម្បីបង្កើតកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្រ គឺជាក្រុមតែមួយគត់ឈ្នះជើងឯកទ្វីបអាមេរិកច្រើនជាងគេ ដ្បិតបច្ចុប្បន្នកំពុងកាន់កាប់តំណែងនេះ រួមជាមួយអ៊ុយរ៉ាហ្គាយ ពោលគឺឈ្នះ១៥សម័យកាលដូចគ្នា។ អាហ្សង់ទីនឈ្នះនៅឆ្នាំ ១៩២១, ១៩២៥, ១៩២៧, ១៩២៩, ១៩៣៧, ១៩៤១, ១៩៤៥, ១៩៤៦, ១៩៤៧, ១៩៥៥, ១៩៥៧, ១៩៥៩, ១៩៩១, ១៩៩៣ និង ២០២១។ ចំណែកឯអ៊ុយរ៉ាហ្គាយឈ្នះនៅឆ្នាំ ១៩១៦, ១៩១៧, ១៩២០, ១៩២៣, ១៩២៤, ១៩២៦, ១៩៣៥, ១៩៤២, ១៩៥៦, ១៩៥៩, ១៩៦៧, ១៩៨៣, ១៩៨៧, ១៩៩៥ និង ២០១១។

ងាកមកកូឡុំប៊ីឯណេះវិញ ស្រេកឃ្លានការឈ្នះជើងឯកខ្លាំងបំផុត បន្ទាប់ពីខកខានអស់រយៈពេល២៣ឆ្នាំមកហើយ ដ្បិតពួកគេធ្លាប់ឈ្នះជើងឯក១ដងគត់ កាលពីឆ្នាំ ២០០១៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ