ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​លឿន​ដូច​ហោះ បុក​រះ​ម៉ូតូ​ហើយ​បុក​ចូល​ផ្ទះ របួសធ្ងន់​ស្រាល​៣​នាក់ នៅ​ស្រុក​កំពង់​រោ​ទ៌

3 ខែ មុន

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់ មាន​មុ​ស្ស​ប្រុស​ស្រី​០៣​នាក់ រង​របួសធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្ក​ដោយ​រថយន្ត​តា​កូ​ម៉ា បុក​រះ​ម៉ូតូ​១​គ្រឿង ហើយ​រេ​ចង្កូត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ រួច​ទៅ​បុក​របង​ថ្ម…

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់ មាន​មុ​ស្ស​ប្រុស​ស្រី​០៣​នាក់ រង​របួសធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្ក​ដោយ​រថយន្ត​តា​កូ​ម៉ា បុក​រះ​ម៉ូតូ​១​គ្រឿង ហើយ​រេ​ចង្កូត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ រួច​ទៅ​បុក​របង​ថ្ម ទើប​ទៅ​មុខ​លែង​រួច ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២៤ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​១៤២-១៤៣ ស្ថិត​នៅ​ភូមិ​ដើម​ពោធិ ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទ៌ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត ១​គ្រឿង ម៉ាក​តូ​យ៉ូ​តា តា​កូ​ម៉ា ពាក់​ស្លាក​លេខ​ស្វាយ​រៀង 2A-6626 បើកបរ​ដោយ​ឈ្មោះ ភោគ ចាន់ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ព្រៃ​ស្ទៀង ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទ៌ បាន​បើកបរ​យ៉ាង​លឿន​ដូច​ហោះ បាន​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ស្កុប​ពី ១​គ្រឿង ពាក់​ស្លាក​លេខ​ស្វាយ​រៀង​1U-6665 ដែល​កំពុង​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ឯម បុត្រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​វាល សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត រង​របួសស្រាល និង​អ្នក​រួម​ដំណើរ ឈ្មោះ គឹ​ម សកល ភេទ​ស្រី អាយុ​៥២​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ នៅ​ភូមិ​វាល​រង​របួសស្រាល ចំណែក​ម៉ូតូ​រង​កា​ខូចខាត​ធ្ងន់ធ្ងរ ។

សមត្ថកិច្ច​បាន​បន្ត​ថា ចំណែក​រថយន្ត​បាន​រេ​ចង្កូត ទៅ​បុក​ចូល​ផ្ទះ​អ្នកស្រុក ខណៈ​កំពុង​ជុំ​គ្នា​ពិសា​របាយ ចំនួន​០៤​នាក់ រត់​ចែក​ជើង​គ្នា ទាំង​ព្រលឹង​ចុង​សក់ បណ្តាល​ឲ្យ​ស្ត្រី​ជា​ម្ចាស់ផ្ទះ ឈ្មោះ សំ រតនា អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ដើម​ពោធិ ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទ៌ រង​របួសធ្ងន់ បាក់ដង​កាំបិត​ខាងឆ្វេង ត្រូវ​ក្រុម​គ្រួសារ​ហៅ​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដើម្បី​សង្គ្រោះ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​បង្ក​បុក​ម៉ូតូ​ហើយ​រេ​ចង្កូត បុក​រះ​ចូល​ផ្ទះ​អ្នកស្រុក​នោះ បណ្តាល​ឲ្យ​ខូចខាត តុ​បាយ ១​គ្រឿង ចានឆ្នាំង ម្ហូបអាហារ និង​សម្ភារៈ ក្នុងផ្ទះ​មួយ​ចំនួន​ទៀត​។ បន្ទាប់​ពី​រថយន្ត​បុក​ចូល​ក្នុងផ្ទះ​អ្នកស្រុក​ហើយ អ្នកបើកបរ​បាន​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ បន្សល់​ទុក​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ ដោយ​រថយន្ត​ខូចខាត​ផ្នែក​ខាង​មុខ​ធ្ងន់ធ្ងរ ។

ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួច មធ្យោបាយ​ទាំង​ពីរ (​រថយន្ត​និង​ម៉ូតូ​) ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ​ទាប ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ។

សមត្ថកិច្ច​សន្និដ្ឋាន​ថា មូលហេតុ​អ្នកបើកបរ​រថយន្ត បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​ប្រើប្រាស់​ល្បឿន​លឿន ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ