ខេត្តកំពត ៖ ផ្សិតដំបូកជាផ្សិតដ៏កម្រមួយប្រភេទ ហើយមនុស្សទាំងជំនាន់មុននិងជំនាន់ក្រោយនេះ ពុំសូវស្គាល់ផ្សិតនេះទេ ។ ប៉ុន្តែដោយសារតែបច្ចុប្បន្ននេះ ត្រូវបានគេស្រាវជ្រាវថា ផ្សិតដ៏កម្រប្រភេទនេះមានអត្ថប្រយោជន៍ច្រើនក្នុងការផ្សំជាឱសថព្យាបាលជំងឺច្រើនមុខ ប៉ុន្តែអ្នកផ្តល់ពត៌មាន និងជាអ្នករកផ្សិតនេះពុំបានដឹងច្បាស់ថា តើគេយកទៅផលិតជាឱសថព្យាបាលជំងឺអ្វីនោះទេ គ្រាន់តែដឹងពីអ្នកទទួលទិញប្រាប់ថា គេយកទៅផ្សំជាឱសថតែប៉ុណ្ណោះ ។
ប្រភពពីកសិករម្នាក់នៅភូមិអូតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដែលជាអ្នកទៅរកជីកផ្សិតនេះបានប្រាប់ភ្នាក់យើង កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ថា ផ្សិតដ៏កម្រនេះគាត់ទើបតែស្គាល់ពេលបច្ចុប្បន្ននេះដែរទេ ព្រោះពីមុនមករូបគាត់ក៏ពុំដែលឮចាស់ៗប្រាប់ថា មានផ្សិតដ៏កម្រនេះដែរ តាមពិតផ្សិតនេះវាអាចមានជាយូរមកហើយ តែដោយសារយើងមិនដឹងពីអត្ថប្រយោជន៍របស់វានិងពុំធ្លាប់ដែលស្គាល់ផងដែរ ។
ប្រភពពីកសិករដដែលឱ្យដឹងទៀតថា ក្រោយពីឮប្រភពតៗគ្នាថាមានផ្សិតដ៏កម្រឈ្មោះផ្សិតដំបូក ត្រូវមានឈ្មួញទទួលទិញ ហើយមានតម្លៃតាមប្រភេទរបស់វាផងដែរ គឺមាន៣ប្រភេទ៖ ប្រភេទទី១-ផ្សិតមានទំហំធំជាងមេដៃឡើង មួយគីឡូក្រាមតម្លៃ៣០ម៉ឺនរៀល។ ប្រភេទលេខ២-ផ្សិតដែលមានទំហំប៉ុនមេដៃស្មើ មួយគីឡូក្រាមតម្លៃ១០ទៅ១៥ម៉ឺនរៀល ។ ប្រភេទទី៣-មានទំហំតូចជាងមេដៃ ហើយរឹងប៉ុនកូនដៃមួយគីឡូក្រាមតម្លៃ១ម៉ឺនរៀល ។
ប្រភពដដែលបន្តទៀតថា ផ្សិតដំបូកនេះវាមានដុះតែក្នុងដំបូកតែប៉ុណ្ណោះ វាមិនដុះពាសវាលពាសកាលដូចផ្សិតដទៃនោះទេ វាដុះនៅតាមដីតំបន់ខ្ពង់រាបតាមជើងភ្នំនិងដី ដែលមានទីទួលហើយមានដុះដំបូក ពេលគេទៅរកជីកវាមុននិងជីក គេឃើញដំបូកហើយគេពិនិត្យរកមើលដើមវាដុះចេញពីដំបូកប៉ុនៗជើងធូបលុះឃើញដើមវាដុះចេញពីដំបូកហើយទើបគេជីក ដំបូកមួយៗដែលមានដុះផ្សិតនេះគឺមានថ្លាងកណ្តៀរ ហើយផ្សិតនេះក្នុងថ្លាងកណ្តៀរនេះតែម្តង ។
ប្រភពបន្តថា មានដំបូកខ្លះត្រូវហេងមកជីកប៉ះផ្សិតប្រភេទលេខ១មួយដំបូកមួយគីឡូក្រាមក៏មាន រីឯដំបូកខ្លះជីកបានផ្សិតគ្រប់ប្រភេទតែ២ ទៅ៣ខាំក៏មានមិនទៀងទេ ការរកទទួលទានមុខរបរដូចផ្សងព្រេងនេះជួនក៏បាន ជួនក៏អត់ក៏មាន ៕
ចែករំលែកព័តមាននេះ