(អាមេរិក)៖ ក្មេងប្រុសអាយុ ២ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត ក្រោយទាញកាំភ្លើងលេង កេះកៃបាញ់ចំខ្លួនឯងនៅក្នុង ចំណតរថយន្ត Walmart ខណៈពេលដែលឪពុកម្តាយចតឡានរួចចេញក្រៅទិញកាំជ្រួចនៅក្បែរនោះ។ ហេតុការណ៍នេះបានកើតឡើងនៅមុខហាងទំនិញ Walmart ក្រុង Douglas រដ្ឋ Georgia សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤។

សាក្សីបានប្រាប់ប៉ូលិសថា ឪពុកម្តាយរបស់ Nakyzi (ឈ្មោះក្មេងប្រុសរងគ្រោះ) បានឮស្នូរកាំភ្លើង ហើយបានរត់ត្រឡប់ទៅរថយន្តវិញភ្លាមៗ។ ហើយបានរកឃើញថា កូនរបស់ខ្លួននោះបានលេងកាំភ្លើង ហើយបានបាញ់ចំទ្រូង។
Nakyzi ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យហើយបន្ទាប់មកផ្ទេរទៅមជ្ឈមណ្ឌលព្យាបាលនៅ Jacksonville រដ្ឋ Florida ។ បីថ្ងៃក្រោយមក ក្មេងប្រុសនោះបានស្លាប់ដោយសាររបួសធ្ងន់។


មេប៉ូលិសក្រុង Douglas លោក Brannen Pruette បាននិយាយថាហេតុការណ៍នេះស្ថិតនៅក្រោមការស៊ើបអង្កេត លោកបានបន្តថា ៖ «អាជ្ញាធរកំពុងបន្តស៊ើបអង្កេតដើម្បីបញ្ជាក់ពីស្ថានភាពនៃឧបទ្ទវហេតុនេះ។» សាក្សីបាននិយាយថា នៅពេលមានគ្រោះថ្នាក់បានកើតឡើង កុមារ Nakyzi កំពុងអង្គុយនៅកៅអីខាងមុខនៃរថយន្ត ហើយកាំភ្លើងអាចនៅជាប់នឹងទ្វារ។ ចំណែកឪពុកម្តាយរបស់ក្មេងប្រុស មិនទាន់ប្រឈមមុខនឹងការចោទប្រកាន់ណាមួយទេបន្ទាប់ពីឧបទ្ទវហេតុនេះ៕ ប្រភព៖ https://www.msn.com/en-sg/news/other/toddler-2-dies-after-accidentally-shooting-himself-in-the-chest/ar-BB1pFmsL?ocid=BingNewsSerp
ចែករំលែកព័តមាននេះ