រាជធានីភ្នំពេញ ៖ កូនប្រុសតែមួយគត់ដែលស្នងអាជីពចាប៉ីដងវែងពីព្រឹទ្ធាចារ្យ គង់ ណៃ បានស្នើសុំទៅកាន់ប្រមុខរាជរដ្ឋាភិបាល ដើម្បីបានក្របខណ្ឌរដ្ឋណាមួយដូចឪពុករបស់លោក ក្នុងពេលដែលបច្ចុប្បន្នលោកកំពុងតែខិតខំបន្តអាជីពសិល្បៈបុរាណមួយនេះ បើទោះបីជាបាត់បង់ឪពុកក៏ដោយ ។

លោក គង់ បុរាណ គឺជាកូនប្រុសតែមួយគត់ក្នុងចំណោមកូន១០នាក់របស់លោកព្រឹទ្ធាចារ្យ គង់ ណៃ បានលើកឡើងតាមរយៈសំណេរបង្ហោះលើបណ្តាញសង្គមថា «ខ្ញុំបាទឈ្មោះ គង់ បុរាណ កូនប្រុសតែម្នាក់គត់ក្នុងចំណោមបងប្អូន១០នាក់ ដែលបានបន្តវេនចាប៉ីពីលោកឪពុក គង់ ណៃ តែសព្វថ្ងៃខ្ញុំមិនទាន់មានក្របខណ្ឌរដ្ឋនៅឡើយទេ ខ្ញុំចង់បានក្របខណ្ឌរដ្ឋមួយកន្លែងដើម្បីជួយបំរើរដ្ឋដូចពុកខ្ញុំនិងជីវភាពសម្រាប់ថ្ងៃខាងមុខ ។

ដោយបន្ថែមពីលើអ្វីដែលលោកបានបង្ហោះខាងលើនេះ លោក គង់ បុរាណ បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា ការដែលលោកដាច់ចិត្តស្នើសុំនេះ ដោយសារបច្ចុប្បន្នលោកនៅមិនទាន់មានក្របខណ្ឌរដ្ឋណាមួយនៅឡើយទេ ក្នុងពេលដែលឪពុករបស់លោកធ្លាប់ជាវីរៈ
សិល្បករមួយរូប ហើយពេលដែលបាត់បង់ឪពុកនោះ រូបលោកដែលជាកូនបន្តវេនចាប៉ីពីឪពុកក៏ចង់បានក្របខណ្ឌរដ្ឋបន្តពីឪពុកលោកផងដែរ ។

លោកបន្តថា ប្រសិនបើលោកអាចមានក្របខណ្ឌរដ្ឋណាមួយគឺអាចឲ្យកេរ្តិ៍ឈ្មោះរបស់លោកមានភាពសុះសាយពីសិល្បៈចាប៉ី និងអាចឲ្យមហាជនបានដឹងថា លោក គង់ ណៃ ក៏មានកូនប្រុសម្នាក់ដែលអាចបន្តវេនចាប៉ីដងវែងពីឪពុកផងដែរ ។

លោកបញ្ជាក់ថា ក្នុងចំណោមកូនទាំងអស់របស់លោកឪពុក គង់ ណៃ នោះគឺមិនមានកូនណាម្នាក់ទទួលបានក្របខណ្ឌរដ្ឋឡើយ ហេតុនេះប្រសិនបើលោកអាចទទួលបានក្របខណ្ឌរដ្ឋនោះគឺជារឿងប្រសើរនៅក្នុងការជួយទំនុកបម្រុងគ្រួសារ ជាពិសេសនោះគឺចិញ្ចឹមម្តាយ (ភរិយាលោកតា គង់ ណៃ) ដែលកំពុងមានភាពចាស់ជរាផងនោះ។

បើតាមលោក គង់ បុរាណ កន្លងមកឪពុករបស់លោកទទួលបានប្រាក់បៀវត្សរ៍ពីក្រសួងវប្បធម៌ និងអង្គការសិល្បៈខ្មែរអមតៈ ដែលឪពុកលោកធ្លាប់បង្ហាត់បង្រៀនដោយ១ខែចំនួន១០០ដុល្លារ ជាពិសេសនោះ គឺការជួយចិញ្ចឹមពីសម្តេចតេជោក្នុងមួយខែ១០០ដុល្លារ ដោយប្រាក់នេះគឺមួយឆ្នាំបានបើកម្តង ។

ពាក់ព័ន្ធអាជីពចាប៉ីដងវែងនេះ លោក គង់ បុរាណ បានលើកឡើងថា ការដែលលោកបានចាប់អាជីពចាប៉ីដងវែងនោះ គឺក្នុងគោលបំណងចង់បន្តអាជីពសិល្បៈបុរាណមួយនេះពីឪពុកលោក ព្រោះយល់ថា ក្រោយអត់ពីឪពុកលោកក៏មានលោកជាអ្នកបន្តវេនម្នាក់ផងដែរ ។ ដូចនេះ សិល្បៈចាប៉ីនេះ លោកមិនមានគោលបំណងបោះបង់ចោលនោះឡើយ បើទោះបីជាអត់ពីឪពុកក៏ដោយ ហើយជាងនេះទៅទៀតលោកក៏នឹងបន្តបង្ហាត់បង្រៀនបន្តដល់កូនៗរបស់លោកថែមទៀត ។

លោកបញ្ជាក់ថា ក្រោយពីបាត់បង់ឪពុក គង់ ណៃ លោកក៏នឹងព្យាយាមហាត់បន្ថែមទៀតពីឪពុកលោកតាមរយៈយូធូបដែលមាន ខណៈពេលដែលកន្លងមក លោកបានទទួលការបង្ហាត់បង្រៀនពីឪពុកបានច្រើនដែរ គ្រាន់តែការច្រៀងនៃការពុតសម្លេងដូចឪពុកលោកនោះ គឺនៅមិនទាន់ដូច
ឪពុកនៅឡើយទេ ៕


ចែករំលែកព័តមាននេះ