ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Toyota គ្រោង​នឹង​បើក​សាលា​បណ្ដុះបណ្ដាល​ជំនាញ​យានយន្ត (Toyota Academy) នៅ​កម្ពុជា

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​នៃ​ជំនួប លោក Fujita Ryoji នាយក​ក្រុមហ៊ុន Toyota Tsusho Manufacturing…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​នៃ​ជំនួប លោក Fujita Ryoji នាយក​ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ជូន​ចំពោះ​សម្តេច​ធិ​បតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាត​ឱ្យ​រូប​លោក និង​គណៈប្រតិភូ ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ ។

លោកនាយក​ក្រុមហ៊ុន ក៏​បាន​គោរព​រាយការណ៍​ជូន​សម្ដេច​ធិ​បតី​អំពី​វឌ្ឍនភាព និង​ដំណើរការ​អាជីវកម្ម​របស់​រោងចក្រ​ដំឡើងរថយន្ត​របស់​ក្រុមហ៊ុន​តូ​យ៉ូ​តា​នៅ​កម្ពុជា បន្ទាប់​ពី​ការ​សម្ពោធ​ជា​ផ្លូវការ​ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ធិ​បតី កាលពី​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៤​ ។

បន្ថែម​លើ​នេះ លោកនាយក​ក្រុមហ៊ុន ក៏​បាន​គោរព​ជម្រាប​ជូន​សម្ដេច​ធិ​បតី អំពី​គំនិត​ផ្ដួចផ្ដើម​របស់​ក្រុមហ៊ុន​តូ​យ៉ូ​តា​ក្នុង​ការ​បង្កើត​សាលា​បណ្ដុះបណ្ដាល​ជំនាញ​យានយន្ត (Toyota Academy)​ នៅ​ព្រះ​ជា​ណា​ចក្រ​កម្ពុជា ស្រប​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ធិ​បតី​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ កន្លង​មកនេះ និង​គោរព​ស្នើ​សុំ​អនុសាសន៍​ណែនាំ​ពី​សម្ដេច​ធិ​បតី​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​បង្កើត​សាលា​បណ្ដុះបណ្ដាល​ជំនាញ​យានយន្ត​ ។

ជា​ការ​ឆ្លើយ​តប សម្តេច​ធិ​បតី បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ចំពោះ​លោក Fujita Ryoji និង​គណៈប្រតិភូ ព្រមទាំង​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​រីក​ចម្រើន ​នៃ​ក្រុមហ៊ុន​តូ​យ៉ូ​តា​ ។

​ទន្ទឹម​នោះ សម្ដេច​ធិ​បតី ក៏​បាន​សម្ដែង​នូវ​ការ​គាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម របស់​ក្រុមហ៊ុន​លើ​ការ​បង្កើត​សាលា​បណ្ដុះបណ្ដាល​ជំនាញ​យានយន្ត​នៅ​កម្ពុជា ដោយ​សម្ដេច​ធិ​បតី បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយនឹង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​ពិភាក្សា​លម្អិត​អំពី​ការ​រៀបចំ​បង្កើត​សាលា និង​ការ​កំណត់​ម៉ូ​ដែល​អាជីវកម្ម​ ។

ព្រម​ជាមួយ​គ្នា​នេះ សម្ដេច​ធិ​បតី ក៏​បាន​ផ្ដល់​អនុសាសន៍​ដល់​ក្រុមហ៊ុន​ក្នុង​ការ​រៀបចំ​បង្កើត​សាលា​បណ្តុះបណ្តាល​នេះ​ ជា​២​ជម្រើស ​៖ (១)​ក្រុមហ៊ុន​អាច​រៀបចំ​បង្កើត​សាលា​បណ្ដុះបណ្ដាល ដោយ​ក្រុមហ៊ុន​ផ្ទាល់​តែ​ម្តង និង​(២) ជា​ទម្រង់​កូនកាត់ (Hybrid) ដោយ​សហការ​ជាមួយនឹង​សាលា​បណ្តុះបណ្តាល​របស់​រាជរដ្ឋាភិបាល​ ដែល​មាន​ស្រាប់ តាម​រយៈ​កិច្ចសហការ​ជាមួយនឹង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ។

បន្ថែម​លើ​នេះ សម្ដេច​ធិ​បតី ក៏​បាន​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន ពិនិត្យ​លទ្ធភាព​ក្នុង​ការ​រៀប​ចំការ​បណ្តុះបណ្តាល​នេះ​ឱ្យ​មាន​លក្ខណៈ​ទូលំទូលាយ ដោយ​មិន​ត្រឹមតែ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​សម្រាប់​តែ​បម្រើ​ការ​ក្នុង​ក្រុមហ៊ុន​តូ​យ៉ូ​តា ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​ពង្រីក​វិសាលភាព​នៃ​ការ​បណ្ដុះបណ្ដាល​ដល់​យុវជន​កម្ពុជា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ ​នៃ​ទីផ្សា​ការងារ​ផ្នែក​យានយន្ត ទាំង​ក្នុង និង​ក្រៅប្រទេស នា​ពេល​អនាគត​ ។

មុន​នឹង​បញ្ចប់ សម្ដេច​ធិ​បតី ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន Toyota Group ពិនិត្យ​លទ្ធភាព​លើ​ចំណុច​សំខាន់​ចំនួន ២ ដែល​រួម​មាន​ ៖ (១) ពិនិត្យ​លទ្ធភាព និង​ពិចារណា ក្នុង​ការ​ផលិត​គ្រឿងបន្លាស់ (Spare parts) របស់​ក្រុមហ៊ុន​តូ​យ៉ូ​តា ដែល​មិន​ត្រឹមតែ​សម្រាប់​ការ​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន​តូ​យ៉ូ​តា​នៅ​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន​តូ​យ៉ូ​តា នៅ​តាម​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត និង (២) ពិនិត្យ​លទ្ធភាព និង​ពិចារណា​លើ​ការ​ភ្ជាប់​កិច្ចសហការ​ជាមួយនឹង​បណ្ដា​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​អាច​ផ្គត់ផ្គង់​ជា​សម្ភារ​បរិក្ខារ​បន្ទាប់បន្សំ (Accessories) បំពាក់​លើ​រថយន្ត​តូ​យ៉ូ​តា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ