ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុម​ហ៊ុន​បូអ៊ីង​សារ​ភាព​ទោស​កំហុស​នៅ​ក្នុង​ការ​ធ្លាក់​យន្ត​ហោះ​២​គ្រឿង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន

5 ខែ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ក្រុម​ហ៊ុន​បូអ៊ីង​នៅ​សុខ​ៗ​អស់​លុយ​២៥០០​លាន​ដុល្លារ​​ដោយ​សារ​ការ​​​ធ្លាក់​យន្ត​ហោះ​កាល​ពី​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩​​​នៅអេត្យូពី និង​​ឥណ្ឌូណេស៊ី​ ​​ស្លាប់​មនុស្ស​៣៤៦​នាក់​។ គណៈ​កម្ម​ការ​ស៊ើប​អង្កេត​រក​ឃើញ​ថា​គ្រោះ​ថ្នាក់​ទាំង​២​ករណី​ទៅ​លើ​យន្ត​ហោះ​​បូអ៊ីង​៧៣៧​ម៉ាក​ (Boeing 737 Max) បណ្ដាល​មក​ពី​បញ្ហា​បច្ចេក​ទេស​របស់​ក្រុម​ហ៊ុន​ផ្ទាល់​តែ​ម្ដង​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ក្រុម​ហ៊ុន​បូអ៊ីង​នៅ​សុខ​ៗ​អស់​លុយ​២៥០០​លាន​ដុល្លារ​​ដោយ​សារ​ការ​​​ធ្លាក់​យន្ត​ហោះ​កាល​ពី​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩​​​នៅអេត្យូពី និង​​ឥណ្ឌូណេស៊ី​ ​​ស្លាប់​មនុស្ស​៣៤៦​នាក់​។ គណៈ​កម្ម​ការ​ស៊ើប​អង្កេត​រក​ឃើញ​ថា​គ្រោះ​ថ្នាក់​ទាំង​២​ករណី​ទៅ​លើ​យន្ត​ហោះ​​បូអ៊ីង​៧៣៧​ម៉ាក​ (Boeing 737 Max) បណ្ដាល​មក​ពី​បញ្ហា​បច្ចេក​ទេស​របស់​ក្រុម​ហ៊ុន​ផ្ទាល់​តែ​ម្ដង​។

យន្ត​ហោះ​ទាំង​២​គ្រឿង​កំពុង​ហោះ​ហើរ​កណ្ដាល​អាកាស​សុខ​ៗ​ស្រាប់​តែ​គាំង​ម៉ាស៊ីន​ទាំង​ស្រុង​។ ទោះ​បី​អាកាស​យានិក​ខិត​ខំ​កែ​សម្រួល​ស្ថាន​ការណ៍​យ៉ាង​ណា​ក៏​ជា​ការ​ឥត​ប្រយោជន៍​។ ដូច្នេះ​ ​បូអ៊ីង​​​​សូម​ទទួល​ស្គាល់​កំហុស​គ្រប់​យ៉ាង​​ និង​យល់​ព្រម​ផ្ដល់​ប្រាក់​សំណង​ទៅ​តាម​ការ​ទាម​ទារ​របស់​រដ្ឋ​អាជ្ញា​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​យុត្តិ​ធម៌​អាមេរិក​។

មុន​នឹង​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​នេះ បូអ៊ីង​បាន​តស៊ូ​តាម​ផ្លូវ​ច្បាប់​អស់​ជា​ច្រើន​ខែ​មក​ហើយ​ ហើយ​ព្យាយាម​រា​រាំង​មិន​ឱ្យ​រដ្ឋ​អាជ្ញា​យក​រឿង​នេះ​ទៅ​ដល់​ដៃ​តុលាការ​។ ប៉ុន្តែ​រដ្ឋ​អាជ្ញាធរ​ដាក់​លក្ខ​ខណ្ឌ​​ឱ្យ​បូអ៊ីង​ត្រូវ​តែ​ទទួល​ស្គាល់​ទោស​កំហុស​របស់​ខ្លួន​​ និង​យល់​ព្រម​ផ្ដល់​ប្រាក់​សំណង​។ ពុំ​ដូច្នោះទេ​ រដ្ឋ​អាជ្ញា​នឹង​ប្ដឹង​ក្រុម​ហ៊ុន​បូអ៊ីង​ទៅ​តុលាការ​​ដែល​អាច​នឹង​មាន​រឿង​កាន់​តែ​ធំ​​។​

យោង​តាម​កិច្ច​ព្រម​ព្រៀង​នេះ បូអ៊ីង​យល់​ព្រម​​​​បង់​ប្រាក់​ពិន័យ​២៤៣​​លាន​ដុល្លារ​, យល់​ព្រម​បញ្ចេញ​សាច់​ប្រាក់​៤៥៥​លាន​ដុល្លារ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុវត្ថិ​ភាព​នៅ​ក្នុង​យន្ត​ហោះ​​​, យល់​ព្រម​បញ្ជូន​គណៈ​កម្ម​ការ​នាយក​របស់​ក្រុម​ហ៊ុន​ដើម្បី​ជួប​​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ និង​​ផ្ដល់​ប្រាក់​សំណង​៥០០​លាន​ដុល្លារ​ទៅ​ពួក​គេ​​ រួម​ទាំង​ថ្លៃ​ចំណាយ​​ផ្សេង​ៗ​​​សរុប​២៥០០​លាន​ដុល្លារ​​។

​កាល​ពី​ខែ​​ឧសភា ឆ្នាំ​២០២៤ ក្រសួង​យុត្តិ​ធម៌​អាមេរិក​រក​ឃើញ​ថា​ក្រុ​មហ៊ុន​បូអ៊ីង​​​បាន​ធ្វើ​ខុស​ពី​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​២០២១​​។ ដូច្នេះ រដ្ឋ​អាជ្ញាធរ​ត្រូវ​តែ​ចាប់​បង្ខំ​ឱ្យ​បូអ៊ីង​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​។ ទោះ​បី​គ្មាន​ការ​ប្ដឹង​ផ្ដល់​ទៅ​តុលាការ ប៉ុន្តែ​បូអ៊ីង​ចាប់​ផ្ដើម​ស្អុយ​ឈ្មោះ​ជា​បណ្ដើរ​ៗ​ហើយ​តាម​រយៈ​ការ​ទទួល​ស្គាល់​ទោស​កំហុស​ជា​លាយ​លក្ខណ៍​អក្ស​​។ ​ដូច្នេះ បូអ៊ីង​ក្លាយ​ជា​ពិរុទ្ធ​ជន​រួច​ជា​ស្រេច​។ ទៅ​ថ្ងៃ​មុខ បូអ៊ីង​អាច​នឹង​មាន​បញ្ហា​នៅ​ក្នុង​ការ​លក់​ចេញ​ផលិត​ផល​របស់​ខ្លួន​ទៅ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​។

​នៅ​ក្នុង​ចំណោម​ទឹក​ប្រាក់​៧៨​ពាន់​លាន​ដុល្លារ​បាន​​មក​ពី​ការ​លក់​ចេញ​​របស់​បូអ៊ីង​កាល​ពី​ឆ្នាំមុន, ​៣២%​បាន​មក​ពី​ការ​លក់​សេវា ឬ​ផលិត​ផល​ផ្នែក​ការ​ពារ​ជាតិ អវកាស​ និង​សន្តិ​សុខ​ជាតិ​ទៅ​ឱ្យ​រដ្ឋា​ភិបាល​អាមេរិក​។​ ដូច្នេះ ទៅ​ថ្ងៃ​មុខ ទឹក​លុយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដែល​បូអ៊ីង​អាច​នឹង​ទទួល​បាន​វា​បែរ​ជា​របូត​ពី​ដៃ​របស់​ពួក​គេ​ទៅ​វិ​ញ។ បូអ៊ីង​​​​រ៉ាយ​រ៉ាប់​​​នៅ​ក្នុង​សេច​ក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា​​ខ្លួន​បាន​សម្រុះ​សម្រួល​គ្នា​​​ជា​មួយ​ក្រសួង​យុត្តិ​ធម៌ និង​​ឈាន​ដល់​​កិច្ច​ព្រម​ព្រៀង​​បញ្ចប់​បញ្ហា​​គ្រប់​យ៉ាង​​។​

​តាម​ពិត​ កិច្ច​ព្រម​ព្រៀង​ឆ្នាំ​២០២១​នោះ​​នៅ​សល់​២​ថ្ងៃ​ទៀត​ត្រូវ​ហួស​សុពល​ភាព​​បាត់​ទៅ​ហើយ​។ ប៉ុន្តែ​ចៃ​ដន្យ​អី​ យន្ត​ហោះ​​​​ម៉ាក​៧៣៧​ម៉ាក​៩ (737 Max 9) របស់​ក្រុម​ហ៊ុន​​អាឡាស់​ស្កា​អ៊ែរឡាញ (Alaska Airlines) ជួប​នឹង​ហេតុ​ការណ៍​របើក​ទ្វារ​ធ្លាក់​មក​ក្រោម​នៅ​ពេល​កំពុង​ហោះ​ហើរ​នៅ​លើ​អាកាស​​​​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២៤​។ ថ្វី​ដ្បិត​គ្មាន​មនុស្ស​ស្លាប់​ ប៉ុន្តែ​​​​វា​ជា​ការ​បន្ថែម​បន្ទុក​កាន់​តែ​ធ្ងន់​​​ទៅ​លើ​បូអ៊ីង​។ វាធ្វើ​ឱ្យ​មតិ​សា​ធារណៈ​ដក​សេចក្ដី​ទុក​ចិត្ត​ និង​ព្រួយ​បារម្ភ​អំពី​​បញ្ហា​សុវត្ថិ​ភាព​។​​​

យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​អាឡាស់​ស្កា​ អ៊ែរឡាញ (Alaska Airlines) របើក​ទ្វារ​ម្ខាង​។ នេះ​ក៏​ជា​ផលិត​ផល​របស់​ក្រុម​ហ៊ុន​បូអ៊ីង​ផង​ដែរ​។

ទោះបី​​បូអ៊ីង​យល់​ព្រម​បង់​លុយ​២៥០០​លាន​ដុល្លារ​​ក៏​ដោយ​ ក៏​បញ្ហា​មិន​ទាន់​បញ្ចប់​​​​ត្រឹម​ហ្នឹ​ងទេ​។ កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​តែ​ឆ្លង​កាត់​ការ​អនុ​ម័ត​យល់​ព្រម​ពី​ចៅ​ក្រុម​សហ​ព័ន្ធ​មួយ​ដំណាក់​កាល​ទៀត​។ ឥឡូវ​នេះ លោក​ប៉ូល ខាស់​សែល (Paul Cassell) ​​ជា​មេ​ធាវី​តំណាង​ឱ្យ​ជន​រង​គ្រោះ​​​គ្រោង​ដាក់​ពាក្យ​​​ស្នើ​សុំ​ឱ្យ​ចៅ​ក្រម​​បដិសេធ​កិច្ច​ព្រម​ព្រៀង​រវាង​បូអ៊ីង និង​រដ្ឋ​អាជ្ញា​។ មេធាវី​​ចង់ស្នើ​សុំ​​ឱ្យ​តុលាការ​យក​សំណុំ​រឿង​នេះ​មក​ជំនុំ​ជម្រះ​ជា​សា​ធារណៈ​​ដើម្បី​លាត​ត្រដាង​ការ​ពិត​​ឱ្យ​បាន​ដឹង​ទាំង​អស់​គ្នា​​៕​​

លោក​ប៉ូល ខាស់​សែល (Paul Cassell) ជា​មេធាវី​តំណាង​ឱ្យ​ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុ​ការណ៍​ធ្លាក់​យន្ត​ហោះ​របស់​បូអ៊ីង​៧៣៧​ម៉ាក (Boeing 737 Max)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ