ខេត្តបាត់ដំបង ៖ កាំភ្លើងធុនធ្ងន់(គ្រាប់ឡង់)ចំនួន០៦គ្រាប់ ត្រូវបានអ្នកបង់សំណាញ់ បង់ជាប់អូសឡើងពីក្នុងអណ្ដូងមួយកន្លែង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី ០៧ កក្កដា នៅចំណុចភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ធ្វើឲ្យអ្នកបង់សំណាញ់ភ័យព្រលឹងចុងសក់។
លោកយ៉ុត តុងហូ អធិការស្រុកសង្កែបានប្រាប់ថា គ្រាប់កាំភ្លើងទាំង០៦គ្រាប់នោះ ត្រូវអ្នកភូមិបង់សំណាញ់ តែមិនជាប់ត្រី បែរជាប់គ្រាប់កាំភ្លើងអូសឡើងពីក្នុងអណ្ដូងមួយកន្លែង។ លោកថា អ្នកបង់សំណាញ់នោះមិនបានចុះរាវក្នុងទឹកទេ តែគាត់បានបង់ជាប់គ្រាប់ ហើយអូសឡើងពីក្នុងអណ្ដូងជាបន្តបន្ទាប់ចំនួន០៦គ្រាប់ តែពុំនរណាបានដឹងពីប្រវត្តិគ្រាប់ដែលនៅក្នុងទឹកនោះទេ។
ក្រោយពីបង់សំណាញ់ជាប់គ្រាប់កាំភ្លើងបែបនេះ គាត់ក៏បានរាយការណ៍មន្ត្រីមូលដ្ឋានភ្លាមៗដែរ។ មន្ត្រីជំនាញអង្គភាពកំចាត់មីន«ស៊ីម៉ាក់» បានចុះទៅកាន់ទីនោះភ្លាមៗដែរ ក្រោយពីទទូលបានព័ត៏មាននេះ ដើម្បីពិនិត្យនិងរាវរកបន្ថែម។ បើតាមមន្ត្រីជំនាញ គ្រាប់កាំភ្លើងនោះជាប្រភេទគ្រាប់«ឡង់» ដែលមានស្ថានភាពច្រេះចាប់ខ្លះៗទៅហើយ។
ប៉ុន្តែគេមិនបានដឹងពីប្រវត្តិ នៃគ្រាប់នេះទេថា តើវាកប់នៅក្នុងទឹកនោះយូរហើយ ឬ មានគេយកពីកន្លែងផ្សេង យកទៅបោះចោលក្នុងទឹកនោះ ? យ៉ាងណា ពេលនេះមន្ត្រីជំនាញស៊ីម៉ាក់ បានយកគ្រាប់ទាំងនោះទៅរក្សាទុក ដើម្បីកំទេចចោលហើយ៕
ចែករំលែកព័តមាននេះ