ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន និង​ហ្វ៊ីលីពីន​ចុះ​កិច្ច​ព្រម​ព្រៀង​យោធា​ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក

2 ខែ មុន

ទី​ក្រុង​ម៉ានីឡា៖ ​ថ្ងៃ​នេះ ប្រទេស​ជប៉ុន និង​ហ្វ៊ីលីពីន​ចុះ​ហត្ថ​លេខា​លើ​​កតិកា​សញ្ញា​ការ​ពារ​ជាតិ​របៀប​ដូច​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង​ទើប​តែ​ចុះ​ហត្ថ​លេខា​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ដូច្នេះ​ដែរ​។ យោង​តាម​កិច្ច​ព្រម​ព្រៀង​នេះ ជប៉ុន និង​ហ្វ៊ីលីពីន​អនុញ្ញាត​ឱ្យ​​​បញ្ជូន​កង​ទ័ព​ទៅ​ឈរ​ជើង​​នៅ​​លើ​ទឹក​ដី​គ្នា​ទៅ​វិញ​ទៅ​មក​។ នេះ​ជា​ការ​បោះ​ជំហាន​ថ្មី​១​ឆ្ពោះ​ទៅ​រក​ការ​ពង្រឹង​សន្តិ​សុខ​ជាតិ​នៅ​ពេលសភាព​ការណ៍​កាន់​តែ​ឡើង​កម្ដៅ​នៅ​​ឥណ្ឌូ-​ប៉ាស៊ីហ្វិច​។ នេះ​បើ​តាម​មន្ត្រី​រដ្ឋាភិបាល​ម្នាក់​បង្ហើប​ឱ្យ​​ដឹង​នៅ​ថ្ងៃចន្ទ​។…

ទី​ក្រុង​ម៉ានីឡា៖ ​ថ្ងៃ​នេះ ប្រទេស​ជប៉ុន និង​ហ្វ៊ីលីពីន​ចុះ​ហត្ថ​លេខា​លើ​​កតិកា​សញ្ញា​ការ​ពារ​ជាតិ​របៀប​ដូច​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង​ទើប​តែ​ចុះ​ហត្ថ​លេខា​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ដូច្នេះ​ដែរ​។ យោង​តាម​កិច្ច​ព្រម​ព្រៀង​នេះ ជប៉ុន និង​ហ្វ៊ីលីពីន​អនុញ្ញាត​ឱ្យ​​​បញ្ជូន​កង​ទ័ព​ទៅ​ឈរ​ជើង​​នៅ​​លើ​ទឹក​ដី​គ្នា​ទៅ​វិញ​ទៅ​មក​។ នេះ​ជា​ការ​បោះ​ជំហាន​ថ្មី​១​ឆ្ពោះ​ទៅ​រក​ការ​ពង្រឹង​សន្តិ​សុខ​ជាតិ​នៅ​ពេលសភាព​ការណ៍​កាន់​តែ​ឡើង​កម្ដៅ​នៅ​​ឥណ្ឌូ-​ប៉ាស៊ីហ្វិច​។ នេះ​បើ​តាម​មន្ត្រី​រដ្ឋាភិបាល​ម្នាក់​បង្ហើប​ឱ្យ​​ដឹង​នៅ​ថ្ងៃចន្ទ​។

រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ហ្វ៊ីលីពីន និង​សមភាគីជប៉ុន​របស់​លោក​បាន​ចុះ​ហត្ថលេ​ខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ​នៅ​ទី​ក្រុ​ងម៉ានីឡា​ដោយ​មាន​ប្រធានា​ធិបតី​ហ្វ៊ីលីពីន​លោក​ម៉ាកូស​ធ្វើ​ជា​សាក្សី​​នៅ​ក្នុង​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នោះ​ផង​ដែរ​។​ តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ ប្រទេស​ទាំង​២​នឹង​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ផ្នែក​យោធា​។ ឧទាហរណ៍ នៅ​ពេល​កង​ទ័ព​​ប្រទេស​ភាគី​ហត្ថ​លេខី​​​មាន​គម្រោង​ធ្វើ​ដំណើរ​​​ទស្សន​កិច្ច​​ ឬ​ផ្លាស់​ប្ដូរ​បទ​ពិសោធ​​នោះ​កាន់​តែ​​​ងាយ​ស្រួល​ដឹក​ជញ្ជូន​កង​ទ័ព​ និង​គ្រឿង​បរិក្ខារ​យោធា​​។

​ជា​​​លើក​​ដំបូង​បំផុត​​​ដែល​ប្រទេស​ជប៉ុន​បង្កើត​កិច្ច​ព្រម​ព្រៀង​បែប​នេះ​នៅ​ទ្វីប​អាស៊ី​។ បន្ទាប់​ពី​ចុះ​ហត្ថ​លេខា​រួច​​ រដ្ឋាភិបាល​ប្រ​ទេស​ទាំង​២​នឹង​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​​​ទៅ​រដ្ឋ​សភា​ដើម្បី​ពិនិត្យ​ និង​អនុម័ត​។ ​បើសិន​ទៅថ្ងៃ​មុខ ជប៉ុន​​អាច​មាន​សិទ្ធិ​បញ្ជូន​​កង​​ទ័ព​ទៅ​ឈរ​ជើង​​នៅ​លើ​ទឹក​ដី​ហ្វ៊ីលីពីន​ពិត​មែន​ វា​​​អាច​នឹង​ក្លាយ​​ជា​ខ្នង​បង្អែក​​ដ៏សំខាន់​មួយ​សម្រាប់​​ប្រទេស​ហ្វ៊ីលីពីន​​ក្នុង​ការ​ឈរ​ត​ទល់​​ជា​មួយ​​ប្រទេស​ចិន​បន្ថែម​ពី​លើ​វត្ត​មាន​កង​ទ័ព​អាមេរិក​ដែល​មាន​ស្រាប់​។ ប៉ុន្តែ​ក៏​អាច​ជា​ការ​បង្កហេតុ​ផង​ដែរ​។

តាម​ពិត ​ជប៉ុន​គ្មាន​ជាប់​ពាក់​ព័ន្ធ​នឹង​​ជម្លោះ​បូរណ​ភាព​ទឹក​ដី​នៅ​សមុទ្រ​ចិន​​ខាង​ត្បូងទេ​​។ ប៉ុន្តែ​ជប៉ុន​​មាន​ទំនាស់​ជា​មួយ​ចិន​​នៅ​សមុទ្រ​ចិន​ខាង​​កើត​ជុំ​វិញ​ការ​​ប្រទាញ​ប្រទង់​គ្នា​​នៅ​ប្រជុំ​កោះ​ដែល​ជប៉ុន​ហៅ​ថា​ស៊ីន​កាគូ (Senkaku) ឬ​ចិន​ហៅ​ថា​​ទាវ​យូ​ (Diaoyu island)។ មែន​ទែន​ទៅ ​ទី​នេះ​​មិន​មែន​ចំ​តួ​ជា​កោះ​​ពេញ​លក្ខណៈ​​ទេ។ ​​​វា​​ជា​ដុំ​ថ្ម​នៅ​កណ្ដាល​សមុទ្រ​ច្រើន​ជាង​។​

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៣ ​ប្រទេស​ជប៉ុន​ប្រកាស​ថា​ខ្លួន​នឹង​កសាង​កម្លាំង​យោធា​ឡើង​វិញ​ឱ្យ​បាន​ខ្លាំង​ក្លា​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២​។ នេះ​ជា​ការ​ចាក​ឆ្ងាយ​ពី​មាគ៌ា​នយោបាយ​ជា​ប្រពៃណី​របស់​ជប៉ុន​រយៈ​ជាង​៧០​ឆ្នាំ​​កន្លង​ទៅ​​​នេះ​ដែល​ធ្លាប់​តែ​ប្រកាន់​គោល​ជំហរ​សន្តិ​និយម និង​អហិង្សា​និយម​។ ប៉ុន្តែ​ជប៉ុន​កាន់​ធម៌​អហិង្សា និង​សន្សំ​សុខ​ទៅ​លែង​រួច​ហើយ​ព្រោះ​សភាព​ការណ៍​ប្រែប្រួល​។​ ប្រទេស​ជិត​​ខាង​ជប៉ុន​សុទ្ធ​តែ​មាន​​នុយ​ក្លេអ៊ែរ​​នៅ​ក្នុង​ដៃ​៖ រុស្ស៊ី ចិន និង​កូរ៉េ​ខាង​ជើង​។

​ដូច្នេះ ជម្រើស​ដែល​មាន​នៅ​ក្នុង​ដៃ​​គឺ​​ជប៉ុនត្រូវ​តែ​​​​ងាក​មក​ចាប់​ដៃ​ជា​មួយ​បណ្ដា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ទៅ​តាម​លទ្ធ​ភាព​ដែល​អាច​ធ្វើ​ទៅ​បាន​។ ​ជប៉ុន​ប្រកាស​គាំទ្រ​​គោល​ជំហរ​របស់​ហ្វ៊ីលីពីន​នៅ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ និង​បង្ហាញ​ការ​ខ្វាយ​ខ្វល់​កាន់​តែ​ខ្លាំង​ក្រោយ​ពេល​កើត​មាន​ការ​ឧបទ្ទ​វ​ហេតុ​ និង​កា​រប្រទាំង​ប្រទើស​គ្នា​រវាង​ទូក​ល្បាត​របស់​កង​ទ័ព​ចិន និង​ទូក​ហ្វ៊ីលីពីន​ដែល​ដឹក​ស្បៀង​ទៅ​ចែក​គ្នា​របស់​គេ​ប្រចាំ​ការ​នៅ​ក្នុង​ខ្មោច​កប៉ាល់​បន្សល់​ទុក​តាំង​ពី​សម័យ​សង្គ្រាម​លោក​លើក​ទី​២​។

ហ្វ៊ីលីពីន​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ទទួល​កង​ទ័ព​បរទេស​ឱ្យ​បំពេញ​ទស្សន​កិច្ច​ ឬ​វីអែហ្វ​អេ (VFA) ជា​មួយ​ប្រទេស​អាមេរិក និង​អូស្ត្រាលី​។ ចំណែក​ជប៉ុន​ក៏​មាន​កិច្ច​ព្រម​ព្រៀង​នេះ​ជា​មួយ​អូស្ត្រាលី និង​អង់គ្លេស​ផង​ដែរ​។ ឥឡូវ​នេះ ជប៉ុន​កំពុង​ចរ​ចា​គ្នា​ជា​មួយ​ប្រទេស​បារាំង​ដើម្បី​បង្កើត​កិច្ច​ព្រៀង​នេះ​។ កាល​ពី​ពេល​កន្លង​មក ជប៉ុន​សន្យា​ផ្ដល់​ប្រព័ន្ធ​រ៉ាដា​ឃ្លាំ​មើល​នៅ​លើ​លំហ​សមុទ្រ​​ដើម្បី​ជួយ​ពង្រឹង​កម្លាំង​ការ​ពារ​ខ្លួន​របស់​ប្រទេស​​ជា​ដៃ​គូ​។ ប៉ុន្តែ​ជប៉ុន​មិន​អាច​ផ្ដល់​ជំនួយ​យោធា​ធំ​ដុំ​ពេក​ទេ​ទៅ​ឱ្យ​​ប្រទេស​ដទៃ​ព្រោះ​ប្រទេស​នេះត្រូវ​បាន​ចង​ផ្អោប​​ដោយ​ច្បាប់​ដែល​ហាម​បញ្ជូន​អាវុធ ឬ​គ្រាប់​រំសេវ​ទៅ​ក្រៅ​ប្រទេស​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ