ទីក្រុងប៉ារីស៖ ខុសស្រឡះពីលទ្ធផលស្ទង់មតិមុនការបោះឆ្នោតសភានៅប្រទេសបារាំងដែលគេរំពឹងថាគណបក្សសមាជជាតិរបស់លោកស្រីឡឺពែនអាចនឹងទទួលជ័យជម្នះ។ មិនត្រឹមតែឈ្នះទេអាចនឹងមានសំឡេងភាគច្រើនដាច់ខាតដើម្បីកាន់កាប់តំណែងនាយករដ្ឋមន្ត្រីថែមទៀត។ ប៉ុន្តែលទ្ធផលបោះឆ្នោតជាក់ស្ដែងបង្ហាញថាអ្នកដែលទទួលជ័យជម្នះពិតប្រាកដគឺសម្ព័ន្ធភាពគណបក្សនយោបាយខាងឆ្វេងទៅវិញទេ។
លទ្ធផលឆ្នោតសរុបចេញហើយនៅព្រឹកនេះ។ សម្ព័ន្ធភាពរណសិរ្យប្រជាជនថ្មី (NFP) ដែលប្រមូលផ្ដុំដោយបក្សឆ្វេងនិយមជ្រុល ឆ្វេងនិយមកណ្ដាល និងបក្សកុម្មុយនិស្តទទួលបាន១៨២អាសនៈ។ មានន័យថាឈរលំដាប់ទី១។ សម្ព័ន្ធភាពគណបក្សនិយមកណ្ដាលរបស់លោកម៉ាក្រុងទទួលបាន១៦៣អាសនៈ។ គណបក្សសមាជជាតិរបស់លោកស្រីឡឺពែនទទួលបាន១៤៣អាសនៈ។ តាមច្បាប់បារាំង, លុះត្រាតែទទួលបាន៥០+១ទើបអាចបង្កើតរដ្ឋាភិបាលថ្មី។ មានន័យថា២៨៩អាសនៈ។
តាំងពីមុនការបោះឆ្នោត អ្នកខ្លះបានគូសវាសសេណារីយោមួយចំនួនដូចជា៖ ១-គណបក្សសមាជជាតិអាចនឹងឈ្នះសំឡេងភាគច្រើនដាច់ខាត ហើយគ្រប់គ្រងតំណែងនាយករដ្ឋមន្ត្រី។ ២-បើគ្មានគណបក្សណាមួយទទួលបាន៥០+១ទេ លោកម៉ាក្រុងអាចនឹងងាកទៅចងសម្ព័ន្ធជាមួយក្រុមខាងឆ្វេង។ ទី៣-លោកម៉ាក្រុងអាចនឹងបង្កើតរដ្ឋាភិបាលដែលមិនចំណុះឱ្យគណបក្សនយោបាយ។ មានន័យថាជារដ្ឋាភិបាលបច្ចេកទេស។ ប៉ុន្តែបើតាមលទ្ធផលឆ្នោតនេះ លោកម៉ាក្រុងទទួលបានសំឡេងឆ្នោតលំដាប់ទី២។ ដូច្នេះ អ្នកដែលមានសិទ្ធិបោះមេមិនមែនលោកម៉ាក្រុងទេ ប៉ុន្តែជារណសិរ្យប្រជាជនថ្មីទៅវិញទេ (NFP)។
ឥឡូវនេះ គ្រាន់តែចេញលទ្ធផលឆ្នោតភ្លាម ចលនាបាតុកម្ម ពេលខ្លះឈានដល់អំពើកុប្បកម្ម ចាប់ផ្ដើមផ្ទុះឡើងជាបណ្ដើរៗហើយ។ គេឃើញក្រុមអ្នកគាំទ្រលទ្ធផលឆ្នោត និងក្រុមអ្នកប្រឆាំងនឹងលទ្ធផលឆ្នោតចេញស្រែកពាក្យស្លោកផ្សេងៗនៅតាមដងវិថីនានានៃទីក្រុងប៉ារីស។ កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីបារាំង លោកកាព្រីយែល អាតាល់ (Gabriel Attal) ប្រកាសថាលោកត្រៀមចុះពីតំណែងបន្ទាប់ពីលេចឮល្ហៀងៗថាក្រុមឆ្វេងនិយមជ្រុលទទួលបានសំឡេងឆ្នោតនាំមុខ។
តាមពិត រណសិរ្យប្រជាជនថ្មីនេះកាលពីមុនជាបក្សផ្សេងៗគ្នាទេ។ ប៉ុន្តែបន្ទាប់ពីលោកម៉ាក្រុងប្រកាសរំលាយសភា និងរៀបចំការបោះឆ្នោតឡើងវិញ ក្រុមឆ្វេង និងក្រុមកុម្មុយនិស្តក៏រួមកម្លាំងគ្នាជារណសិរ្យតែ១។ នៅបារាំង ក្រុមឆ្វេងឡើងកាន់អំណាចគ្មានបញ្ហាទេ ទោះបីឆ្វេងល្មម ឬឆ្វេងជ្រុលក៏ដោយ។ កុំឱ្យតែក្រុមស្ដាំនិយមជ្រុលទើបតែជាបញ្ហាដែលគេតស៊ូទម្លាក់ពួកហ្នឹងមិនឱ្យឡើងកាន់អំណាចបាន។
ក្រុមអ្នកគាំទ្រក្រុមខាងឆ្វេងរាប់ម៉ឺននាក់បានចេញហែបាតុកម្មយ៉ាងគគ្រឹកគគ្រេងនៅទីលានសាធារណៈ (Place de la République) ដើម្បីអបអរសាទរនឹងជ័យជម្នះរបស់ក្រុមខ្លួន។ ប៉ុន្តែក្រុមខាងស្ដាំ និងក្រុមអភិរក្សនិយមខកចិត្តយ៉ាងខ្លាំង។ ពួកគេខំតែសង្ឃឹមទុកមុនថាគណបក្សសមាជជាតិអាចនឹងឈ្នះឆ្នោតដាច់ និងស្រវាបានតំណែងនាយករដ្ឋមន្ត្រីទៅហើយ។
នៅលើបណ្ដាញសង្គម គេឃើញមនុស្សដុតភ្លើងចន្លុះ ឬភ្លើងគប់នៅតាមដងវិថីនៃរដ្ឋធានីប៉ារីស និងឃើញមានការប្រទាំងប្រទើសគ្នារវាងបាតុករ និងអាជ្ញាធរដែលពាក់ឧបករណ៍ការពារខ្លួន។ ពួកគេបាញ់ឧស្ម័នចេញទឹកភ្នែកទៅលើក្រុមអ្នកតវ៉ា។ អ្នកខ្លះត្រូវបានចាប់ខ្លួនយកទៅឃុំឃាំង។ ពួកបាតុករខ្លះគប់ដបស្រាដុតភ្លើង (Molotov cocktails) និងបង្កៃគ្រាប់បែកផ្សែង។
សូមជម្រាបថារណសិរ្យប្រជាជនថ្មីជាបណ្ដុំនៃគណបក្សសង្គមនិយមបារាំង, គណបក្សកុម្មុយនិស្តបារាំង, គណបក្សបៃតង និងគណបក្សដទៃទៀត។ សម្ព័ន្ធភាពគណបក្សនយោបាយនេះបានដាក់ចេញកម្មវិធីនយោបាយ១ចំនួននៅពេលឃោសនាបោះឆ្នោត។ ក្នុងនោះ មានការកែទម្រង់ច្បាប់ស្ដីពីសោធននិវត្ត, ការអនុញ្ញាតឱ្យអ្នកដែលមានអាយុ៦០ឆ្នាំ ឬលើសនេះអាចដាក់ពាក្យស្នើសុំចូលនិវត្ត, ការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់បុគ្គលិករដ្ឋ, ការដំឡើងពន្ធលើទ្រព្យសម្បត្តិ និងការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ-និយោជិត៕
ចែករំលែកព័តមាននេះ