ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់ទាត់កម្ពុជា​រីកចម្រើន តែមិនទាន់ឆ្លើយតបចំណាត់ថ្នាក់ពិភពលោកនៅឡើយ

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ចាត់ទុកជា​មោទនភាពរបស់​ប្រទេសកម្ពុជា​ផង​ដែរដែល​វិស័យ​កីឡាបាល់ទាត់នា

រាជធានីភ្នំពេញ ៖ ចាត់ទុកជា​មោទនភាពរបស់​ប្រទេសកម្ពុជា​ផង​ដែរដែល​វិស័យ​កីឡាបាល់ទាត់នាពេលបច្ចុប្បន្នមានការ​រីក​ចម្រើន​គួរកត់សម្គាល់ បើគិតត្រឹមឆ្នាំ១៩៩៥ ដែលកម្ពុជាមានក្រុមបាល់ទាត់ជម្រើសជាតិឡើងវិញចេញប្រកួតជាលក្ខណៈអន្តរជាតិ ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមនៅប្រទេសថៃ ។

ជាក់ស្ដែង​ រាល់​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នា​ដំណាក់កាល​ចុង​ក្រោយ​នេះ សន្ទុះ​នៃ​ការ​​គាំទ្រ​​​បាន​​កើត​មាន​ឡើង​យ៉ាង​សន្ធឹកសន្ធាប់​ ។

ដំណឹង​នៃ​ការ​អស់​សំបុត្រ​ចូល​ទស្សនាបាន​កើត​មាន​តាំងពី២-៣ថ្ងៃមុន​ការ​ប្រកួត​ចូល​មក​ដល់
ម៉្លេះ ។ ចំណែកក្រុមគោព្រៃកម្ពុជា​ត្រូវគេមើលឃើញមាន​លទ្ធភាពតដៃ​គូប្រកួតដោយការ​យក
ឈ្នះ​ឬ​ក៏​ស្មើ​នៅ​លើ​សមរភូមិវាលស្មៅក្រោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបាននាំយកគ្រូបង្វឹក​អឺរ៉ុបមានសញ្ញាបត្រកម្រិតខ្ពស់មកបង្វឹកគឺលោកJoachim Fickert សញ្ជាតិ​អា​ល្លឺ​ម៉​ង់ ​នៅក្នុងខែមិថុនា ឆ្នាំ១៩៩៦ ។ ការមកដល់របស់លោកJoachim Fickert គឺជារបត់ថ្មីនៃបាល់ទាត់កម្ពុជានៅក្រោយសម័យសង្គ្រាម ។

កីឡាករកម្ពុជាចាប់ផ្ដើមយល់ពិតប្រាកដអំពីកលល្បិចបាល់ទាត់ អំពីបច្ចេកទេស និងចំណេះដឹងសំខាន់ៗមួយចំនួនទៀតក្រោយទទួលបរាជ័យយ៉ាងជូរចត់ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមឆ្នាំ១៩៩៥នៅប្រទេសថៃ ។

ជាលទ្ធផល នៅក្នុងការប្រកួតសុីហ្គេមឆ្នាំ១៩៩៧ កម្ពុជាឈ្នះ២ប្រកួត និងចាញ់២ប្រកួតហើយបានលេខ៣ក្នុងចំណោម៥ក្រុមនៅក្នុងពូលB ។ កាលណោះ កម្ពុជាបើកឆាកឈ្នះព្រុយណេ
៤-០ ប្រកួតទី២ចាញ់សិង្ហបុរី១-២ ប្រកួតទី៣ចាញ់ថៃ០-៤ និងប្រកួតចុងក្រោយឈ្នះមីយ៉ាន់ម៉ា៣-១ ។ នៅចុងទសវត្ស១៩៩០ និងដើមឆ្នាំ២០០០កីឡាករក្រុមជម្រើសជាតិកម្ពុជាបង្វឹកដោយគ្រូអាល្លឺម៉ង់Joachim Fickert ចាប់ផ្ដើមក្លិបបរទេសចូលចែចូវចង់បានជាថ្មី ។

កីឡាករដែលធ្លាប់ក្លិបបរទេសចាប់អារម្មណ៍ចង់បានទៅចូលរួមជាមួយក្លិបពួកគេមានក្លិប
នៅថៃ ម៉ាឡេសុី និងជប៉ុនជាដើមតាំងពីពេលនោះរហូតមកដល់បច្ចុប្បន្នមានអ៊ុង កងយ៉ានិត,
កែវ វិស័យ, ហុក សុចិត្រា, គួច សុកុម្ភះ, មាស ចាន់ណា,កែវ សុខង៉ន, ចន្ទ រិទ្ធី,សិុន ដាលីន, លី រ៉ាវី, ស្រី វាសនា,ប៊ីន ចន្ថាធារី, ចាន់ វឌ្ឍនាកា, កែវ សុផេង, ឃួន ឡាបូរ៉ាវី, ង៉ែត លីទី, ច្រឹង ពលរដ្ឋ និងឈិន ឈឿន ។

ដោយឡែក បើនិយាយពីសមិទ្ធផលដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាសម្រេចបានផ្លែផ្កាមួយចំនួនពីកិច្ចខិតខំអភិវឌ្ឍជាច្រើនឆ្នាំមកនេះភាគច្រើនបានទៅលើក្រុមយុវជន ។ ដំបូងក្រុម
U16កម្ពុជាបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់យុវជនអាសុីអាគ្នេយ៍ជាលើកដំ
បូងក្នុងប្រវត្តិសាស្រ្តនៅឆ្នាំ២០១៦ តាំងពីពាននេះបង្កើតឡើងនៅឆ្នាំ២០០២។ នៅឆ្នាំ២០១៧ ក្រុមនារីU15កម្ពុជាបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់យុវជនអាសុីអាគ្នេយ៍ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តតាំងពីពាននេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ ។

ឆ្នាំ២០១៩ ក្រុមបាល់ទាត់បុរសកម្ពុជាបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសុីហ្គេមជាលើកដំបូងក្នុងរវត្តិសាស្ត្រ៦០ឆ្នាំនៃសុីហ្គេមពោលគឺតាំងពីឆ្នាំ១៩៥៩មក។ នៅឆ្នាំដដែលនោះក្រុមU19កម្ពុជាជម្រុះជាប់ទៅជុំផ្ដាច់ព្រ័ត្រក្នុងពានយុវជនទ្វីបអាសុីជាលើកដំបូងក្នុងរយៈពេល៤៥ឆ្នាំក្រោយបានចូលលេងវគ្គចែកពូលពាននេះ៣ដងក្នុងឆ្នាំ​១៩៦៣,១៩៧២ និង១៩៧៤ ។ បច្ចុប្បន្នគេឃើញមានកីឡាករស្រករក្រោយល្អៗជាច្រើនទៀតកំពុងបញ្ចេញសមត្ថភាពក្នុងក្រុមជម្រើសជាតិដែលទំនងជាមានឱកាសចេញទៅប្រកបអាជីពនៅក្លិបបរទេសនាពេលខាងមុខ។

ទោះបីយ៉ាងណាក៏ដោយ ប្រទេស​ដែល​ធ្លាប់តែញាំញីរដោយសង្គ្រាម និងដុនដាប​លើ​វិស័យ​បាល់ទាត់​មួយ​នេះ នៅ​មានការ​ងារ​ជា​ច្រើន​ទៀត​ត្រូវធ្វើដើម្បីឆ្លើយតបទៅនឹងល្បឿនអភិវឌ្ឍ​ឥត​ឈប់​ឈរនៃវិស័យបាល់ទាត់ពិភពលោក។

បើតាមអ្នកជំនាញបាល់ទាត់មើលឃើញថា ការ​ចាប់អារម្មណ៍ និង​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​យុវវ័យ​ជំនាន់​ក្រោយ​នៅ​ពេល​នេះ ជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញឲ្យ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​រីក​ដុះដាល​ទៅ​មុខ​។

ជា​ការ​ពិត​ វិស័យបាល់ទាត់កម្ពុជាត្រូវគេមើលឃើញ​មានការ​រីក​ចម្រើន ទី​១ ប្រទេស​កម្ពុជា​ចាប់ផ្តើម​មានការ​ប្រកួត​ជា​ក្រប​ខណ្ឌលីគ​កំពូល​ថ្នាក់​ជាតិ​យ៉ាង​ផុលផុស​។ ទី​២ មានការ​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំ និង​ទី​៣ គឺ​អ្នកគាំទ្រ​តែម្ដង​ ។ អ្នកគាំទ្រ​សំខាន់​ណាស់​រហូត​គេ​ឲ្យ​ឈ្មោះ​អ្នកគាំទ្រ​ជា​កីឡាករ​ទី​១២ ខណៈ​ដែល​ការ​ប្រកួត​នៅ​លើ​ទីលាន​មាន​កីឡាករ​ម្ខាងត្រឹម​តែ១១​នាក់​ប៉ុណ្ណោះ​ ។ កត្តា​ទាំង​៣​នេះ​ជា​ប្រភព​ថាមពលដែល​រុញច្រាន​ឲ្យ​កីឡាករ​បាល់ទាត់​កម្ពុជា ឈាន​ទៅ​ចាប់​យក​បច្ចេកទេស​បាន​ដោយ​ច្បាស់លាស់ ខុស​ពី​អតីតកាលដែល​កត្តា​ទាំង​អស់នេះ​មិន​មាន​ទេ កីឡាករ​​លេងមិន​បាន​គិត​ពី​កិត្តិយស ឬកេរ្តិ៍ឈ្មោះ​អ្វី​ឡើយ។

យ៉ាងណា​ក៏​ដោយ ទាំងនេះ​គ្រាន់តែ​ជា​ទិដ្ឋភាព​មួយ​ជ្រុង​ប៉ុណ្ណោះ​នៅ​ក្នុង​វិស័យ​កីឡាបាល់ទាត់​កម្ពុជា ។ បញ្ហា​នេះ​បើ​យើង​ក្រឡេក​ទៅ​មើល​ទិដ្ឋភាព​អន្តរជាតិ​វិញ ចាប់តាំងពី​ដើម​ខែមករា ឆ្នាំ ២០២៤ មក កីឡាបាល់ទាត់​កម្ពុជា​នៅ​មិន​ទាន់​បាន​ចំណាត់ថ្នាក់​ប្រសើរ​នៅឡើយ​ទេ​។​ កាលពី​ថ្ងៃ​ទី ២ កក្កដា ឆ្នាំ ២០២៤ កម្ពុជា​មាន​ចំណាត់ថ្នាក់​លេខ​១៨០ ក្នុង​ចំណោម​២១០ ប្រទេស​ដែល​សមាគមបាល់ទាត់​ពិភពលោក (FIFA) បាន​ដាក់​ចំណាត់ថ្នាក់​ប្រចាំខែ​។

តាម​រយៈ​ចំណាត់ថ្នាក់​នេះ បង្ហាញ​ថា កីឡាបាល់ទាត់​កម្ពុជា​បាន​ស្ថិត​នៅ​ក្នុង​រង្វង់​លេខ​រៀង​មិនទាន់ល្អទេ ។ ជាក់ស្ដែង ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាល់ទាត់​កម្ពុជា​ស្ថិត​នៅ​ក្នុង​លំដាប់​ចុង​ក្រោយ​គេ​ពី​លេខ៧ទៅ​ដល់​លេខ១០នៅឡើយ​ក្នុង​ចំណោម​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។

ដូច្នេះ​ការ​ដែល​មើលឃើញ​ពី​ការ​រីក​ចម្រើ​ន​វា​ជា​មោទនភាព​មួយ​ហើយ ដែល​គួរតែ​មានការ​អបអរ​និង​លើកទឹកចិត្ត​ ។ ក៏​ប៉ុន្តែ​ តាម​រយៈ​ចំណាត់ថ្នាក់​ពិភពលោកដែល​កម្ពុជា​មិន​អាច​រើខ្លួន​ពី​ចំណាត់ថ្នាក់​លេខ​រៀង​ទី១៨០បាន​នោះ បង្ហាញ​ថា​ បាល់ទាត់​កម្ពុជា​ចាំបាច់ត្រូវ​តែ​មានការ​ប្រឹងប្រែង​បន្ថែម​ទៀត​ ។ ចំណុច​សំខាន់​គឺ​កាត់​បន្ថយ​ការ​ចាញ់​ជា​ពិសេស​ប្រទេស​ដែល​មាន​សក្តានុពល​បាល់ទាត់​ខ្លាំង​ៗ​នៅ​ក្នុង​តំបន់​ដូច​ជា​ថៃ ឬ​វៀតណាម​ ឲ្យ​មក​នៅ​កម្រិត​គ្រាប់​បាល់​ទាប និង​ព្យាយាម​យកឈ្នះ​ឲ្យ​បានជា​អតិបរមា​លើ​ប្រទេស ដែល​មាន​កម្រិត​បាល់ទាត់​ប្រដំប្រសង​នឹង​កម្ពុជា​ដូច​ជា​ឡាវ ភូមា ឬ​ហ្វី​លី​ពី​ន​ជាដើម​។

សរុប​មក​ ការ​ប្រែប្រួល​របស់​វិស័យ​បាល់ទាត់​កម្ពុ​ជានា​ពេល​នេះ ពិតជា​មោទនភាព​ណាស់ ក៏​ប៉ុន្តែ​គ្រាន់តែ​ចាត់​ទុក​ថា​ជា​មោទនភាព​បណ្តោះអាសន្ន​ប៉ុណ្ណោះ ដោយហេតុ​ថា​ ក្រុមបាល់ទាត់​កម្ពុជា​នៅ​មាន​កាតព្វកិច្ច​ច្រើន​បន្ថែម​ទៀត ដើម្បី​រំដោះខ្លួន​ឲ្យ​រួច​ពី​ពាក្យ​ថា«​អន់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ