ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Euro 2024 ៖ អ្នកវិភាគថា អេស្ប៉ាញ-បារាំង ភាគ​រយ​ខ្ពស់បន្តឡើងទៅវគ្គ ១/២ យប់នេះ

3 ខែ មុន

ប្រទេសអាល្លឺម៉ង់ ៖ ការប្រកួតព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលធ្វើ

ប្រទេសអាល្លឺម៉ង់ ៖ ការប្រកួតព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ បានឈានដល់ការប្រកួតវគ្គ៨ក្រុមចុងក្រោយហើយ ដែលឆ្លងកាត់ការសម្រិតសម្រាំងសុទ្ធតែក្រុមខ្លាំងៗ។

កាលវិភាគប្រកួតវគ្គ ៨ ក្រុមចុងក្រោយ ៖
-០៥/០៧/២០២៤ អេស្ប៉ាញ ប៉ះ អាល្លឺម៉ង់ ម៉ោង១១:០០នាទីយប់
-០៥/០៧/២០២៤ ព័រទុយហ្គាល់ ប៉ះ បារាំង ម៉ោង០២:០០នាទីទៀបភ្លឺចូលថ្ងៃថ្មី
-០៦/០៧/២០២៤ អង់គ្លេស ប៉ះ ស្វីស ម៉ោង១១:០០នាទីយប់
-០៦/០៧/២០២៤ ហូឡង់ ប៉ះ តួកគី ម៉ោង០២:០០នាទីទៀបភ្លឺចូលថ្ងៃថ្មី

អេស្ប៉ាញ ប៉ះ អាល្លឺម៉ង់
ក្រុមគោជល់អេស្ប៉ាញ និងក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ សុទ្ធតែធ្វើបានយ៉ាងល្អដូចគ្នា កាលពីវគ្គមុនៗ។ ម្ចាស់ផ្ទះអាល្លឺម៉ង់ ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Julian Nagelsmann បានបញ្ចប់នៅកំពូលតារាងពូល A ឈ្នះ២ និងស្មើ១ ដែលមានស្វីស ហុងគ្រី និងស្កុតឡែន រួមពូល។ ចំណែកអេស្ប៉ាញ ក្រោមការដឹកនាំរបស់លោក Luis de la Fuente កាន់តែល្អថែមទៀត ដោយបញ្ចប់កំពូលតារាងពូល B ជាពូលមរណៈជាមួយនឹងស្ថិតិឈ្នះទាំងអស់ ដែលមានក្រុមការពារជើងឯកអ៊ីតាលី ក្រូអាត និង អាល់បានី រួមពូល។ នៅវគ្គ១៦ក្រុមចុងក្រោយ អាល្លឺម៉ង់បន្តទម្លាក់ដាណឺម៉ាក នៅក្នុងលទ្ធផល ២-០ ស្របពេលអេស្ប៉ាញបំបាក់ហ្សកហ្ស៊ី ដោយលទ្ធផល ៤-១។

ជំនួបនៅយប់នេះ គឺជាការជួបគ្នាលើកទី ២៧ រវាងអេស្ប៉ាញ និងអាល្លឺម៉ង់ ខណៈដែលប្រវត្តិជួបគ្នា ២៦ប្រកួតកន្លងមក អាល្លឺម៉ង់ឈ្នះ ៩ដង អេស្ប៉ាញឈ្នះ ៨ដង និងស្មើគ្នា ៩ដង ប៉ុន្តែអេស្ប៉ាញមានគ្រាប់ស៊ុតបញ្ចូលទីច្រើនជាងចំនួន ៣២គ្រាប់ ចំណែកឯអាល្លឺម៉ង់ ៣១គ្រាប់។ ក្រុមទាំងធ្លាប់ជួបគ្នា ៣លើកក្នុងពានរង្វាន់ជើងឯកអឺរ៉ុប ដោយអេស្ប៉ាញឈ្នះ ២ដង នៅឆ្នាំ ១៩៨៤ និង ២០០៨) និងអាល្លឺម៉ង់ឈ្នះ១ដង នៅឆ្នាំ ១៩៨៨។

ការជួបគ្នាចុងក្រោយនៃពានរង្វាន់នេះ នៅវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០០៨ អេស្ប៉ាញយកឈ្នះអាល្លឺម៉ង់ ដោយលទ្ធផល ១-០។ ការជួបគ្នាចុងក្រោយបង្អស់រវាងក្រុមទាំងពីរ នៅក្នុងការប្រកួតវគ្គចែកពូលពានរង្វាន់ FIFA World Cup ឆ្នាំ២០២២ ជាមួយលទ្ធផលស្មើគ្នា ១-១ អេស្ប៉ាញអស់ឱកាសត្រឹមវគ្គ១៦ក្រុមចុងក្រោយ ខណៈអាល្លឺម៉ង់ហាលអាវតាំងពីវគ្គចែកពូល។

បច្ចុប្បន្ន អេស្ប៉ាញ និងអាល្លឺម៉ង់ កំពុងកាប់កាន់តំណែងរួមគ្នា គឺជាក្រុមឈ្នះជើងឯកអឺរ៉ុបច្រើនជាងគេពោលចំនួន ៣ សម័យកាលដូចគ្នា។ ហើយឆ្លងកាត់ការប្រកួតកន្លងមកក្នុងពានរង្វាន់ Euro 2024 អ្នកវិភាគជំនាញមើលឃើញថា អេស្ប៉ាញមានភាគរយខ្ពស់ជាងអាល្លឺម៉ង់ ដើម្បីឈ្នះការប្រកួតនៅយប់នេះ។

ព័រទុយហ្គាល់ ប៉ះ បារាំង
បើទោះជាឈានដល់ការប្រកួតវគ្គ៨ក្រុមចុងក្រោយក៏ពិតមែន ប៉ុន្តែព័រទុយហ្គាល់ និងបារាំង សុទ្ធតែធ្វើពុំសូវបានល្អដូចគ្នា កាលពីវគ្គចែកពូល និងវគ្គ១៦ក្រុមចុងក្រោយ។ ក្រុមបញ្ចខែលព័រទុយហ្គាល់ ក្រោមការដឹកនាំរបស់លោក Roberto Martínez បញ្ចប់កំពូលតារាងពូល F ដោយឈ្នះ២ និងចាញ់១ ដែលចាញ់ហ្សកហ្ស៊ីទាំងហួសចិត្ត នៅក្នុងលទ្ធផល ២-០។ វគ្គ១៦ក្រុមចុងក្រោយទៀតសោត ព័រទុយ​ហ្គាល់ដែលជាម្ចាស់ជើងឯកកាលពីឆ្នាំ ២០១៦ បន្តធ្វើឱ្យអ្នកគាំទ្រព្រលឹងចុងសក់ថែមទៀត ដោយឈ្នះស្លូវេនី តាមរយៈការទាត់បាល់១១ម៉ែត្រកាត់សេចក្តីលទ្ធផល ៣-០ ក្រោយចំណាយពេល ១២០នាទី ដោយគ្មានគ្រាប់ស៊ុតបញ្ចូលទីគ្នា។

ដោយឡែក ក្រុមមាន់គកបារាំង ក្រោមការដឹកនាំរបស់លោក Didier Deschamps បញ្ចប់នៅលេខ ២ ពូល D ដោយឈ្នះតែ១ប្រកួតប៉ុណ្ណោះ និងស្មើ២ប្រកួត និងខ្មត់គ្រាប់បាល់ជាទីបំផុត ឆ្លងកាត់៣​ប្រកួតបូកដកគុណចែក សល់សំណល់គ្រាប់បាល់១គ្រាប់ប៉ុណ្ណោះ។ វគ្គ១៦ក្រុមចុងក្រោយទៀតសោត យកឈ្នះក្រុមខ្លាំងបែលហ្ស៊ិកទាំងលំបាកលទ្ធផល ១-០ ដែលជាគ្រាប់បាល់ចូលទីខ្លួនឯងរបស់ខ្សែការពារបែលហ្ស៊ិក Jan Vertonghen នៅនាទី ៨៥។

ជំនួបនៅយប់នេះ គឺជាការជួបគ្នាលើកទី ២៩ រវាងក្រុមទាំងពីរ ដ្បិតការជួបគ្នា ២៨លើកកន្លងមក បារាំងធ្វើបានល្អជាងឆ្ងាយ ដោយឈ្នះ ១៩ដង ព័រទុយហ្គាល់ឈ្នះ ៦ដង និងស្មើគ្នា ៣ដង។ ក្រុមទាំងពីរធ្លាប់ជួបគ្នា ៤លើករួចមកហើយ នៅជើងឯកអឺរ៉ុប ដោយបារាំងឈ្នះ ២លើកដំបូង នៅឆ្នាំ ១៩៨៤ និង ២០០០។ ជំនួបលើកទី៣ គឺនៅឆ្នាំ ២០១៦ ដែលព័រទុយហ្គាល់ឈ្នះបារាំង នៅវគ្គផ្តាច់ព្រ័ត្រលទ្ធផល ១-០ ស្គាល់រសជាតិឈ្នះជើងឯកជាលើកដំបូងបំផុត ខណៈដែលបារាំងធ្លាប់ឈ្នះ២លើករួចមកហើយ នៅឆ្នាំ ១៩៨៤ និង ២០០០។

ការជួបគ្នាលើកទី៤ នៅ Euro 2020 ដែលលើកមកធ្វើនៅឆ្នាំ ២០២១ ដោយក្រុមទាំងស្មើគ្នាលទ្ធផល ២-២ នៅវគ្គចែកពូល។ ឆ្លងកាត់ការប្រកួតកន្លងមកនៅ Euro 2024 អ្នកវិភាគជំនាញមើលឃើញថា បារាំងមានភាគរយខ្ពស់ជាងព័រទុយហ្គាល់ ដើម្បីឈ្នះការប្រកួតនៅយប់នេះ៕ (ប្រភព ៖ Opta Analyst)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ