ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហ្សង់ទីនកក់កៅអីវគ្គ ១/២ ទាំងលំបាក ខណៈ Messi ទាត់ប៉េណាល់ទីអត់ចូល

1 អាទិត្យ មុន

សហរដ្ឋអាមេរិក ៖ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន កក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរ

សហរដ្ឋអាមេរិក ៖ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន កក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ CONMEBOL Copa América 2024 ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក កាលពីព្រឹកមិញ បន្ទាប់​ពីយកឈ្នះអេក្វាឌ័រទាំងលំបាក តាមរយៈការទាត់បាល់កាត់សេចក្តី១១ម៉ែត្រដោយលទ្ធផល ៤-២ ក្រោយបញ្ចប់៩០នាទី បានត្រឹមស្មើគ្នា នៅក្នុងលទ្ធផល ១-១។

ការប្រកួតធ្វើឡើងនៅកីឡដ្ឋាន NRG មានមូលដ្ឋាននៅទីក្រុងហ៊ូស្តុន រដ្ឋតិចសាស់ អ្នកគាំទ្រសម្តែងអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ក្រោយឃើញវត្តមានប្រធានក្រុម Lionel Messi បង្ហាញខ្លួនជម្រើស១១នាក់ដំបូង បន្ទាប់ពីដំណឹងថាអាចខកខានការប្រកួតដ៏សំខាន់នេះ ដោយសារការជាសះស្បើយពីរបួសសរសៃពួរសាច់ដុំខាងស្តាំ មិនទាន់ពេញលេញ ១០០%។

ងាកទៅការប្រកួតវិញ ពពកខៀវអាហ្សង់ទីន បើកការនាំមុខមុននៅនាទី៣៥ ដោយខ្សែការពារ Lisandro Martinez។ ក្រុមរបស់លោក Lionel Scaloni ស្ទើរតែអបអរជ័យជម្នទៅហើយ ប៉ុន្តែអេក្វាឌ័រតាមស្មើមកវិញ ក្នុងម៉ោងបន្ថែមនាទី ៩០+២ ដែលសម្រេចបានដោយខ្សែប្រយុទ្ធ Kevin Rodriguez ដែលនាំឱ្យការប្រកួតឈានដល់ការទាត់បាល់១១ម៉ែត្រកាត់សេចក្តីតែម្តង ដោយគ្មានការបន្ថែមម៉ោង១៥នាទី ២ដងឡើយ។

អ្នកចាំទី Emiliano Martinez គឺជាគ្រាប់ពេជ្រជួយសង្គ្រោះអាហ្សង់ទីន ដោយបញ្ចប់ជាមួយនឹងជ័យជម្នះ ៤-២ ប៉ុន្តែការទាត់ប៉េណាល់ទីបើកឆាករបស់ប្រធានក្រុម Lionel Messi មិនចូលដោយបុករបាទីខាងលើ ដែលមានន័យថា ខ្សែប្រយុទ្ធឆ្នើមវ័យ៣៧ឆ្នាំរូបនេះ នៅតែមិនទាន់រកគ្រាប់បាល់បញ្ចូលទីក្នុងព្រឹត្តិការណ៍ Copa América 2024 នៅឡើយទេ។

អាហ្សង់ទីន ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនគេ ដោយត្រូវប៉ះវេណេហ្ស៊ុយឡា ឬ កាណាដា ដែលនឹងតទល់គ្នារកអ្នកឈ្នះនៅវគ្គ៨ក្រុមចុងក្រោយ ធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០នាទីព្រឹក (ម៉ោងនៅកម្ពុជា)។

លទ្ធផល និងកាលវិភាគប្រកួតវគ្គ ៨ ក្រុមចុងក្រោយ ៖
-០៥/០៧/២៤ អាហ្សង់ទីន ១-១ (៤-២) អេក្វាឌ័រ
-០៦/០៧/២៤ វេណេហ្ស៊ុយឡា ប៉ះ កាណាដា ម៉ោង ០៨:០០នាទីព្រឹក
-០៧/០៧/២៤ កូឡុំប៊ី ប៉ះ ប៉ាណាម៉ា ម៉ោង ០៥:០០នាទីព្រឹក
-០៧/០៧/២៤ អ៊ុយរ៉ាហ្គាយ ប៉ះ ប្រេស៊ីល ម៉ោង ០៨:០០នាទីព្រឹក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ