ខេត្តបាត់ដំបង ៖ ពលរដ្ឋចំនួន០៣នាក់ ត្រូវបានក្រុមទាហានថៃឃាត់ខ្លួននៅច្រកទ្វារអន្តរជាតិ បានខាវឌីនក្នុងឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ (ច្រកភ្នំដី) ឈមនឹងឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ពីបទឆ្លងដែនដោយខុសច្បាប់ និងជូញដូរថ្នាំញៀន រួចបានបញ្ជូនទៅកាន់តម្រូតថៃ ដើម្បីចាត់ការតាមនីតិវិធី។ នេះបើតាមលោក ទឹម វិឆ័យ អធិការស្រុកសំពៅលូនបានផ្ដល់ព័ត៌មាន នៅរសៀលថ្ងៃទី០៣ កក្កដា ។

លោក ទឹម វិឆ័យ បានប្រាប់ថា បើតាមលោកទើបទទួលបានដំណឹងនេះពីភាគីថៃ ពលរដ្ឋខ្មែរទាំង០៣នាក់នោះ ត្រូវក្រុមទាហានថៃ ប្រចាំច្រកទ្វារអន្តរជាតិ «បានខាវឌីន ឬ ភ្នំដី» ឃាត់ខ្លួនកាលពីយប់ថ្ងៃទី ០១ កក្កដា ពេលពួកគេឆ្លងដែនចូលក្នុងទឹកដីថៃដោយខុសច្បាប់ ហើយត្រូវបានទាហានឆែករកឃើញមានលាក់ទុកគ្រឿងញៀនជាប់ខ្លួនមួយចំនួនផង។
លោកអធិការបានបញ្ជាក់ថា ក្រោយពីត្រូវទាហានឈុតខ្មៅឃាត់ខ្លួន ភាគីថៃមិនបានបញ្ជូនពលរដ្ឋខ្មែរទាំង០៣នាក់នោះមកឲ្យភាគីខ្មែរទេ គឺពួកគេត្រូវបានទាហានថៃបញ្ជូនបន្តប្រគល់ទៅឲ្យតម្រួតថៃ(នគរបាលថៃ) នៅស្រុកខ្លងហាតចាត់ការតាមនីតិវិធី ព្រោះ«ឆ្លងដែនខុសច្បាប់ ហើយមានជាប់ពាក់ព័ន្ធគ្រឿងញៀនទៀត»។

តាមសេចក្ដីរាយការណ៍ពីមន្ត្រីព្រំដែនពលរដ្ឋខ្មែរទាំង០៣នាក់ ដែលត្រូវក្រុមទាហានឈុតខ្មៅថៃឃាត់ខ្លួនមាន ១-ឈ្មោះបិន ដាន ភេទប្រុស អាយុ២៨ឆ្នាំ ២-ឈ្មោះ ឆោម ថន ភេទប្រុស អាយុ១៨ឆ្នាំ និង៣-ឈ្មោះ ហន បូរ៉េត ភេទប្រុស អាយុ១៨ឆ្នាំ ។
ជាមួយនឹងការឃាត់ខ្លួននេះ សមត្ថកិច្ចថៃបានរកឃើញពួកគេមានរក្សាទុកគ្រឿនញៀនមួយចំនួន ដែលមានជាប្រភេទ«យ៉ាម៉ា និងទឹកកក»។ យ៉ាងណា គេមិនទាន់ដឹងស្រុកកំណើតពលរដ្ឋខ្មែរទាំង០៣នាក់នេះនៅឡើយទេ ព្រោះនេះគ្រាន់តែជាការទទូលព័ត៌មានបឋមពីភាគីថៃតែប៉ុណ្ណោះ ។ គេកំពុងធ្វើការស្រាវជ្រាវបន្តលើករណីនេះ តែបើតាមប្រភពព័ត៌មានបឋមពីមន្ត្រីព្រំដែន ពលរដ្ឋខ្មែរទាំង០៣នាក់ខាងលើនេះ ត្រូវបានអាជ្ញាធរថៃ សម្រេចឃុំខ្លួនហើយ ។
ចែករំលែកព័តមាននេះ