ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Euro 2024 ៖ ព័រទុយហ្គាល់ឡើងប៉ះបារាំងវគ្គ ១/៤ ដ្បិត Ronaldo ស្រក់ទឹកភ្នែកសុំទោសអ្នកគាំទ្រ

2 ថ្ងៃ មុន

ប្រទេសអាល្លឺម៉ង់ ៖ ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ បន្តឡើងទៅវគ្គ៨ក្រុមចុងក្រោយ

ប្រទេសអាល្លឺម៉ង់ ៖ ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ បន្តឡើងទៅវគ្គ៨ក្រុមចុងក្រោយ ព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ ក្រោយយកឈ្នះលើស្លូវេនីទាំងត្រដាបត្រដួស តាមរយៈការទាត់បាល់១១ម៉ែត្រកាត់សេចក្តី នៅក្នុងលទ្ធផល ៣-០ ក្រោយបញ្ចប់ការប្រកួត ១២០នាទី គ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ។

ការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Deutsche Bank Park ព័រទុយហ្គាល់ក្នុងនាមជាក្រុមជើងខ្លាំងមួយនៅអឺរ៉ុប បើទោះជាមានប្រៀបជាងទាំងការគ្រប់គ្រងបាល់ និងការសម្រុកក្នុងការប្រកួតរយៈពេល៩០នាទី យ៉ាងណាក៏ដោយ ក៏ក្រុមរហស្សនាម «បញ្ចខែល» មួយនេះ មិនអាចរកគ្រាប់បញ្ចូល​ទីលើស្លូវេនីបានឡើយ ដែលត្រូវបន្ថែម ១៥នាទី ២ដង។

នៅក្នុងការប្រកួតបន្ថែមម៉ោងនេះ កីឡាករ Cristiano Ronaldo បានស្រក់ទឹកភ្នែកសោកស្តាយស្ទើរបោកខ្លួន បន្ទាប់ពីកីឡាករស្លូវេនីបានបង្កើតកំហុសក្នុងតំបន់គ្រោះថ្នាក់ ផ្តល់ឱកាសមាសបាល់ប៉េណាល់ទីដល់ព័រទុយហ្គាល់ ប៉ុន្តែការទាត់របស់ប្រធានក្រុមព័រទុយហ្គាល់វ័យ៣៩ឆ្នាំរូបនេះ ត្រូវបានសង្គ្រោះដោយអ្នកចាំទី Jan Oblak នៅនាទី ១០៥។

លទ្ធផល ០-០ នេះ បានរក្សាដល់ចប់ ១២០នាទី និងឈានដល់ការទាត់បាល់១១ម៉ែត្រកាត់សេចក្តី។
នៅក្នុងដំណាក់កាលចុងក្រោយនេះ ព័រទុយហ្គាល់ត្រូវអរគុណអ្នកចាំទី Diogo Costa របស់ខ្លួន ដោយសង្គ្រោះការទាត់របស់កីឡាករស្លូវេនីទាំង៣គ្រាប់ ដ្បិត៣គ្រាប់របស់ព័រទុយហ្គាល់សម្រេចបានដោយកីឡាករឆ្នើមទាំង៣ Cristiano Ronaldo, Bruno Fernandes និង Bernardo Silva។

ព័រទុយហ្គាល់ ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Roberto Martínez ឡើងទៅវគ្គ៨ក្រុមចុងក្រោយ ដោយត្រូវប៉ះមាន់គកបារាំង ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Didier Deschamps ដែលបានយកឈ្នះលើក្រុមបិសាចក្រហមបែលហ្ស៊ិកទាំងលំបាក នៅវគ្គ១៦ក្រុមចុងក្រោយ លទ្ធផល ១-០ នៅឯកីឡដ្ឋាន Merkur Spiel-Arena។ ជ័យជម្នះរបស់បារាំងកើតឡើង ដោយគ្រាប់បាល់ចូលទីខ្លួនឯងរបស់ខ្សែការពារបែលហ្ស៊ិក Jan Vertonghen នៅនាទី ៨៥។

កាលវិភាគប្រកួតវគ្គ៨ក្រុមចុងក្រោយ គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ៖
-០៥/០៧/២០២៤ អេស្ប៉ាញ ប៉ះ អាល្លឺម៉ង់ ម៉ោង១១:០០នាទីយប់
-០៥/០៧/២០២៤ ព័រទុយហ្គាល់ ប៉ះ បារាំង ម៉ោង០២:០០នាទីទៀបភ្លឺចូលថ្ងៃថ្មី
-០៦/០៧/២០២៤ អង់គ្លេស ប៉ះ ស្វីស ម៉ោង១១:០០នាទីយប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ