ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្ញាក់​ផ្អើល​! បាក់​ស្រុត​ផ្ទះ​អស់មួយ​ជួរ​ដោយ​អត់​ពី​​មូល​​ហេតុ​

2 ថ្ងៃ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទ្រុង​ក្រពើ ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​ចំនួន​៩​ខ្នង​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​១២​គ្រួសារ បាន​បាក់​ស្រុត​ធ្លាក់​ទៅ​ក្រោយ បណ្ដាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា…

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទ្រុង​ក្រពើ ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​ចំនួន​៩​ខ្នង​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​១២​គ្រួសារ បាន​បាក់​ស្រុត​ធ្លាក់​ទៅ​ក្រោយ បណ្ដាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៤ ។

លោក ឆាយ ខេ​ម​រ័​ត្ន អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង បាន​បញ្ជាក់​ថា មុន​ពេល​ឈាន​ដល់​ការ​បាក់​ស្រុត​ផ្ទះ​ទាំង​៩​ខ្នង គឺ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​មានការ​ស្រុត​ជើងទេរ​ផ្លូវ​ថ្មី​បន្តិចបន្តួច ដែល​នៅ​ជាប់​នឹង​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​រង​គ្រោះ ហើយ​ក្រោយមក​អាជ្ញាធរ​ក៏​បាន​ចាក់​បេតុង អម​សងខាង​ផ្លូវ ក្នុង​គោលបំណង​ទប់​ផ្លូវ​បេតុង​កុំ​ឲ្យ​បាក់​ស្រុត​បន្ត ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា​នេះ បាន​បាក់​ស្រុត​ផ្ទះ​នៅ​អម​ផ្លូវ​បេតុង​នេះ​តែ​ម្ដង តែ​ពុំ​មាន​នរណា​ម្នាក់​រង​របួស​ក្នុង​ហេតុការណ៍​នោះ​ទេ ។

លោក ហ៊ីង ភ័ព្វ​មីនា អភិបាលក្រុង​កំពង់ឆ្នាំង​នៅ​ពេល​អមដំណើរ​លោក សាន់ យូ អភិបាលរង​ខេត្តកំពង់ឆ្នាំង​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​នោះ​បាន​បញ្ជាក់​ថា លោក​បាន​ចាត់​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ជួយ​រុះរើ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ និង​ជួយ​លើក​សម្ភារៈ​របស់​ពួក​គាត់ ទៅ​ដាក់​នៅ​ប៉ែក​ខាង​ដី​ដែល​មិន​ស្រុត ។ ជាមួយ​គ្នា​នោះ​លោក​ក៏​បាន​រៀបចំ​ឲ្យ​បងប្អូន​ទាំង​១២​គ្រួសារ​ទៅ​ស្នាក់​នៅ​បណ្ដោះ អាសន្ន​នៅ​សាលាឆាន់​វត្ត​យាយ​ទេព​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​ពួក​គាត់​ថា​ទៅ​ស្នាក់​នៅផ្ទះ​បងប្អូន​វិញ ។

លោក​ក៏​ត្រៀម​រថយន្ត​សម្រាប់​ជួយ​ដឹក​ជញ្ជូន​សម្ភារៈ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែរ ។ ដោយឡែក​ចំពោះ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មានការ​បាក់​ស្រុត​នេះ​លោក​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​បែប​ណា​ទេ ព្រោះតែ​ព្រឹក​នេះ​មន្ត្រី​ជំនាញ​បាន​ទៅ​ពិនិត្យ និង​កំពុង​តែ​វាយតម្លៃ​មិន​ទាន់​ដឹង​មូលហេតុ​ពិតប្រាកដ​នៅឡើយ​ទេ ។

លោក​បញ្ជាក់​ទៀត​ថា មាន​ប្រជាពលរដ្ឋ​មួយ​គ្រួ​សារបាន​បញ្ជាក់​ប្រាប់​គាត់​ថា មាន​ទុយោ​ទឹក​របស់​រដ្ឋាករទឹក បាន​បែក​លិច​ទឹក​មួយ​កន្លែង ហូរ​ទឹក​ច្រោះ​ក្នុង​ដី​ចោល​ជា​យូរ​មក​ហើយ​ដែល​អាច​ជា​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ផ្សេង​ទៀត ដែល​បណ្ដាល​ឲ្យ​មាន​បាតុភាព​នេះ​កើតឡើង ។


ពលរដ្ឋ​រង​គ្រោះ​បាក់​ស្រុត​ផ្ទះ​នៅ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​បាន​ទទួល​អំណោយ​សង្គ្រោះ​បន្ទាន់ ។ លោក ហ៊ីង ភ័ព្វ​មីនា អភិបាលក្រុង​កំពង់ឆ្នាំង មាន​ប្រសាសន៍​ថា លោក​នឹង​រៀបចំ​បំពាក់​អំ​ពូ​ល​ភ្លើង​សឡា និង​ត​ចរន្តអគ្គិសនី ព្រមទាំង​ប្រព័ន្ធ​ទឹក​ស្អាត​ជូន​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​បាក់​រំលំ​ផ្ទះ​ចំនួន​៩​ខ្នង កាលពី​ថ្ងៃ​ទី​៣០ មិថុនា ២០២៤ ។ មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ឱកាស​អមដំណើរ​លោក យិ​ន សា​វ៉េ​ន អភិបាលរង​ខេត្តកំពង់ឆ្នាំង ចុះ​ចែក​អំណោយ​ជូន​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​ផ្ទះ​ចំនួន​៩​ផ្ទះ​ស្មើនឹង​១២​គ្រួសារ​នៅ​ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់​ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៤ ។

លោក អភិបាលក្រុង​កំពង់ឆ្នាំង​បាន​បន្ត​ថា ក្រៅពី​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ទី​មាន​សុវត្ថិភាព ដែល​មាន​បំពាក់​ប្រព័ន្ធ​ទឹក ភ្លើង ហើយ​នោះ លោក​នឹង​ចាត់​ឱ្យ​ក្រុមការងារ​ចុះ​សិក្សា​អំពី​ស្ថានភាព​ផ្លូវ​ក៏​ដូច​ជាទី​តាំង​កើតហេតុ ដើម្បី​រៀបចំ​ជួសជុល​ឬ​ស្ដារ​ស្ថានភាព​ឡើង​វិញ ។ ជាមួយ​គ្នា​នេះ​លោក​សំណូមពរ​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ចូល​ទៅ​រស់នៅ​ទីតាំង​កើតហេតុ ពិសេស​ក្មេង​ៗ​ចូល​ទៅ​លេង​កម្សាន្ត​នៅ​ទីតាំង​នោះ​ឡើយ ។

លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​មាន​ប្រសាសន៍​ថា ថ្ងៃនេះ​ដោយ​បានការ​យកចិត្តទុកដាក់​ពី​សម្ដេច បវរ​អធិបតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានដឹង​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​រង​គ្រោះ ចំនួន​៩​ខ្នង​ផ្ទះ លោក​បាន​នាំ​នូវ​អំណោយ​ជូន​បងប្អូន​ក្នុង​ពេល​នេះ ដោយ​ក្នុង​មួយ​ខ្នង​ផ្ទះ​ទទួល​បាន មាន​អង្ករ​២៥​គីឡូក្រាម មី​១​កេស ទឹកត្រី​១​យួរ ទឹក​ស៊ី​អុ​ី​វ​១​យួរ ត្រីខ​១​យួរ មុង​១ ស័ង្កសី ៣០​សន្លឹក និង​ថវិកា​មួយ​ចំនួន ។

សូម​រំលឹក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៤ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៩​ខ្នង​ផ្ទះ មាន​ប្រជាពលរដ្ឋ​រស់នៅ​១២​គ្រួសារ នៅ​ក្បែរ​ទ្រុង​ក្រពើ​ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​បាក់​ស្រុត បណ្ដាល​ឱ្យ​ខូចខាត​យ៉ាងដំណំ ។ ទោះបី​យ៉ាងនេះ​ក្តី ពុំ​មាន​នរណា​រង​របួស​ក្នុង​ហេតុការណ៍​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ