ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការនាំចេញសព្វាវុ.ធរបស់ប្រទេសអាល្លឺម៉ង់ នឹង​ឈាន​ដល់កំណត់ត្រាថ្មី

2 ថ្ងៃ មុន

ប្រទេសអាល្លឺម៉ង់ ៖ យោងតាមទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ ដែលចេញផ្សាយ

ប្រទេសអាល្លឺម៉ង់ ៖ យោងតាមទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ ដែលចេញផ្សាយកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ បានបង្ហាញថា ការនាំចេញសព្វាវុធរបស់អាល្លឺម៉ង់ បានកើនឡើងរហូតដល់ ៣០% នៅក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ដោយរវាងថ្ងៃទី ១ ខែ មករា ដល់ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ២០២៤ រដ្ឋាភិបាល​អាល្លឺម៉ង់ បានអនុម័តការនាំចេញសព្វាវុធសរុបមានតម្លៃយ៉ាងហោចណាស់ ៧.៤៨ពាន់លានអឺរ៉ូ ដែលស្មើនឹង ៨.០១ពាន់លានដុល្លារអាមេរិក។

យោងប្រភពពីសារព័ត៌មានរដ្ឋអាល្លឺម៉ង់ DW កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ បានរាយការណ៍ថា ទិន្នន័យក្រសួងបានបង្ហាញថា គិតត្រឹមថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ២០២៤ ការនាំចេញបានឈានដល់ ៦០% នៃចំនួនសរុបនៃឆ្នាំ ២០២៣ រួចហើយ។ ហើយប្រសិនបើការនាំចេញនៅតែបន្តសម្រាប់រយៈពេលនៅសេសសល់នៃឆ្នាំនេះ នោះតម្លៃសរុបនៃការលក់សព្វាវុធអាល្លឺម៉ង់ ត្រូវបានកំណត់ដើម្បីឈានដល់កំណត់ត្រាថ្មីមួយទៀត។

ការនាំចេញសព្វាវុធរបស់អាល្លឺម៉ង់ពេញមួយឆ្នាំ ២០២៣ បានកើនឡើងដល់កម្រិតខ្ពស់បំផុតចំនួន ១៣.១១ពាន់លានដុល្លារ ដែលភាគច្រើនសម្រាប់អ៊ុយក្រែន ដើម្បីការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ អាជ្ញាប័ណ្ណនាំចេញលើទឹកប្រាក់ចំនួន ៦.៨ពាន់លានដុល្លារ កាលពីឆ្នាំមុន គឺសម្រាប់អាវុធសង្រ្គាម និង ៦.២ពាន់លានដុល្លារ សម្រាប់ឧបករណ៍យោធាផ្សេងទៀត រួមទាំងរថពាសដែកផងដែរ។

ការនាំចេញអាវុធរបស់អាល្លឺម៉ង់ភាគច្រើនបញ្ជូនទៅអ៊ុយក្រែនទិន្នន័យបានបង្ហាញថា ជិត ២/៣ នៃការនាំចេញនៅក្នុងឆមាសទី១ នៃឆ្នាំនេះ ត្រូវបានកំណត់គោលដៅសម្រាប់អ៊ុយក្រែន។ ការនាំចេញសព្វាវុធសរុបរបស់អាល្លឺម៉ង់ទៅកាន់ប្រទេសដែលកំពុងហែកហួរដោយភ្លើងសង្រ្គាមមួយនេះ បានឈានដល់កម្រិតខ្ពស់បំផុតពោលក្នុងតម្លៃ ៥.២ពាន់លានដុល្លារ ក្នុងឆមាសទី១ នៃឆ្នាំនេះ។

អំឡុងឆ្នាំដំបូងនៃជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី រដ្ឋាភិបាលទីក្រុងប៊ែរឡាំងបានយល់ព្រមលើការបញ្ជូនអាវុធទៅទីក្រុងគៀវ ដែលមានតម្លៃ ២.៤ពាន់លានដុល្លារ រួមទាំងប្រព័ន្ធការពារអាកាស និងកាំភ្លើងធំធុនធ្ងន់ផងដែរ។ កាលពីឆ្នាំមុន ការអនុញ្ញាតឱ្យនាំចេញទៅកាន់អ៊ុយក្រែន ក៏បានកើនឡើងដល់ ៤.៧ពាន់លានដុល្លារ ជាមួយការប្តេជ្ញាចិត្តក្នុងការចែកចាយរថក្រោះប្រយុទ្ធ Leopard 2 ។

អាល្លឺម៉ង់ គឺជាប្រទេសផ្គត់ផ្គង់អាវុធធំទី២ដល់អ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិក។ ហើយបើតាមរបាយការណ៍វិទ្យាស្ថាន Kiel សម្រាប់សេដ្ឋកិច្ចពិភពលោកបង្ហាញថា ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ប្រទេសអាល្លឺម៉ង់បានសន្យាផ្តល់ជំនួយយោធាលើទឹកប្រាក់ចំនួន ១០.៩ពាន់លានដុល្លារដល់ទីក្រុងគៀវ បើទោះបីជាមិនមែនក្នុងទម្រង់នៃការនាំចេញអាវុធទាំងអស់ យ៉ាងណាក៏ដោយ។

ការនាំចេញអាវុធទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ផ្តើមឡើងវិញ ទិន្នន័យបានបង្ហាញថា ប្រទេសកំពូលទាំង ៥ ផ្សេងទៀត ដែលនឹងទទួលបានអាវុធពីប្រទេសអាល្លឺម៉ង់ រួមមាន សិង្ហបុរី ១.៣ពាន់លានដុល្លារ, ឥណ្ឌា ១៦៥លានដុល្លារ, អារ៉ាប៊ីសាអូឌីត ១៤២លានដុល្លារ និង កាតា ១០៧លានដុល្លារ។ អារ៉ាប៊ីសាអូឌីត បានត្រឡប់ចូលក្នុងបញ្ជីកំពូលទាំង ៥ ឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលអាល្លឺម៉ង់ បានបន្ធូរបន្ថយការរឹតបន្តឹងលើការនាំចេញអាវុធ ទៅកាន់ព្រះរាជាណាចក្រឈូងសមុទ្រមួយនេះ កាលពីខែកក្កដា ឆ្នាំមុន។

ប្រទេសអាល្លឺម៉ង់បានបញ្ឈប់ការលក់អាវុធទៅឱ្យរដ្ឋសម្បូរប្រេងមួយនេះ ជុំវិញការសម្លាប់អ្នកកាសែតអារ៉ាប៊ីសាអូឌីត លោក Jamal Khashoggi នៅក្នុងឆ្នាំ ២០១៨ ដែលត្រូវបានសម្លាប់យ៉ាងឃោរឃៅ នៅខាងក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។

ហេតុផលមួយផ្សងទៀត ដែលត្រូវបានលើកឡើងសម្រាប់ការទប់ស្កាត់ការនាំចេញ ព្រោះការជាប់ពាក់ព័ន្ធរបស់អារ៉ាប៊ីសាអូឌីត នៅក្នុងសង្គ្រាមស៊ីវិលដែលកំពុងឆេះឆួលនៅក្នុងប្រទេសយេម៉ែន។ ក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់បានសង្កត់ធ្ងន់ថា ការយល់ព្រមលក់អាវុធដល់អារ៉ាប៊ីសាអូឌីត គឺត្រូវបានផ្សារភ្ជាប់ទៅនឹងគម្រោងរួមគ្នាជាមួយដៃគូអង្គការណាតូ (NATO) ឬសហភាពអឺរ៉ុបផ្សេងទៀត៕ (ប្រភព ៖ DW)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ