ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គស្នងការ​នគ​បាល​ជាតិ៖​​បញ្ឈប់ជា​បន្ទាន់​​នូវសកម្ម​ភាព​ពួនស្ទាក់​ដើម្បី​ត្រួតពិនិត្យ​ចរាចរណ៍​​

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ អគ្គស្នងការ​នគ​បាល​ជាតិ​បាន​ចេញ​បញ្ជា​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​ ចំពោះ​នគ​បាល​ចរាចរណ៍​ណា​ដែល​ធ្វើ​សកម្មភាព​ពួនស្ទាក់ ​ដើម្បី​ត្រួតពិនិត្យផាកចរាចរណ៍​គ្រប់​រូបភាព​ដែល​អាច​ឲ្យ​មាន​បាតុភាព​នានា​កើតឡើង ​។ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត…

រាជធានី​ភ្នំពេញ ​៖​ អគ្គស្នងការ​នគ​បាល​ជាតិ​បាន​ចេញ​បញ្ជា​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​ ចំពោះ​នគ​បាល​ចរាចរណ៍​ណា​ដែល​ធ្វើ​សកម្មភាព​ពួនស្ទាក់ ​ដើម្បី​ត្រួតពិនិត្យផាកចរាចរណ៍​គ្រប់​រូបភាព​ដែល​អាច​ឲ្យ​មាន​បាតុភាព​នានា​កើតឡើង ​។

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ បាន​លើក​ឡើង​កិច្ចប្រជុំ​ដក​ពិសោធន៍​ការងារ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នា​ព្រឹក​ថ្ងៃ​ទី​៣​ ខែកក្កដា ឆ្នាំ ២០២៤​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ថា​ ក្រោយ​មើលឃើញ​ថា ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ពិសេស​៦​ខែ​ឆ្នាំ​២០២៤ ហាក់​មានការ​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ និង​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ បើ​ធៀប​ឆ្នាំ​កន្លង​ទៅ​។

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គ​បាន​បង្ហាញ​នូវ​ការ​ព្រួយបារម្ភ​ជា​ខ្លាំង នៅ​ពេល​ឃើញ​ស្ថានភាព​នៃ​ការ​គ្រោះថ្នាក់​ចរាចរណ៍​មានការ​កើនឡើង ហើយ​ភាគច្រើន​នៃ​អ្នក​គ្រោះថ្នាក់​សុទ្ធតែ​បាត់បង់​ជីវិត និង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​តែ​ម្ដង​។

ឯកឧត្តម ស ថេ​ត បញ្ជា​ឲ្យ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស និង​បង្កើន​ការ​ផ្សព្វផ្សាយ​អប់រំ ក្រោយ​រយៈពេល​៦​ខែ ឆ្នាំ​២០២៤​នេះ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​។

ដោយ​មានការ​យកចិត្តទុកដាក់ និង​គិតគូរ​ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺង​មាត់​ដល់​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត ត្រូវ​តែ​ចាត់វិធានការ​បន្ទាន់​ក្នុង​ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ព្រោះ​ឯកឧត្តម​យល់​ឃើញ​ថា មាន​តែ​ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​នោះ​ទេ ទើប​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​។

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិកត់​សម្គាល់ថា បើ​ពឹងផ្អែក​តែ​យន្ដការ​ផ្សព្វផ្សាយ អប់រំ ច្បាស់​ណាស់​មិន​អាច​កាត់​បន្ថយ​បាន​ឡើយ​។ ឯកឧត្តម បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​គិត​ថា ដើម្បី​យើង​កាត់​បន្ថយ​ការ​គ្រោះថ្នាក់​នេះ កត្តា​ដែល​សំខាន់​បំផុត​មិន​មាន​អ្វី​ល្អ​ជាង​ការ​រឹត​បន្ដឹង​ច្បាប់​ទេ តែ​យើង​ក៏​មិន​ត្រូវ​បោះបង់​ចោលការ​ផ្សព្វផ្សាយ​ដែរ​។ ច្បាប់​ចរាចរណ៍​ផ្លូវគោក បាន​ផ្សព្វផ្សាយ​តាំងពី​ពេល​ចូល​ជា​ធរមាន រហូត​មក​ដល់​ពេល​នេះ មិន​តិច​ឆ្នាំ​នោះ​ទេ ប្រជាពលរដ្ឋ​នៅ​តែ​មិន​ទាន់​យល់​ជ្រួតជ្រៀប ដោយ​គ្រាន់តែ​ខ្លាច​សមត្ថកិច្ច​ប៉ុណ្ណោះ​»​។

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ បាន​សង្កត់ធ្ងន់​ថា​៖” ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នេះ ត្រូវ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់ ដោយ​ត្រូវ​បញ្ឈប់​នូវ​ការ​ពួនស្ទាក់​ដែល​ងាយ​នឹង​មាន​បាតុភាព​នានា​កើតឡើង​។ ការ​អនុវត្ត​នេះ ត្រូវធ្វើ​ដោយ​បើក​ជំហរ ក្នុង​នោះ​មាន​ទាំង​ការ​ត្រួតពិនិត្យ​ការ​ប្រើប្រាស់​ល្បឿន និង​ការ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ជាដើម​”​។

ឯកឧត្តម ស ថេ​ត គូសបញ្ជាក់​ទៀត​ថា ចាប់ពី​ពេល​នេះ​ទៅ​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត ត្រូវធ្វើ​ផែនការ​អនុវត្ត​ឲ្យ​បាន​ច្បាស់លាស់ តាម​អ្វី​ដែល​ជា​ការ​ណែនាំ ហើយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ តាម​រយៈ​សេនាធិការ​នឹង​ធ្វើការ​តាមដាន​ជាប់​ជា​ប្រចាំ​។ ប៉ុន្ដែ​មុន​នឹង​អនុវត្ត​ការ​រឹង​បន្ដឹង​ច្បាប់ ត្រូវ​តែ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ជា​មុន តាម​មធ្យោបាយ​នានា ពិសេស​តាម​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​។

យោង​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា រយៈពេល​៦​ខែ ឆ្នាំ​២០២៤ គ្រោះថ្នាក់​កើតឡើង​ចំនួន​១,៥៣៤​លើក (​យប់​៥៥%) បណ្តាល​ឲ្យ​ស្លាប់​ចំនួន​៧៩៣​នាក់ កើន​៣៧​នាក់ ស្មើ​៥% (​បុណ្យចូលឆ្នាំ​ខ្មែរ​កើន​១៥​នាក់​) និង​របួស​ចំនួន​២,១១៦​នាក់ (​ធ្ងន់​១,២៤៣​នាក់​) កើន​៤៤​នាក់ ស្មើ​២%​។

មូលហេតុ​បង្ក​គ្រោះថ្នាក់​រួម​មាន​៖ ល្បឿន​៤០% មិន​គោរព​សិទ្ធិ​២៤% មិន​ប្រកាន់​ស្តាំ​៩% បត់​គ្រោះថ្នាក់​៩% ប្រជែង​គ្រោះថ្នាក់​៧% កត្តា​យាន​៤% ស្រវឹង​៣% ងងុយ​១% ល្មើស​សញ្ញា​ចរាចរណ៍​១% កត្តា​អាកាសធាតុ​១% និង​ថ្មើរជើង​ឆ្លងផ្លូវ​១%​។ គ្រោះថ្នាក់​បង្ក​ដោយ​អ្នក​ជិះ​ម៉ូតូ​៤៩% អ្នកបើកបរ​រថយន្ត​ធុន​ស្រាល​៣១% អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​១១% អ្នកបើកបរ​យាន​ផ្សេង​ៗ៧% និង​ថ្មើរជើង​១%​។

ក្នុង​ចំណោម​អ្នក​ស្លាប់ រួម​មាន អ្នក​ជិះ​ម៉ូតូ​ចំនួន​៧៩% ក្នុង​នោះ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន​៦៧%​។ គ្រោះថ្នាក់​បាន​កើតឡើង​ច្រើន​នៅ​រាជធានី​ភ្នំពេញ ចំនួន​៤៥០​លើក​, ខេត្តកណ្តាល ចំនួន​១៣០​លើក និង​ខេត្ត​ព្រះ​សីហ​នុ ចំនួន​១២៩​លើក​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ