ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​កូន​ឈើ​ជាង​៤​ម៉ឹ​ន​ដើម សម្រាប់​ចែក​ជូន​ពលរដ្ឋ ដោយ​ឥត​គិតថ្លៃ ក្នុង​ថ្ងៃ​ពិព័រណ៍​ខាង​មុខ​នេះ

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ កូន​ឈើ​ជាង​៤​ម៉ឹ​ន​ដើម នឹង​ធ្វើការ​ចែក​ជូន​ប្រជាពលរដ្ឋ ដោយ​ឥត​គិតថ្លៃ នៅ​ថ្ងៃ​ពិព័រណ៍​ផ្សព្វផ្សាយ និង​ចែ​កូន​ឈើ ចាប់ពី​ថ្ងៃ​ទី​១០-១៦ ខែកក្កដា ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ៖ កូន​ឈើ​ជាង​៤​ម៉ឹ​ន​ដើម នឹង​ធ្វើការ​ចែក​ជូន​ប្រជាពលរដ្ឋ ដោយ​ឥត​គិតថ្លៃ នៅ​ថ្ងៃ​ពិព័រណ៍​ផ្សព្វផ្សាយ និង​ចែ​កូន​ឈើ ចាប់ពី​ថ្ងៃ​ទី​១០-១៦ ខែកក្កដា ឆ្នាំ​២០២៤ ខាង​មុខ​នេះ ដោយ​ក្រសួងបរិស្ថាន ។

ក្នុង​ថ្ងៃ​ពិព័រណ៍​ផ្សព្វផ្សាយ និង​ចែ​កូន​ឈើ ក្រោម​មូលបទ «​ពន្លក​បៃតង​» ចាប់ពី​ថ្ងៃ​ទី​១០ -១៦ ខែកក្កដា ឆ្នាំ​២០២៤ ខាង​មុខ​នេះ នា​មុខ​ទីស្តីការ​ក្រសួងបរិស្ថាន កូន​ឈើ​យ៉ាង​ហោច​ណាស់ ១​លាន​៣​សែន​ដើម នឹង​ត្រូវ​ចែក​ជូន​ពលរដ្ឋ ដែល​ចូល​មក​ទស្សនា ដោយ​ឥត​គិតថ្លៃ ដើម្បី​បាន​យក​ទៅ​ដាំ​នៅ​តាម​គេហដ្ឋាន សាលារៀន វត្ត​អារាម ទីកន្លែង​សាធារណៈ និង​ទីតាំង​ឯកជន​នានា​។ សម្រាប់​ពលរដ្ឋ​ដែល​ចូលរួម​នឹង​ទទួល​បានកូន​ឈើ​ក្នុង​ម្នាក់​យ៉ាងតិច​១០​ដើម ចុះ​ក្រោម​ផង​ដែរ ។

ថ្លែង​ក្នុង​ស​ន្និ​សិទ្ធ​សារព័ត៌មាន ស្តី​ពី​ការ​ត្រៀម​រៀបចំ​ពិព័រណ៍ «​ពន្លក​បៃតង​» នា​ព្រឹក​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៤ លោក ខ្វៃ អាទិ​ត្យា មន្ត្រី​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​លើក​ឡើង​ថា ក្នុង​ពិព័រណ៍​ផ្សព្វផ្សាយ និង​ចែ​កូន​ឈើ​នេះ គឺជា​ផ្នែក​មួយ ក្នុង​យុទ្ធនាការ​ដាំ​កូន​ឈើ​យ៉ាងតិច ១​លាន​ដើម ជា​រៀង​រាល់​ឆ្នាំ ។

លោក​បញ្ជាក់​បន្ថែម​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​ទាំងនេះ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ស្ថានភាព​ជាក់ស្តែង​របស់​កម្ពុជា និង​និន្នាការ​បរិស្ថាន​ពិភពលោក សម្រាប់​ឱ្យ​កិច្ច​ការពារ​ថែរក្សា និង​អភិរក្ស​ជីវៈចម្រុះ និង​ធនធានធម្មជាតិ ក្នុង​តំបន់ការពារធម្មជាតិ​ឱ្យ​ទទួល​បាន​ប្រសិទ្ធភាព និង​មាន​ចីរភាព ពិសេស​នោះ គឺ​ការ​ជំរុញ​ដំណើរ​កម្ពុជា​ឆ្ពោះទៅ​ជា​ប្រទេស​អព្យាក្រឹត​កាបូន និង​មាន​គម្រប​ព្រៃឈើ​ចំនួន ៦០​ភាគរយ​នៅ​ឆ្នាំ​២០៥០​ខាង​មុខ ។

ចំណែក​លោក សាម អ៊ី​ន រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​បញ្ជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ ដែល​អញ្ជើញ​មក​ចូលរួម​ហើយ​ពួក​គាត់​អាច​ទទួល​បានកូន​ឈើ​ក្នុង​ម្នាក់​១០​ដើម​ចុះ​ក្រោម ព្រោះថា ខាង​មន្ទីរ​បរិស្ថាន​នីមួយ​ៗ បាន​បណ្តុះ​កូន​ឈើ ហើយ​តាម​ការ​ណែនាំ​របស់​រដ្ឋមន្ត្រី គឺ​ពួ​គាត់​នឹង​ដឹក​កូន​ឈើ​ចំនួន​១,៥០០​ដើម​ជា​មធ្យម សម្រាប់​ចែក​ជូន​ដល់​ពលរដ្ឋ​ក្នុងថ្ងៃនេះ​។ យើង​មានកូន​ឈើ​នៅ​ទី​នេះ​សម្រាប់​ចែក​ជូន គឺ​ប្រមាណ​ជាង​៣៧,៥០០​ដើម ដែល​ចេញពី​មន្ទីរ​បរិស្ថាន​រាជធានី ខេត្ត និង​អង្គការ​ដៃគូ​មួយ​ចំនួន​ទៀត ជួយ​ឧបត្ថម្ភ​ជាង​៧​ពាន់​ដើម​ផង​ដែរ​។ អ៊ីចឹង​នៅ​ទី​នេះ មាន​ជាង​៤៤,៥០០​ដើម ហើយ​នៅ​តាម​ថ្នាល​រាជធានី ខេត្ត និង​បូក​ទាំង​របស់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ផង គឹ​មាន​ជាង​១,៣០០,០០០​ដើម ។

លោក​បាន​បញ្ជា​បន្ថែម​ថា ក្រៅពី​មក​ទស្សនា​ពី​ដើមឈើ ទទួល​ដើមឈើ​ដោយ​ឥត​គិតថ្លៃ​ហើយ ប្រជាពលរដ្ឋ​នៅ​បាន​មក​ស្វែង​យល់​ពី​ការងារ​របស់​មន្ទីរ​រាជធានី​-​ខេត្ត​ទៀត​ផង​។ ក្រៅពី​នេះ ពលរដ្ឋ​នឹង​បាន​ទស្សនា​សត្វព្រៃ ធនធានធម្មជាតិ ជីវចម្រុះ​សត្វព្រៃ​ខ្មែរ​។ ជាមួយ​គ្នា​នេះ ពលរដ្ឋ​អាចម​កមក​ទិញ​កសិផល​ខ្មែរ ដែល​ជា​ភូមិ​មួយ​ផលិតផល​មួយ ចេញពី​សហគមន៍​នានា បាន​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ