ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកស.ពក្មេ.ងរងគ្រោះឃើញហើយ ខណៈជនសង្ស័យ​​​បង្កៃខ្សែភ្លើងសារភាពលម្អិត​

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គ្រួសារអ្នកលក់បន្លែដែលបង្កៃខ្សែភ្លើងការពាររ៉ឺម៉ករបស់ខ្លួន បណ្ដាលឲ្យឆក់ក្មេង

រាជធានីភ្នំពេញ ៖ គ្រួសារអ្នកលក់បន្លែដែលបង្កៃខ្សែភ្លើងការពាររ៉ឺម៉ករបស់ខ្លួន បណ្ដាលឲ្យឆក់ក្មេងប្រុសម្នាក់ស្លាប់ ហើយដឹកសពគេចខ្លួនបាត់ទាំងគ្រួសារ កាលពីវេលាម៉ោងជាង១២យប់រំលង​អាធ្រាត្រឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោមមខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនោះ ។ ទីបំផុតនៅមិនសុខឡើយដោយមិនអាចគេចខ្លួនតទៅទៀតបាន ក៏បានសម្រេចចូលសារភាពនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាព្រឹកព្រលឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ហើយ ។

នគរបាលបានប្រាប់ឲ្យដឹងថា ជនសង្ស័យ ១គ្រួសារនោះមានប្ដីឈ្មោះ អ៊ាត ចាន់ធឿន ហៅ តាយក្ស អាយុ៥៤ឆ្នាំ និងប្រពន្ធឈ្មោះ សោម ធូ អាយុ៥២ឆ្នាំ រួមទាំងកូនស្រីម្នាក់ផងដែរ ។ ជនសង្ស័យមានទីលំនៅភូមិធ្លក ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបានមកស្នាក់នៅបន្ទប់ជួលភូមិកើតហេតុខាងលើ ។

ចំណែកក្មេងប្រុសរងគ្រោះឈ្មោះ សន វណ្ណា អាយុ១៣ឆ្នាំ មានឪពុកឈ្មោះឪពុកឈ្មោះឈួន សុផល អាយុ៤៣ឆ្នាំ មុខរបរកម្មករសំណង់ និងម្ដាយឈ្មោះនុត សាមាន អាយុ៣៤ឆ្នាំមុខរបរកម្មការិនីរោងចក្រ ។ មានស្រុកកំណើតភូមិផ្សាលិច ឃុំព្រែកព្នៅ ស្រុកពញាឮ ខេត្តកណ្តាល និងស្នាក់នៅបន្ទប់ជួល ស្ថិតនៅក្នុងភូមិកើតហេតុនោះដែរ ។

នគរបាលដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពេលជនសង្ស័យចូលទៅសារភាពបែបនេះ នគរបាលប៉ុស្តិ៍សំរោងក្រោម និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានសម្រេចធ្វើការឃាត់ខ្លួនទាំង៣នាក់តែម្ដង ។ បន្ទាប់មកបាននាំបុរសជាប្ដីទៅចង្អុលបង្ហាញទីតាំងដែលបានទម្លាក់សាកសពក្មេងប្រុសរងគ្រោះខាងលើចោល ក្នុងព្រៃក្រោមដើមឈើនៅជិតស្ពានព្រែកក្ដាម ស្ថិតនៅក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាប់ព្រំប្រទល់ជាមួយស្រុកពញាឮ ខេត្តកណ្ដាល ។

ក្រោយពេលនាំខ្លួនទៅដល់ទីតាំងទម្លាក់សាកសពនោះ នគរបាលបានឲ្យជនសង្ស័យខាងលើនិយាយពីដំណើររឿងដែលបានកើតឡើងនិងបានថតជាវីដេអូរទុកផងដែរ ខណៈជនសង្ស័យបានឆ្លើយសារភាពលម្អិតដូច្នេះថា គាត់ពិតជាបានរាយខ្សែភ្លើង ត ជាប់រ៉ឺម៉ករបស់គាត់មែន ដោយទើបតែ ត ដាក់បានរយៈពេល៥ថ្ងៃប៉ុណ្ណោះ ។ គាត់តនេះដើម្បីទាក់សត្វកណ្ដុរកុំឲ្យឡើងទៅសុីបន្លែ ផ្លែឈើរបស់គាត់ប៉ុណ្ណោះ ពុំមានគោលបំណងដាក់ឲ្យឆក់មនុស្សនោះឡើយ ហើយនៅវេលាម៉ោង១១ ឬ១២យប់ទើបគាត់ដាក់ ។ ព្រោះម៉ោងនោះមនុស្សលែងដើហើយ មិនមែនដាក់នៅម៉ោង៦ឬម៉ោង៧នោះអត់ទេ ហើយយប់ថ្មើរនេះទៅហើយគាត់ក៏មិនដឹងថាក្មេងប្រុសរងគ្រោះរូបនោះទៅឡើងលើរ៉ឺម៉ករបស់គាត់ធ្វើអ្វីទេ ទើបបណ្ដាលឲ្យឆក់ស្លាប់បែបនេះ ។

ជនសង្ស័យរូបនេះបាននិយាយរៀបរាប់បន្តទៀថា ភ្លាមៗនោះគាត់មិនបានដឹងឡើយ រហូតដល់វេលាម៉ោង៤ជិតភ្លឺ ខណៈពេលគាត់ក្រោកពីដេកដើរចេញពីក្នុងផ្ទះ ដើម្បីរៀបចំទៅផ្សារ ក៏ស្រាប់តែឃើញក្មេងប្រុសរងគ្រោះស្លាប់នៅក្បែររ៉ឺម៉កគាត់បាត់ទៅហើយ ។ ពេលនោះគាត់មានការភិតភ័យស្លន់ស្លោខ្លាំងណាស់ ហើយមិនដឹងជាធ្វើយ៉ាងម៉េចទេ ក៏បានលើកសពក្មេងប្រុសរងគ្រោះទៅដាក់ខាងមុខក្បែថបង្គោលភ្លើង ប៉ុន្តែនៅមិនសុខទេ ខ្លាចមានគេឃើញច្រើន ក៏បានលើកសពទៅដាក់នៅតាមផ្លូវក្រោយវិញ ។ បន្ទាប់មកគាត់បានបើកម៉ូតូសណ្ដោងរ៉ឺម៉ករបស់គាត់នោះ ទៅដឹកសពក្មេងប្រុសរងគ្រោះចាកចេញពីកន្លែងកើតហេតុតែម្នាក់ឯងប៉ុណ្ណោះ អត់មាននរណាដឹងទេ អត់មានពាក់ព័ន្ធជាមួយប្រពន្ធកូនឡើយ។

បុរសសង្ស័យខាងលើបាននិយាយបន្ថែមទៀតថា មុនពេលដឹកសពចេញទៅនោះគាត់ទិញសាំងតែ១លីត្រប៉ុណ្ណោះដើម្បីចាក់ម៉ូតូ ពុំមែនទិញ៣ឬ៤លីត្រដូចពាក្យចចាមអារ៉ាមនោះឡើយ បន្ទាប់មកគាត់ចេះតែបើកៗទៅ ។ រហូតដល់វេលាម៉ោង១១ព្រឹកថ្ងៃទី១ ខែកក្កដា ដដែលនោះគាត់បានទៅដល់ក្នុងព្រៃមួយកន្លែងមានដើមឈើ១ដើម ដែលគាត់មិនធ្លាប់បានស្គាល់ពីមុនមកទេ(នៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ) ។ ទីនោះស្ងាត់ល្អគាត់ក៏បានទម្លាក់សពចោលនៅទីនោះតែម្ដង រួចបានបើកម៉ូតូសណ្ដោងកន្ទុយរ៉ឺម៉កទទេចេញពីទីនោះ ហើយបានដោះកន្ទុយរ៉ឺម៉កលក់អតចាយបានប្រាក់ចំនួន២៥ម៉ឺនរៀល ។

គាត់បានបញ្ជាក់បន្ថែមថា ក្រោយមកគាត់បានចេញពីកន្លែងអេតចាយប៉ុន្តម៉ូតូបានខូចទៅមុខលែងរួច គាត់ក៏ទុកផ្ទះជាងមួយកន្លែឲ្យជាងជួសជុលឲ្យ បន្ទាប់មកក៏បានជិះម៉ូតូកង់បី១គ្រឿងទៅចុះនៅគល់ស្ពានព្រែកក្ដាម ដើម្បីជិះរថយន្តឈ្នួលគេចខ្លួនទៅផ្ទះប្អូននៅឯខេត្តព្រះវិហារ ។ ប៉ុន្តែពេលនោះអត់មានរថយន្តជិះទៅភ្លាមៗឡើយ គាត់ក៏បានអង្គុយផឹកកាហ្វេនៅទីនោះរហូតដល់វេលាម៉ោងប្រមាណ៧និង៣០នាទីយប់ថ្ងៃដដែល ទើបមានរថយន្តឈ្នួលជិះទៅខេត្តព្រះវិហារ ។ គាត់បានទៅដល់ផ្ទះប្អូនប្រុសបង្កើតនាវេលាម៉ោង៤ភ្លឺថ្ងៃទី២ ខែកក្កដា ពេលនោះប្អូនប្រុសបានសួរគាត់ថា​«តើឯង​មកទីនេះធ្វើអ្វី? គាត់ក៏បានប្រាប់ថាអញមកលេង» ហើយប្អូនប្រុសក៏បានឲ្យស្នាក់នៅ ។

បុរសដែលជាជនសង្ស័យដដែលនេះបានសារភាពទៀតថា ប៉ុន្តែស្នាក់នៅបាន១ថ្ងៃកូនគាត់បានខលទៅសួរប្អូនប្រុសគាត់ថា មានឃើញប៉ាខ្ញុំទៅផ្ទះពូឬអត់ ? ប្អូនគាត់ឆ្លើយថា ឃើញ ពេលនោះកូនគាត់ប្រាប់ថា បើអញ្ចឹងពូឲ្យគាត់មកចូលសារភាពទៅ ទើបប្អូនប្រុសគាត់ដឹងរឿងនិងបានដេញឲ្យគាត់មកសារភាព ។ បន្ទាប់មកគាត់បានជិះរថយន្តឈ្នួលត្រលប់មកភ្នំពេញវិញ ហើយរហូតដល់វេលាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ គាត់ក៏បាននាំប្រពន្ធនិងកូនស្រីចូលសារភាពទោសកំហុសនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសំរោងក្រោមតែម្ដង ។

សូមរំឭកថា យោងតាមកាមេរ៉ាសុវត្ថិភាព នៅវេលាម៉ោងជាង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្មេងប្រុសរងគ្រោះខាងលើបានចេញពីក្នុងឃ្លាំងមួយនៅជិតនោះដើម្បីនោម ហើយបានតោងរ៉ឺម៉កម៉ូតូខាងលើក៏ត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗ ។ បន្ទាប់មកបុរសជាជនសង្ស័យបានលើកសពចេញយកទៅដាក់ឲ្យដេកឱបបង្គោលភ្លើង ក្នុងបំណងបំភាន់ភ្នែកក្រុមគ្រួសារសព ក៏ដូចជាមហាជននិងសមត្ថកិច្ចផងដែរ ។ ប៉ុន្តែក្រោយមកទំនងជាខ្លាចគេអត់ជឿ ក៏បានលើកសពក្មេងប្រុសខាងលើទៅដាក់នៅខាងក្រោយផ្ទះជួល រួចលើកដាក់រ៉ឺម៉កនាំប្រពន្ធកូនគេចខ្លួនបាត់អស់ ។

ចំណែកឪពុកម្ដាយក្រោយពីបាត់កូន ក៏បានតាមរកគ្រប់ទីកន្លែងមិនបានឃើញសោះ រហូតដល់វេលាម៉ោង១១យប់ថ្ងៃដដែលបានសុំឆែកមើលកាមេរ៉ាសុវត្ថិភាពអ្នកជិតខាងទើបឃើញកូនស្លាប់ដោយចរន្តអគ្គិសនីឆក់ និងត្រូវជនសង្ស័យដឹកសពយកទៅបាត់ទៀត ។ ទើបមានការភ្ញាក់ផ្អើលនិងរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះទៅពិនិត្យទីតាំងកើតហេតុទាំងយប់ ហើយនគរបាលបានស្រាវជ្រាវតាមរកជនសង្ស័យយ៉ាងដុតដៃដុតជើង ។ រហូតទទួលបានដំណឹងថាជនសង្ស័យគេចខ្លួនទៅខេត្តព្រះវិហារ នគរបាលក៏បានតាមទៅដល់ខេត្តព្រះវិហារដើម្បីឃាត់ខ្លួន ប៉ុន្តែពេលដែលនគរបាលទៅដល់ ជនសង្ស័យបានត្រលប់មកដល់ភ្នំពេញវិញហើយ រួចបាននាំគ្នាចូលខ្លួនសារភាពទាំងគ្រួសារតែម្ដង ។

ទាន់ទិនទៅនិងរឿងនេះផងដែរ ក្រុមគ្រួសារសពនិងអ្នកភូមិបានអះអាងថា ជនសង្ស័យខាងលើពុំមែនរាយខ្សែភ្លើងទាក់កណ្ដុរឡើយ គឺបានរាយការពាររ៉ឺម៉កម៉ូតូលក់បន្លែរបស់ខ្លួន១គ្រឿងនោះដែលទុកនៅតាមផ្លូវមុខបន្ទប់ជួលដើម្បីកុំឲ្យចោរលួច ។ ព្រោះប៉ុន្មានថ្ងៃមុនពេលឆក់ក្មេងប្រុសរងគ្រោះបណ្ដាលឲ្យស្លាប់នោះ បុរសជាជនសង្ស័យខាងលើ ក៏ធ្លាប់បាននិយាយប្រាប់អ្នកភូមិផងដែរ ថាគាត់ដាក់អន្ទាក់ខ្សែភ្លើងនេះ គឺដើម្បីការពារចោរលួចរ៉ឺម៉ក ។ មិនតែប៉ុណ្ណោះក្រោយពេលកើតហេតុប្រពន្ធនិងកូនដឹងរឿងទាំងអស់ ហើយក៏បានព្យាយាមគេចខ្លួនដែរ ពុំមែនដូចជាកាបកស្រាយរបស់គាត់នាពេលនេះទេ ៕

អត្ថបទពាក់ព័ន្ធ ៖

ត​ខ្សែភ្លើង​ភ្ជាប់​នឹង​រ៉ឺ​ម៉ក​ការពារ​ចោរ​លួ​.​ច បែរជា​ក្មេ​.​ង​ម្នាក់​ទៅ​កាន់​ឆ​.​ក់​ស្លា​.​ប់ រួច​ដឹក​ស​.​ព​គេច​បាត់​ទាំង​គ្រួសារ

ទីបំផុត​! គ្រួសារ​បង្កៃ​ខ្សែភ្លើង​ការពារ​ចោរ​លួ​.​ច​រ៉ឺ​ម៉ក ឆ​.​ក់​ស្លា​.​ប់​ក្មេ​.​ង​ម្នាក់ ចូល​សារភាព និង​ប្រាប់​កន្លែង​ទ​ម្លា​.​ក់ស​.​ព​ចោល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ