ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនសរសើរមិនបាន! នេះបានស្រឡាញ់ឧបករណ៍ភ្លេងខ្មែរពិត ចេះទាំងធ្វើ ចេះទាំងផ្លុំទៀត

2 ថ្ងៃ មុន
  • ភ្នំពេញ

ពិតជា​ពីរោះ​ណាស់ បុរស​ម្នាក់​បង្ហើរ​សំឡេង​យ៉ាង​លន្លង់លន្លោច ធ្វើ​អោយ​មហាជន​ចាប់អារម្មណ៍ ក្រោយ​លោក​ចេះ​ផ្លុំ​ខ្លុយ និង​ប៉ីពក​យ៉ាង​ស្ទាត់ជំនាញ​នោះ ។ ជា​ការ​ពិត ខ្លុយ​ជា​ឧបករណ៍​ភ្លេង​មួយ​ប្រភេទ​ដែល​បាន​បន្សល់​ទុក​ពី​ដូនតា​ខ្មែរ ហើយ​ឧបករណ៍​នេះ​មាន​សំឡេង​បែប​លួងលោម មនោសញ្ចេតនា…

ពិតជា​ពីរោះ​ណាស់ បុរស​ម្នាក់​បង្ហើរ​សំឡេង​យ៉ាង​លន្លង់លន្លោច ធ្វើ​អោយ​មហាជន​ចាប់អារម្មណ៍ ក្រោយ​លោក​ចេះ​ផ្លុំ​ខ្លុយ និង​ប៉ីពក​យ៉ាង​ស្ទាត់ជំនាញ​នោះ ។ ជា​ការ​ពិត ខ្លុយ​ជា​ឧបករណ៍​ភ្លេង​មួយ​ប្រភេទ​ដែល​បាន​បន្សល់​ទុក​ពី​ដូនតា​ខ្មែរ ហើយ​ឧបករណ៍​នេះ​មាន​សំឡេង​បែប​លួងលោម មនោសញ្ចេតនា ពិ​រោះ​រណ្តំ​ទៅ​តាម​ទំនុក​បទ​ភ្លេង​នីមួយ​ៗ ។

បើ​តាម​យោង​តាម​វេច​នា​នុ​ក្រុម​របស់​សម្តេច​ព្រះសង្ឃ រាជ​ជួនណា​ត​បាន​បង្ហាញ​ថា « ឈ្មោះ គ្រឿង​ភ្លេង​មហោស្រព សម្រាប់​ផ្លុំ មាន​អណ្តាត​ជា​ស្នូល មាន​ហែប​» ។

តោះ​មក​ស្តាប់​ពី​ជីវិត​របស់​បុរស​អ្នក​ផ្លុំ​ខ្លុយ និង​ប៉ីពក​រូប​នេះ ក្រោយ​លោក​មានការ​អត់ធ្មត់​តស៊ូ ដោយ​លោក​មានចិត្ត​ថែរក្សា​អភិរក្ស​របស់​ទាំងនេះ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ និង​ថែរក្សា​អោយ​គង់វង្ស​ផង​ដែរ​នោះ ។ លោក ចាន់ ចាវ ជា​អ្នក​ផ្លុំ​ខ្លុយ ដែល​ចេះ​ធ្វើ​ឧបករណ៍​ភ្លេង​ទាំងនេះ លោក​មានស្រុក​កំណើត​នៅ​ភូមិ​វះ​ពោះ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ ហើយ​បច្ចុប្បន្ន​លោក​បើក​កន្លែង​លក់​ខ្លុយ និង​ប៉ីពក​នៅ ភូមិ​ទំនប់ ឃុំ​ទំនប់ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោក ចាន់ ចាវ លើក​ឡើង​ថា លោក​ចេះ​ផ្លុំ​ខ្លុយ​ប្រមាណ​ជា​១០​ឆ្នាំ​មក​ហើយ ចំណែក​ប៉ីពក លោក​ទើបតែ​ចេះ​បាន​ប្រហែល​ជាមួយ​ឆ្នាំ​នេះ ការ​រៀន​របស់​លោក​មាន​បទ​ខ្លះ លោក​ចេះ​ពី​គ្រូ ហើយ​បទ​ខ្លះ​ទៀត លោក​ចេះ​ដោយ​ខ្លួនឯង ។ លោក ចាន់ ចាវ បន្ត​ថា លោក​ក៏​មានការ​ធ្វើ​ខ្លុយ និង​ប៉ីពក សម្រាប់​លក់ បើ​គិត​មក​ដល់​បច្ចុប្បន្ន​នេះ មាន​រយៈពេល​៤​ឆ្នាំ​មក​ហើយ ។ លោក​បន្ថែម​ទៀត​ថា ការ​ធ្វើ​ខ្លុយ និង​ប៉ីពក​នេះ បើ​ធ្វើ​ឆាប់​លឺ​ត្រូវ​ចំណាយពេល​ពី​៣​ទៅ​៤​ម៉ោង​បាន​រួច ហើយ​សម្រាប់​វត្ថុធាតុដើម​យក​មក​ធ្វើ​ខ្លុយ​មាន​ឬ​ស្សី​ដកម៉ៃ ក្រ​ឡើ​ត ធ្វើ​ពី​ដើម​ត្របែក និង​ដើមឈើ​ខ្លឹម​ៗ​មួយ​ចំនួន​ទៀត ចំណែក​ប៉ីពក ក៏​ធ្វើ​ពី​ឬ​ស្សី​ដកម៉ៃ​ដូច​គ្នា តែ​អណ្តាត​ត្រូវធ្វើ​ពី​បន្ទះ​ស្ពាន់ ។

លោក​ចាន់ ចាវ​បន្ត​ថា បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​ការ​ធ្វើ​ឧបករណ៍​ភ្លេង​មួយ​ប្រភេទ​នេះ ដូច​ជា ពិបាក​រក​ឬ​ស្សី​ដកម៉ៃ​យក​មក​ធ្វើ និង​ធ្វើ​ទៅ​មិន​លឺ ឬ​ក៏​បែក​ក្នុង​ពេល​កំពុង​ធ្វើ​ជាដើម ។ លោក​ថា កាលពី​កន្លង​ទៅ ក៏​ធ្លាប់​បាន​ចែករំលែក​ចំណេះ​ជំនាញការ​ផ្លុំ និង​ការ​ធ្វើ​ឧបករណ៍​ទាំងនេះ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ ហើយ​ចំណែក​ការ​លក់​ឧបករណ៍​ខ្លុយ និង​ប៉ីពក​នេះ សព្វថ្ងៃ​លក់ដាច់​មានការ​គាំទ្រ​ច្រើន​គួរ​ស​ម្យ ។

លោក ចាន់​ចាវ​បន្ត​ថា មូលហេតុ​ដែល​លោក​ចាប់​យក​ជំនាញ​មួយ​នេះ​ដោយសារ​តែ​លោក​ស្រលាញ់ ហើយ​មានចិត្ត​អភិរក្ស សិល្បៈ​ដូនតា​ដែល​លោក​បាន​រៀនសូត្រ កាលពី​កន្លង​ទៅ ពោល​ចំណេះ​ជំនាញ ផ្សារ​ភ្ជាប់​ជាមួយ​ការ​ថែរក្សា ដើម្បី​កុំអោយ​បាត់បង់​ទៅ​ថ្ងៃ​អនាគត ។

ជា​ចុង​ក្រោយ លោក ចាន់​ចាវ ចង់អោយ​កូន​ខ្មែរ​ជំនាន់​ក្រោយ​រៀនសូត្រ​ជាមួយ​ឧបករណ៍​ភ្លេងខ្មែរ ជួយ​គ្នា​អភិរក្ស​ថែរក្សា​ស្នាដៃ​ដូនតា​ខ្មែរ​កុំអោយ​បាត់បង់ និង​ត្រូវ​ចែករំលែក​ផ្សព្វផ្សាយ​ចំណេះដឹង​ផ្សេង​ៗ​ដែល​ទាក់ទង​ជាមួយ និង​សិល្បៈ​ដូនតា​ខ្មែរ​ដែល​បាន​បន្សល់​ទុក​តាំងពី​បុរាណ ៕ ដោយ ៖ សែ សម និង​សម្រួល​ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ