ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជននិងបន្ដមិនយកពន្ធលើដីកសិកម្ម

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​ពី​ទឹកដី​ខេត្តកំពង់ចាម សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ជា​ថ្មី​ថា ដរាបណា​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ឲ្យ​ដឹកនាំ​ប្រទេស​ទៀត​នោះ រាជរដ្ឋាភិបាល…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ពី​ទឹកដី​ខេត្តកំពង់ចាម សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ជា​ថ្មី​ថា ដរាបណា​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ឲ្យ​ដឹកនាំ​ប្រទេស​ទៀត​នោះ រាជរដ្ឋាភិបាល និង​បន្ត​មិន​យកពន្ធ​លើ​ដី​កសិកម្ម ។

នា​ឱកាស​អញ្ជើញ​ជា​អធិបតី​អបអរសាទ​«​ទិវា​មច្ឆជាតិ ១ កក្កដា ២០២៤» ដែល​ពិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង នៅ​បឹង​ធំ ភូមិ​កំពង់​សំណាញ់ ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៤ សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ដ្រី បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ចេញ​គោលនយោបាយ​ជា​បន្ដ​បន្ទាន់ ដើម្បី​លើក​ស្ទួយ និង​ជួយ​ទៅ​ដល់​វិស័យ​កសិកម្ម ព្រមទាំង​កសិករ ។

សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា «​ជាក់ស្ដែង​ការ​ដាក់​ចេញ​គោលនយោបាយ​លើកលែង​ពន្ធចំពោះ​ដី​កសិកម្ម ដីស្រែ លក្ខណៈ​គ្រួសារ គឺ​យើង​បាន​ធ្វើ​យូរ​មក​ហើយ ហើយ​ដរាបណា គណបក្ស​ប្រជាជន​កម្ពុជា នៅ​មានឱកាស​ដែល​ប្រជាជន​គាំទ្រ​ផ្ដល់​ឱកាស​បោះ​ឆ្នោត​ឲ្យ​ដឹកនាំ​ប្រទេស​គោលនយោបាយ​លើកលែង​ពន្ធចំពោះ​ដី​កសិកម្ម​នៅ​តែ​បន្ដ​សម្រាប់​ប្រជាពលរដ្ឋ ជា​ពិសេស​ដីស្រែ​លក្ខណៈ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ធិ​បតី បន្ដ​ថា ទន្ទឹម​នឹង​នេះ រាជរដ្ឋាភិបាល ក៏​បាន​ផ្ដល់​ចេញ​នូវ​ការ​លើកលែង​ពន្ធ និង​ការ​នាំ​ចូល​សម្ភារៈ​កសិកម្ម គ្រឿងយន្ដ ឧបករណ៍​កសិកម្ម កសិផល មុខទំនិញ ដែល​ជា​អាហា​រូប​ម្ភ​ត្ថ សម្រាប់​ការ​រស់នៅ​ជា​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ក៏​ត្រូវ​បាន​លើកលែង​ពន្ធ​អាករ​រហូត​ដល់​ឆ្នាំ​២០២៨ ដើម្បី​ធានា​នូវ​តម្លៃ​សម​ស្រប់​សម្រាប់​ប្រជាពលរដ្ឋ ។

សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ដ្រី បាន​លើក​ឡើង​ទៀត​ថា ការ​ដោះស្រាយ​ផលិត​វិស័យ​កសិកម្ម គឺ​ដៃ​ម្ខាង​ត្រូវ​ធានា​តម្លៃ គិតគូរ​ពី​ចំណូល​របស់​កសិករ និង​ដៃ​ម្ខាង​ទៀត​ត្រូវ​ធានា​មិន​ឲ្យ​ទំនិញ​ឡើងថ្លៃ ប៉ះពាល់​ការ​ចំណាយ​របស់​អ្នកទិញ ។ សម្ដេច​ពន្យល់​ថា ដើម្បី​ធានា​លើ​រឿង​ទាំង​ពីរ​នេះ​រដ្ឋ​ត្រូវ​មាន​ដំណោះស្រាយ លើ​តម្លៃ​ផលិត​របស់​កសិករ តាម​រយៈ​ការ​បន្ថយពន្ធ​អាករ​នាំ​ចូល​គ្រឿងចក្រ​កសិកម្ម ការ​ដាក់​ចេញ​ដំណោះស្រាយ​ឲ្យ​សម​ស្រប ។

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​ក៏​បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ នឹង​ប្ដេជ្ញា​ចិត្ត​អនុវត្ត​ពី​រាជរដ្ឋាភិបាល​អាណត្តិ​មុន​ៗ ដើម្បី​ដាក់​ចេញ​គោលនយោបាយ​ជា​បន្ដបន្ទាប់ ក្នុង​ការ​ជួយ​ដល់​កសិករ​ខ្មែរ ។ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា​«​រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ជា​បន្តបន្ទាប់ ដើម្បី​លើក​ស្ទួយ​កសិកម្ម​ខណៈ​វិស័យ​កសិកម្ម​ជា​ផ្នែក​មួយ​នៃ​ការ​លើក​ស្ទួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា​» ។

សម្ដេច​ធិ​បតី​គូសបញ្ជាក់​ទៀត​ថា ៖ «​រាជរដ្ឋាភិបាល នៅ​តែ​បន្ដ​ធ្វើ​ព្រោះ​ការ​អន្ដរាគមន៍​ទៅ​ដល់​ប្រជាពលរដ្ឋ​ខាង​កសិកម្ម មិនមែន​តែ​តម្លៃ​ផលិតផល​នោះ​ទេ សំខាន់​ទី​មួយ​មាន​ទីផ្សារ ។ ចឹ​ង​រាជរដ្ឋាភិបាល នៅ​ក្នុង​អាណត្តិ​ទី​៧​នេះ​នឹង​ប្ដេជ្ញា​ចិត្ត​បន្ដ​ពី​រដ្ឋាភិបាល​អាណត្តិ​មុន​ៗ ដើម្បី​ដាក់​ចេញ​គោលនយោបាយ​ជា​បន្ដបន្ទាប់ នៅ​ក្នុង​ការ​ជួយ​ដល់​កសិករ​របស់​យើង​នៅ​ក្នុង​គ្រប់​ទូ​ទាំង​ប្រទេស​ក៏​ដូច​ជា ការ​វិនិយោគ​ផ្សេង​ៗ នៅ​ក្នុង​កសិកម្ម​របស់​យើង​» ។

សម្ដេច​ធិ​បតី បន្ដ​ថា ឥឡូវនេះ​យុទ្ធសាស្ដ្រ​ធំ​របស់​រាជរដ្ឋាភិបាល គឺ​រុញ​ខាង​កសិឧស្សាហកម្ម ដូច​ជា ស្វាយចន្ទីរ ស្រូវ អង្ករ កៅស៊ូ ជាដើម ។ សម្ដេច នាយក​រដ្ឋមន្ដ្រី ក៏​បាន​ស្នើ​ដល់​ស្ថាប័ន​ជំនាញ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​នៅ​ទីតាំង​ជាក់ស្ដែង ដែល​មាន​តម្រូវការ​ផលិតផល​កសិកម្ម ដើម្បី​ផ្គត់ផ្គង់​ឲ្យ​ត្រូវ​តាម​ការ​ចង់បាន​របស់​ទីផ្សារ​ទាំង​នៅ​កម្រិត​ជាតិ និង​អន្តរជាតិ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ