ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ និ​ងលោក​បៃដិន​ពន្លះ​គ្នា​មួយ​ចាស់​ដៃ​នៅ​ក្នុង​វេទិកា​តតាំង​មតិ​

2 ថ្ងៃ មុន

ទី​ក្រុង​អាត់​តាឡង់​តា៖ ​វេទិកា​ត​តាំង​មតិ​គ្នា​ ឬ​ដេញ​ដោល​គ្នា​រវាង​បេក្ខ​ជន​ប្រធានា​ធិបតី​អាមេរិក​ទាំង​២​នាក់​​បាន​ចាប់​ផ្ដើម​ហើយ​នៅ​ទី​ក្រុង​អាត់​តា​ឡង់​តា​ (Atlanta) រដ្ឋ​ចចចា​ (Georgia)​។ លោកទាំង​២​វាយ​ប្រហារ​គ្នា​យ៉ាង​ចាស់​ដៃ​នៅ​ក្នុង​វិស័យ​ជា​ច្រើន​ដូច​ជា​​គោល​នយោបាយ​ស្ដី​ពី​ការ​រំលូត​កូន, បញ្ហា​អន្តោ​ប្រវេសន៍​, សង្គ្រាម​អ៊ុយ​ក្រែន និង​សង្គ្រាមអ៊ីស្រាអែល​។…

ទី​ក្រុង​អាត់​តាឡង់​តា៖ ​វេទិកា​ត​តាំង​មតិ​គ្នា​ ឬ​ដេញ​ដោល​គ្នា​រវាង​បេក្ខ​ជន​ប្រធានា​ធិបតី​អាមេរិក​ទាំង​២​នាក់​​បាន​ចាប់​ផ្ដើម​ហើយ​នៅ​ទី​ក្រុង​អាត់​តា​ឡង់​តា​ (Atlanta) រដ្ឋ​ចចចា​ (Georgia)​។ លោកទាំង​២​វាយ​ប្រហារ​គ្នា​យ៉ាង​ចាស់​ដៃ​នៅ​ក្នុង​វិស័យ​ជា​ច្រើន​ដូច​ជា​​គោល​នយោបាយ​ស្ដី​ពី​ការ​រំលូត​កូន, បញ្ហា​អន្តោ​ប្រវេសន៍​, សង្គ្រាម​អ៊ុយ​ក្រែន និង​សង្គ្រាមអ៊ីស្រាអែល​។ ចំណុច​​សំខាន់​១​ទៀត​ពាក់​ព័ន្ធ​នឹង​ការ​ចាត់​ចែង​សេដ្ឋ​កិច្ច​ជាតិ​។ លទ្ធ​ផល​ស្ទង់​មតិ​បង្ហាញ​ថា​បេក្ខ​ជន​​ទាំង​២​នាក់​​ទទួល​បាន​សំឡេង​គាំទ្រ​មិន​លើស​លស់​គ្នា​ប៉ុន្មាន​ឡើយ​។

លោក​បៃដិន​​​មិន​សូវ​បាន​សម្ដី​ដូច​លោក​ត្រាំ​ទេ​ព្រោះ​លោក​មាន​សំឡេង​​​ស្អក​ៗ។​ លោក​​​និយាយ​​ច្រឡំ​មាត់ ឬ​និយាយ​តតាក់​តតុប​ជា​ច្រើន​លើក​ច្រើន​សា​នៅ​ក្នុង​ការ​ដេញ​ដោល​គ្នា​វគ្គ​ទី​១​រយៈពេល​កន្លះ​ម៉ោង​។ ប៉ុន្តែ​​លោក​និយាយ​បាន​ល្អ​នៅ​ត្រង់​ចំណុច​ដែល​លោក​ត្រាំ​ខិត​ខំ​បិទ​បាំង​ការ​យក​លុយ​ទៅ​បំបិទ​មាត់​​តួ​វីឌីអូ​អាស​អាភាស​​ដើម្បី​កុំ​ឱ្យ​ទម្លាយ​​​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​គាត់​។ លោក​បៃដិន​​ហៅ​​លោក​ត្រាំ​ជា​ពិរុទ្ធ​ជន​ពេញ​ៗ​មាត់​​​។ ត្រង់​ហ្នឹង​ដែល​គាត់​មាន​ប្រៀប​លើ​លោក​ត្រាំ​។​

ជា​ការ​វាយ​បក​វិញ លោក​ត្រាំ​​និយាយ​​វាត់​កន្ទុយ​ឱ្យ​លោក​បៃដិន​វិញ​យ៉ាង​ឆ្ងាញ់​មាត់​។ លោក​ត្រាំ​ថា​លោក​បៃដិន​ក៏​មិន​ល្អ​ប៉ុន្មាន​ដែរ​។ កូន​ប្រុស​របស់​គាត់​ទើប​តែ​ត្រូវ​តុលាការ​កាត់​ទោស​ពី​បទ​និយាយ​ភូត​កុហក​។ ខ្លួន​ឯង​ស្ថិត​ក្រោម​ឥទ្ធិ​ពល​គ្រឿង​ញៀន ហើយ​ទៅ​ទិញ​កាំ​ភ្លើង​យក​មក​កាន់​កាប់​។ មិន​តែ​ប៉ុណ្ណោះ​ កូន​ប្រុស​លោក​បៃដិន​គឺ​លោក​ហាន់​ថឺ ​បៃដិន (Hunter Biden) ធ្លាប់​កាន់​កាប់​កាំ​ភ្លើង​​​រយៈ​ពេល​​ខ្លី​​ដោយ​ខុស​ច្បាប់​​។​

មួយ​ស្របក់​ក្រោយ​មក​ លោក​បៃដិនសញ្ជឹង​គិត​រក​ចំណុច​ខ្សោយ​ដទៃ​ទៀត​មក​វាយ​បក​​វិញ​។ ​​សមា ជិក​គណៈ​រដ្ឋ​មន្ត្រី​ដែល​ធ្លាប់​ធ្វើ​ការ​ក្រោម​បង្គាប់​របស់​​លោក​ត្រាំ​កាល​ពី​​អាណត្តិ​មុន​នោះ​​​មិន​សូវ​គាំទ្រ​លោក​ត្រាំ​ទេ​។ ក្នុង​នោះ​ក៏​មាន​លោក​ម៉ាយ​ផិន (Mike Pence) ដែល​ជា​​​អនុ​ប្រធានា​ធិបតី​ជំនាន់​​​លោក​ត្រាំ​ផង​ដែរ​។​​ លោក​បៃដិន​ថ្លែង​ថា​អ្នក​ទាំង​នោះ​ដោយ​សារ​គេ​ស្គាល់​លោក​ត្រាំ​ច្បាស់​​​ និង​ធ្លាប់​ធ្វើ​ការ​ជិត​ស្និទ្ធ​ជា​មួយ​លោក​ត្រាំ​ ដូច្នេះ​បាន​ជា​ពួក​គេ​មិន​គាំទ្រ​​។ ​ហេតុ​អ្វី​​​ពួក​គេ​មិន​​គាំទ្រ​គាត់​?

មន្ត្រី​សេត​វិមាន​២​នាក់​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា​នៅ​ពេល​​ដេញ​ដោល​គ្នា​នោះ លោក​បៃដិន​មាន​ជំងឺ​ផ្ដាសាយ​។ ប៉ុន្តែអ្វី​ដែល​សំខាន់​គឺ​​ការ​​និយាយ​​​តតាក់​តតុ​ប​នៅ​ពេលនោះ​​អាច​ធ្វើ​ឱ្យ​អ្វី​ដែល​គេ​ធ្លាប់​តែ​ព្រួយ​បារម្ភ​អំពី​បញ្ហា​សមត្ថ​ភាព​ខួរ​ក្បាល​ និង​វ័យ​ចាស់​ជរា​របស់​គាត់​ស្រាប់​ផង​នោះ​រឹត​តែ​ធ្វើ​ឱ្យ​គេ​ខ្វល់​ខ្វាយ​បន្ថែម​ទៀត​។ ពួក​គេ​អាច​នឹង​គិត​ថា​លោក​បៃដិន​ចាស់​រញី​រញ័រ​​ពេក​ហើយ​ ហើយ​បើ​ទុក​ជា​គាត់​ជាប់​ឆ្នោត​នៅ​អាណត្តិ​ថ្មី​ក៏​​មិន​​អាច​ដឹក​នាំ​ប្រទេស​ដោយ​រលូន​បាន​ឡើយ។​​

ចំណែក​លោក​ត្រាំ​បាន​និយាយ​ពន្លះ​លោក​បៃដិន និង​កម្ម​វិធី​នយោបាយ​របស់​គាត់​យ៉ាង​ចាស់​ដៃ​។ ត្រាំ​ថា​ពួក​ជន​អន្តោ​ប្រវេសន៍​ដែល​ហូរ​ចូល​ប្រទេស​អាមេរិក​ដូច​ទឹក​បាក់​ទំនប់​នោះ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ច្រើន​ណាស់​។ ចំពោះ​គោល​នយោបាយ​របស់​គណ​បក្ស​ប្រជា​ធិបតេយ្យ​ដែល​អនុញ្ញាត​ឱ្យ​រំលូត​កូន​នោះ លោក​ត្រាំ​ចាត់​ទុក​ថា​នេះ​ជា​​នយោបាយ​សម្លាប់​គភ៌​ក្នុង​ផ្ទៃ​។​

​​លោក​បៃដិន និង​លោក​ត្រាំ​សុទ្ធ​តែ​ទទួល​រង​សម្ពាធ​ដូច​គ្នា​ពាក់​ព័ន្ធ​នឹង​ចំណុច​ខ្សោយ​ជា​ច្រើន​។ ហេតុ​​ដូច​នេះ អ្នក​សម្រប​សម្រួល​កម្ម​វិធី​​​មិន​ទទួល​សំណួរ​ពី​ប្រិយ​មិត្ត​អ្នក​ទស្សនា​ទេ​។ បញ្ហា​ចោទ​ដ៏​ធំ​របស់​លោក​បៃដិន​គឺ​អាយុ​កាន់​តែ​ច្រើន​មែន​ទែន, ​ ហើយ​សមត្ថ​ភាព​ខួរ​ក្បាល​ក៏​ចុះ​ខ្សោយ​ផ​ងដែរ​។ រី​ឯ​​ចំណុច​ខ្សោយ​របស់​លោក​ត្រាំ​​ត្រង់​ថា​គាត់​ច្រើន​និយាយ​​មិន​សូវ​គិត​មុខ​គិត​ក្រោយ​ទេ​ ហើយ​គាត់​និយាយ​ស្ដី​មិន​សូវ​សំចៃ​មាត់​។​​ គេ​ហៅ​ថា​មនុស្ស​មាត់​ដាច​ ឬ​មនុស្ស​មាត់​ឆៅ​។ ​​មាន​អ្វី​នៅ​​ក្នុង​ចិត្ត​ប៉ុណ្ណា គាត់​និយាយ​ប្រាវ​ៗ​ចេញ​មក​ប៉ុណ្ណឹង​។ ចំណុច​ខ្សោយ១​​​ទៀតគឺគាត់​ក៏​កំពុង​មាន​ទោស​ពៃរ៍ និង​ជាប់​បណ្ដឹង​ជា​ច្រើន​នៅ​ក្នុង​​​តុលាការ​​។

ចំពោះ​ព្រឹត្តិ​ការណ៍​ដែល​អ្នក​គាំទ្រ​លោក​​​សម្រុក​ចូល​វិមាន​រដ្ឋ​សភា​អាមេរិក​កាល​ពី​ថ្ងៃ​ទី​៦​ ខែ​មករា ឆ្នាំ​២០២១​ដែល​នាំ​ឱ្យ​ស្លាប់​មនុស្ស​មួយ​ចំនួន​ លោក​ត្រាំ​យល់​ថា​លោក​គ្មាន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​ទេ​។ កាល​នោះ លោក​អំពាវ​នាវ​ឱ្យ​អ្នក​គាំទ្រ​ខិត​ខំ​ឱ្យ​អស់​ពី​សមត្ថ​ភាព​ដើម្បី​តវ៉ា​លទ្ធ​ផល​​ឆ្នោត​បន្ទាប់​ពី​ដឹង​ថា​​ចាញ់​ឆ្នោត​លោក​បៃដិន​។ លោក​ត្រាំ​យល់​ថា​អ្នក​ដែល​ត្រូវ​គេ​ចាប់​ខ្លួន​នៅ​ក្នុង​ពេល​នោះ​ក៏​មិន​បាន​ធ្វើ​អ្វី​ខុស​ដែរ​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ