ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អយ្យការ សម្រេច​ចោទប្រកាន់​ជនល្មើស ស្រី ស៊ី​ណា បន្ថែម​១​បទល្មើស​ទៀត គឺ​រំលោ.ភ​លើ​លំនៅ​ឋាន

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៤​នេះ បាន​សម្រេច​ចោទប្រកាន់​ជនល្មើស ស្រី ស៊ី​ណា បន្ថែម​១​បទល្មើស​ទៀត​នោះ​គឺ…

រាជធានី​ភ្នំពេញ ៖ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៤​នេះ បាន​សម្រេច​ចោទប្រកាន់​ជនល្មើស ស្រី ស៊ី​ណា បន្ថែម​១​បទល្មើស​ទៀត​នោះ​គឺ បទ​រំលោភ​លើ​លំនៅ​ឋាន ខណៈ​ជនល្មើស​ជា​អតីត​ឧកញ៉ា​រូប​នេះ ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ចំនួន​៣​បទល្មើស​រួច​មក​ហើយ ដោយ​បំបែក​ជា ២​សំណុំរឿង គឺ​បទ ឃា​.​ត​កម្ម បទ​ប៉ុនប៉ង​ឃា​.​ត​កម្ម និង​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ ។

យោង​តាម​សេចក្តី​ប្រកាស​របស់​អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា បន្ទាប់​ពី​បាន​ពិនិត្យ​លម្អិត​បន្ថែម​ទៀត លើ​សំណុំរឿង​ករណី​បាញ់ប្រហារ ប្រព្រឹត្ត​ដោយ​ជនសង្ស័យ​ឈ្មោះ ស្រី ស៊ី​ណា ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស ០២​នាក់ បាន​ស្លាប់ និង​មនុស្ស ០២ នាក់​ទៀត​បាន​រង​របួស កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៤, តំណាង​អយ្យការ​បាន​ពិនិត្យ​ឃើញ​ថា ជនសង្ស័យ​ឈ្មោះ ស្រី ស៊ី​ណា បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​របស់​ជន​រង​គ្រោះ​ឈ្មោះ ឡុ​ង លី​សុង ដោយ​ពុំ​មានការ​អនុញ្ញាត​ពី​ភាគី​ជន​រង​គ្រោះ​ឈ្មោះ ឡុ​ង លី​សុង ដែល​ជា​ម្ចាស់ផ្ទះ​ឡើយ ដែល​សកម្មភាព​នេះ គឺ​បាន​បង្កើត​ជា​បទល្មើស​រំលោភ​លើ​លំនៅ​ឋាន ។

សេចក្តី​ប្រកាស​ដដែល អោយ​ដឹង​ទៀត​ថា ផ្អែក​តាម​អង្គហេតុ​ខាងលើ​នេះ តំណាង​អយ្យការ​បាន​សម្រេច​ចោទប្រកាន់​បន្ថែម​លើ​ជនសង្ស័យ ឈ្មោះ ស្រី ស៊ី​ណា ពី​បទ​រំលោភ​លើ​លំនៅ​ឋាន តាម​មាត្រា ២៩៩ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បទល្មើស​នេះ អាច​នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ (​មួយ​) ខែ ទៅ ១ (​មួយ​) ឆ្នាំ ។

សូម​បញ្ជាក់​ថា អតីត​ឧកញ៉ា ស្រី ស៊ី​ណា ត្រូវ​បាន​ចោទប្រកាន់​ចំនួន​៣​បទល្មើស នា​ពេល​កន្លង​ទៅ ក្នុង​នោះ​មាន​បទ ឃាតកម្ម ប៉ុនប៉ង​ឃាតកម្ម និង​បទ​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ ។

សូមជម្រាបឡើងវិញថា «តុលាការសម្រេច​ចោទប្រកាន់​អតីត​ឧកញ៉ា ស្រី ស៊ី​ណា ចំនួន​៣​បទល្មើស ខណៈ​បុគ្គល​២​នាក់​ទៀត មិន​ជាប់​ពាក់ព័ន្ធ​ទេ»

អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៤​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី ចំណាត់ការ​ផ្លូវច្បាប់ លើ​ករណី​បាញ់ប្រហារ​នៅ​ខណ្ឌ​ច្បារ​អំពៅ ដែល​បាន​បណ្តាល​ឱ្យ​មាន​មនុស្ស ០២​នាក់ បាន​ស្លាប់ និង​០២​នាក់ ទៀត​រង​របួស ។

អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ជម្រាប​ឱ្យ​ដឹង​ថា នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​០៣​នាក់ ដែល​មាន ឈ្មោះ ស្រី ស៊ី​ណា ឈ្មោះ សាន សុខ​ចំរើន ហៅ ឆ្អឹង និង​ឈ្មោះ ទិន ទូច ហៅ រ៉ា​ដូ មក​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​បាញ់ប្រហារ​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ឈ្មោះ ឡុ​ង លី​សុង ភេទ​ប្រុស និង​ឈ្មោះ ឃី​ន ក​ញ្ច​នា ភេទ​ស្រី បាន​ស្លាប់ ព្រមទាំង​ឈ្មោះ ហុង រិ​ទ្ធា​រ័ក្ស និង​ឈ្មោះ សុខុម រតនៈ បាន​រង​របួស ។

ក្រោយ​ពី​ពិនិត្យ​លើ​សំណុំរឿង ព្រមទាំង​ស្តាប់​ចម្លើយ​ភាគី​ពាក់ព័ន្ធ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ក្នុង​អំឡុង​ឆ្នាំ​២០១៧ ឈ្មោះ ស្រី ស៊ី​ណា បាន​ជួល​ផ្ទះ​លេខ​២៤ ផ្លូវ​P-10F នៃ​បុរី​ប៉េង​ហួត​បឹង​ស្ងោរ​ឱ្យទៅ​ឈ្មោះ សេង ចាន់​សុ​ផាត និង​ឈ្មោះ សាន ស្រី​ពេជ្រ ។ នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៤ ឈ្មោះ សាន ស្រី​ពេជ្រ មាន​ជម្លោះ​ជាមួយ​ឈ្មោះ ឡុ​ង លី​សុង ដែល​ជា​អ្នក​ជិតខាង​របស់​ខ្លួន​ពី​រឿង​កាប់​មែក​ស្វាយ វាយ​កំទេច​ផើងផ្កា និង​ស្នួរ​ខោអាវ​លយ​ចូល​ក្នុង​បរិវេណ​ផ្ទះ​របស់​ឈ្មោះ ឡុ​ង លី​សុង ហើយ​ឈ្មោះ សាន ស្រី​ពេជ្រ ក៏​បាន​ទូរស័ព្ទ​ប្រាប់​ទៅ​ឈ្មោះ ស្រី ស៊ី​ណា ដើម្បី​ឱ្យមក​ជួយ​ដោះស្រាយ ។ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង ០៣ រសៀល ឈ្មោះ ស្រី ស៊ី​ណា បាន​ទៅ​ទីតាំង​ផ្ទះ​ខាងលើ​ដើម្បី​ដោះស្រាយ ហើយ​ឈ្មោះ សាន ស្រី​ពេជ្រ ក៏​បានឱ្យ​ប្អូនប្រុស​របស់​ខ្លួន​ឈ្មោះ សាន សុខ​ចំរើន ហៅ ឆ្អឹង បើកឡាន​ទៅ​យកឈ្មោះ ស្រី ស៊ី​ណា ពី​កន្លែង​ចត​ឡាន ។ ពេល​ដែល​ឈ្មោះ សាន សុខ​ចំរើន បាន​នាំ​ឈ្មោះ ស្រី ស៊ី​ណា ទៅ​ដល់​ផ្ទះ​កើតហេតុ​រួច​ហើយ ឈ្មោះ សាន សុខ​ចំរើន ក៏​បាន​បើកឡាន​ចេញពីផ្ទះ​កើតហេតុ​ដើម្បី​ទៅ​យក​កូន​របស់​ឈ្មោះ សាន ស្រី​ពេជ្រ ដែល​រៀន​សាលា​ម្តុំ​វត្ត​និរោធ​ភ្លាម​ដែរ ។

ដោយឡែក​ឈ្មោះ ស្រី ស៊ី​ណា តែ​ម្នាក់ឯង ក៏​បាន​ចូល​ទៅ​ក្នុងផ្ទះ​របស់​ឈ្មោះ ឡុ​ង លី​សុង ដើម្បី​សួរនាំ​រឿង​ជម្លោះ​ពី​ថ្ងៃមុន ។ ការ​ជជែក​គ្នា​ក៏​បាន​ឈាន​ទៅ​ដល់​ជម្លោះ​ពាក្យ​សម្តី ហើយ​ឈ្មោះ ស្រី ស៊ី​ណា ក៏​បាន​ដក​កាំភ្លើងខ្លី ដែល​សៀត​នឹង​ចង្កេះ​បញ្ចូល​គ្រាប់​បាញ់​ទៅ​លើ​ឈ្មោះ ឡុ​ង លី​សុង ជា​ច្រើន​គ្រាប់​បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ឃើញ​សភាព​ដូច្នេះ​នោះ​ឈ្មោះ ឃី​ន ក​ញ្ច​នា បាន​ស្ទុះ​ទៅ​ជួយ​តែ​ត្រូវ​បាន​ឈ្មោះ ស្រី ស៊ី​ណា បាញ់​ចំនួន ០៣​គ្រាប់ បណ្តាល​ឱ្យ​ដួល​ទៅ​លើ​ដី ដែល​ក្រោយមក​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែកឯ​មនុស្ស​ប្រុស ០២​នាក់​ទៀត​ដែល​នៅ​ក្នុងផ្ទះ​កើតហេតុ​ជាមួយ​គ្នា​នោះ ក៏​ត្រូវ​បាន​ឈ្មោះ ស្រី សី​ណា បាញ់​សំដៅ​ជា​ច្រើន​គ្រាប់​ទៀត​បណ្តាល​ឱ្យ​រង​របួស​ដៃ និង​ជើង ។ ក្រោយ​ពី​ធ្វើ​សកម្មភាព​បាញ់ប្រហារ​រួច ជនសង្ស័យ ស្រី ស៊ី​ណា បាន​ចាកចេញ​ឆ្ងាយ​ពី​កន្លែង​កើតហេតុ​ហើយ​បាន​សុំ​អ្នក​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឈ្មោះ ទិន ទូច ហៅ រ៉ា​ដូ ដើម្បី​ឱ្យ​ជូន​ខ្លួន​ទៅ​កន្លែង​ចត​ឡាន​រួច​បាន​បើកឡាន​គេចខ្លួន ។ បន្ទាប់​ពី​ទទួល​បានការ រាយការណ៍ សមត្ថកិច្ច​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ធ្វើការ ស៊ើបអង្កេត​ស្រាវជ្រាវ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ០៣​រូប​ខាងលើ រួច​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

ផ្អែក​លើ​មូលដ្ឋាន​ខាងលើ និង​ភស្ដុ​តាង​នានា ក្នុង​សំណុំរឿង តំណាង​អយ្យការ​បាន​សម្រេច​ចោទប្រកាន់​លើ​ករណី​នេះ ជា​០២​សំណុំរឿង ៖

-​សំណុំរឿង​ទី​១ មាន​ជនសង្ស័យ​ឈ្មោះ ស្រី ស៊ី​ណា ដែល​បាន​ប្រព្រឹត្ត​អំពើ​បាញ់ប្រហារ​បណ្តាល​ឱ្យ​ជន​រង​គ្រោះ ០២​នាក់​បាន​ស្លាប់ តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់​លើ​ឈ្មោះ​នេះ​ពី​បទ «​ឃាតកម្ម​» និង​បទ​«​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​» តាម​មាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ២០ នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ ។

-​សំណុំរឿង​ទី​២ មាន​ជនសង្ស័យ​ឈ្មោះ ស្រី ស៊ី​ណា ដែល​បាន​ប្រព្រឹត្ត​អំពើ​បាញ់ប្រហារ​បណ្តាល​ឱ្យ​ជន​រង​គ្រោះ ០២​នាក់​រង​របួស តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់​លើ​ឈ្មោះ​នេះ​ពី​បទ «​ប៉ុនប៉ង​ឃាតកម្ម​» និង​បទ​«​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​» តាម​មាត្រា ២៧ និង​មាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ២០ នៃ​ច្បាប់ ស្តី​ពី​ការ​គ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ ។

ចំពោះ​មនុស្ស ០២​នាក់​ទៀត មានឈ្មោះ សាន សុខ​ចំរើន ហៅ ឆ្អឹង និង​ឈ្មោះ ទិន ទូច ហៅ រ៉ា​ដូ តំណាង​អយ្យការ​បាន​សម្រេច​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ ដោយហេតុ​ថា បុគ្គល​ទាំង​ពីរ​នាក់​នេះ​មិន​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​ខាងលើ​នេះ​ទេ ។

បន្ទាប់​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ធ្វើការ​ចោទប្រកាន់​ខ្មាន់កាំភ្លើង​ជា​ផ្លូវការ​ហើយ នា​ថ្ងៃ​ដ​ដែល​នេះ សំណុំរឿង​ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដោយ​រង់ចាំ​កាត់ទោស​ទៅ​តាម​ផ្លូវច្បាប់។

សូម​រម្លឹក​ថា ហេតុការណ៍​ផ្ទុះអាវុធ​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​ស្លា​.​ប់ និង​២​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល ត្រង់​ចំណុច​បុរី​ប៉េង​ហួត​បឹង​ស្នោ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ បង្ក​ដោយ​ជន​ដៃដល់​ម្នាក់​ឈ្មោះ ស្រី ស៊ី​ណា គ្រាន់តែ​ទំនាស់​រឿង​ស្នួ​ហាល​ខោអាវ​លើ​របង​ព្រំផ្ទះ ដែល​នៅ​ជាប់​គ្នា ក្នុង​បុរី​ប៉េង​ហួត ៕

អត្ថបទសរសេរ ដោយ