ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​បូលីវី​បន្ត​ចាប់​ខ្លួន​អ្នក​ពាក់​ព័ន្ធ​នឹង​អំពើ​រដ្ឋ​ប្រហារ​មិន​បាន​សម្រេច

3 ថ្ងៃ មុន

ទី​ក្រុង​ឡាប៉ាស់៖ ករណី​រដ្ឋ​ប្រហារ​មិន​បាន​សម្រេច​នៅ​ប្រទេស​បូលីវី​នៅ​តែ​ក្ដៅ​គគុក​។ ការ​ចាប់​ខ្លួន​មនុស្ស​ដែល​អាច​នឹង​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​គម្រោង​ឧក្រិដ្ឋ​នេះ​នៅ​តែ​បន្ត​។ ប្រធានា​ធិបតី​បូលីវី លោក​លូអាស៊ី​ថ្លែង​ថា​ប្រទេស​ជាតិ​របស់​​លោក​ត្រូវ​តែ​ប្រកាន់​គោល​ជំហរ​​ឱ្យ​បាន​រឹង​មាំ​​ទប់​ទល់​នឹង​គម្រោង​ការណ៍​វាយ​ប្រហារ​លទ្ធិ​ប្រជា​ធិប​តេយ្យ​។ លោក​បាន​ចេញ​មុខ​ត​តាំង​នឹង​​ឧត្ដម​សេនីយ៍​​ហ្ស៊ូនីហ្កា​(Zúñiga)​ដែល​បាន​ដឹក​នាំអំពើ​បះ​បោរ​ និង​បើក​រថ​ពាស​ដែក​ចូល​ទៅ​បរិវេណ​វិមាន​ប្រធា​នា​ធិប​តី​។​ លោក​​លូអាស៊ី​ប្រកាស​ថា​ខ្ញុំ​ជា​មេ​បញ្ជា​ការ​របស់​អ្នក​។ ខ្ញុំ​បញ្ជា​ឱ្យ​អ្នក​ដក​កង​ទ័ព​ថយ​។ ខ្ញុំ​មិន​អនុញ្ញាត​ឱ្យ​មាន​ចលនា​បះ​បោរ​បែប​នេះ​ឡើយ​។…

ទី​ក្រុង​ឡាប៉ាស់៖ ករណី​រដ្ឋ​ប្រហារ​មិន​បាន​សម្រេច​នៅ​ប្រទេស​បូលីវី​នៅ​តែ​ក្ដៅ​គគុក​។ ការ​ចាប់​ខ្លួន​មនុស្ស​ដែល​អាច​នឹង​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​គម្រោង​ឧក្រិដ្ឋ​នេះ​នៅ​តែ​បន្ត​។ ប្រធានា​ធិបតី​បូលីវី លោក​លូអាស៊ី​ថ្លែង​ថា​ប្រទេស​ជាតិ​របស់​​លោក​ត្រូវ​តែ​ប្រកាន់​គោល​ជំហរ​​ឱ្យ​បាន​រឹង​មាំ​​ទប់​ទល់​នឹង​គម្រោង​ការណ៍​វាយ​ប្រហារ​លទ្ធិ​ប្រជា​ធិប​តេយ្យ​។ លោក​បាន​ចេញ​មុខ​ត​តាំង​នឹង​​ឧត្ដម​សេនីយ៍​​ហ្ស៊ូនីហ្កា​(Zúñiga)​ដែល​បាន​ដឹក​នាំអំពើ​បះ​បោរ​ និង​បើក​រថ​ពាស​ដែក​ចូល​ទៅ​បរិវេណ​វិមាន​ប្រធា​នា​ធិប​តី​។​

លោក​​លូអាស៊ី​ប្រកាស​ថា​ខ្ញុំ​ជា​មេ​បញ្ជា​ការ​របស់​អ្នក​។ ខ្ញុំ​បញ្ជា​ឱ្យ​អ្នក​ដក​កង​ទ័ព​ថយ​។ ខ្ញុំ​មិន​អនុញ្ញាត​ឱ្យ​មាន​ចលនា​បះ​បោរ​បែប​នេះ​ឡើយ​។ នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​បូលីវី គេ​ឃើញ​រថ​ក្រោះ​២​គ្រឿង​ និង​មនុស្ស​ស្លៀក​ពាក់​ទាហាន​នៅ​ខាង​ក្រៅ​វិមាន​ប្រធានា​ធិបតី​។ បន្តិច​ក្រោយ​មក ពួកគេ​ក៏​ដក​ថយ​ទៅ​វិញ​។ មិន​យូរ​ប៉ុន្មាន​ ក្រុម​អ្នក​គាំទ្រ​លោក​លូ​អាស៊ី​ក៏​ប្រមូល​ផ្ដុំ​គ្នា​យ៉ាង​ពពាក់​ពពូន​ខាង​ក្រៅ​វិមាន​រដ្ឋា​ភិបាល​​ និង​​គ្រវី​ទង់​ជាតិ​ប្រទេស​បូលីវី​ទៅ​លើ​អាកាស​។

មន្ត្រី​ជាន់​ខ្ពស់​បូលីវី​និយាយ​ថា​ឧត្ដម​សេនីយ៍​យោធា​រូប​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ពុធ​នេះ​។ មេ​បញ្ជា​ការ​លំដាប់​ទី​២​ក៏​ត្រូវ​ចាប់​ខ្លួន​ផង​ដែរ​។ រដ្ឋ​មន្ត្រី​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​ថ្លែង​ថា​ក្រៅ​ពី​ចាប់​ខ្លួន​​ឧត្ដម​សេនីយ៍​ហ្ស៊ូនីហ្កា អាជ្ញាធរ​ក៏​ចាប់​ខ្លួន​ឧត្ដម​នាវី​រង​ម្នាក់​ផង​ដែរ​។ អ្នក​ទាំង​២​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្រប​ខណ្ឌ​ការ​ងារ​ ហើយ​ដាក់​ជំនួស​ដោយ​អ្នក​ថ្មី​បន្ទាប់​ពី​មាន​អំពើ​បះ​បោរ​។ ​​រដ្ឋ​មន្ត្រី​រូប​នេះ​ចោទ​ប្រកាន់​ថា​ឧត្ដម​សេនីយ៍​ហ្ស៊ូនីហ្កា​​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ដើម្បី​បម្រើ​មហិច្ឆតា​នយោបាយ​​ផ្ទាល់​​ខ្លួន​។

សួរ​ថា​តើ​គោល​បំណង​នៃ​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​នេះ​​ដើម្បី​អ្វី? គោល​បំណង​ដើម្បី​ផ្ដួល​រំលំ​រដ្ឋ​អំណាច​ដែល​បោះ​ឆ្នោត​ជ្រើ​ស​រើស​តាម​បែប​ប្រជា​ធិបតេយ្យ​។ លោក​ថ្លែង​ដូច្នេះ​នៅ​​ចំពោះ​មុខ​អ្នក​សារ​ព័ត៌​មាន​ដោយ​មាន​ឧត្ដម​សេនីយ៍​ដែល​ត្រូវ​ចាប់​ខ្លួន​នៅ​ក្បែរ​នោះ​ផង​ដែរ​។ លោក​និយាយ​បន្ថែម​ថា​ឧត្ដម​សេនីយ៍​ហ្ស៊ូនីហ្កា​ចង់​ឡើង​កាន់​អំណាច​ខ្លួន​ឯង​។ នៅ​ក្នុង​អំពើ​បះ​បោរ​នេះ​ មនុស្ស​​រង​របួស​២​នាក់​​​ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​។ ម្នាក់​ត្រូវ​របួស​​ជើង​ និង​ម្នាក់​ទៀត​មិន​ត្រូ​វគេ​បញ្ជាក់​ថា​របួស​កន្លែង​ណា​ទេ​។​


តើ​អំពើ​រដ្ឋ​ប្រហារ​នេះ​ជា​ការ​សម្ដែង ​ឬ​យ៉ាង​ណា?
​​បន្ទាប់​ពី​ឧត្ដម​សេនីយ៍​​លូអាស៊ី​​​ថ្លែង​ថា​ប្រធានា​ធិបតី​បូលីវី​ប្រាប់​ឱ្យ​ខ្លួន​​លើក​កង​ទ័ព​ចូល​លុក​លុយ​វិមាន​រដ្ឋា​ភិបាល​ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​​ចេញ​មុខ​បដិសេធ​ការ​អះ​អាង​នេះ​។ ​លោក​ថា​ឧត្ដម​សេនីយ៍​រូប​នេះ​និយាយ​ភូត​កុហក​ និង​ព្យាយាម​និយាយ​យក​ត្រូវ​តែ​​ម្នាក់​ឯង​។ ឥឡូវ​នេះ គាត់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់​។ រដ្ឋ​អាជ្ញា​នឹង​ស្នើ​សុំ​ឱ្យ​តុលាការ​ផ្ដន្ទា​ទោស​ឧត្ដម​សេនីយ៍​រូប​នេះដាក់​​​ពន្ធ​នា​គារ​ចាប់​ពី​១៥-២០​ឆ្នាំ​ពី​បទ​ប៉ុន​ប៉ង​បំផ្លាញ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ និង​រដ្ឋ​ធម្ម​នុញ្ញ​។

សូម​រំលឹក​ថា​មុន​ពេល​ឧត្ដម​សេនីយ៍​រូប​នេះ​ត្រូវ​ចាប់​ខ្លួន​ គាត់​និយាយ​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​ប្រធានា​ធិបតី​បូលីវី​ប្រាប់​​គាត់​​ថា​សភាព​ការណ៍​ស្រុក​ទេស​រាង​រញ៉េរញ៉ៃ​ខ្លាំង​ណាស់​។ ដូច្នេះ សំខាន់​ត្រូវ​ធ្វើ​សកម្ម​ភាព​អ្វី​មួយ​ដើម្បី​​ធ្វើ​ឱ្យ​គាត់​មាន​ប្រជា​ប្រិយ​ភាព​ឡើង​វិញ​។ ក្រោយ​មក​ ឧត្ដម​សេនីយ៍​រូប​នេះ​ក៏​សួរ​ទៅ​លោក​លូអាស៊ី​ថា​តើ​គាត់ (ឧត្ដម​សេនីយ៍) អាច​បញ្ចេញ​រថ​ក្រោះ​មក​ក្រៅ​បន្ទាយ​បាន​ទេ​? ប្រធានា​ធិបតី​ឆ្លើយ​ថា​បញ្ចេញ​មក​ក្រៅ​ចុះ​។​

អំពើ​បះ​បោរ​នេះ​កើត​ឡើង​ក្រោយ​​​កើត​មាន​ភាព​តាន​តឹង​ជា​ច្រើន​ខែ​មក​ហើយ​នៅ​ប្រទេស​បូលីវី​។ មនុស្ស​ចេញ​តវ៉ា​នៅ​រដ្ឋ​ធានី​ដោយ​សារ​វិបត្តិ​សេដ្ឋ​កិច្ច​។ ជា​មួយ​គ្នា​នោះ​ដែរ​ អ្នក​នយោបាយ​ធំ​ៗ​ប្រជែង​គ្នា​ដណ្ដើរ​ធ្វើ​ប្រធាន​បក្ស​កាន់​អំណាច​។ ប៉ុន្តែ​ពួកគេ​ប្រឆាំង​គ្នា​តែ​អីចឹង​។ លុះ​មាន​ការ​​ប៉ុន​ប៉ង​ផ្ដួល​រំលំ​​ប្រធានា​ធិបតីកូឡុំប៊ី ពួក​គេ​ចេញ​មុខ​ជំទាស់​ភ្លាម​​។ សូម្បី​តែ​គូ​ប្រជែង​របស់​លោក​​លូអាស៊ី​​យល់​ថា​គេ​ត្រូវ​​ការ​ពារ​លទ្ធិ​ប្រជា​ធិបតេយ្យ​។ ពួកគេ​​ប្រកាស​ថ្កោល​ទោស​អំពើ​បះ​បោរ​នេះ​​ជា​ទម្ងន់​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ