ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួល​ឡាន​​គេ​​​មក​ជិះ បែរជា​​​បម្រុង​យកទៅ​​លក់​ ហើយ​មាន​​​គំរោង​ប្ល.ន់ទៀត

3 ថ្ងៃ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ​៖  តំណាង​អយ្យការនៃ​សាលាដំបូង​ខេត្ត បាន​និង​កំពុង​បន្ត​នីតិវិធី​សួរនាំ​ក្រុម​ជន​សង្ស័យ​ចំនួន​០៤​នាក់ នៅ​រសៀល​ថ្ងៃ​ទី​២៧ មិថុនា នេះ ដែល​ត្រូវ​កម្លាំង​អធិការ​ស្រុក​សំពៅ​លូន​ឃាត់ខ្លួន​ពី​បទ​​«​រំលោភ​ទំនុកចិត្ត​និង​រៀប​គំរោង​ប្លន់​» ​។  នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល…

​ខេត្តបាត់ដំបង ​៖  តំណាង​អយ្យការនៃ​សាលាដំបូង​ខេត្ត បាន​និង​កំពុង​បន្ត​នីតិវិធី​សួរនាំ​ក្រុម​ជន​សង្ស័យ​ចំនួន​០៤​នាក់ នៅ​រសៀល​ថ្ងៃ​ទី​២៧ មិថុនា នេះ ដែល​ត្រូវ​កម្លាំង​អធិការ​ស្រុក​សំពៅ​លូន​ឃាត់ខ្លួន​ពី​បទ​​«​រំលោភ​ទំនុកចិត្ត​និង​រៀប​គំរោង​ប្លន់​» ​។  នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​ខេត្ត​ ។

​មន្ត្រី​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ឲ្យ​ដឹង​ថា  ក្រុម​ជនសង្ស័យ​ទាំង​០៤​នាក់​​​​ត្រូវ​បាន​​កម្លាំង​អធិការ​ស្រុក​សំពៅ​លូន​ឃាត់ខ្លួន ជាមួយនឹង​រថយន្ត​ម៉ាក​ព្រូស​មួយ​គ្រឿង​ ។ ​មន្ត្រី​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ក្រុម​នេះ​​ទៅ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី​២៦ មិថុនា តែ​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី ២៧ មិថុនា នេះ​ តំណាង​អយ្យការ​កំពុង​បន្ត​នីតិវិធី​សួរនាំ​នៅឡើយ​ទេ​ ។

​ក្រុម​ជនសង្ស័យ​ចំនួន​០៤​នាក់​ក្នុង​ចំណោម​០៥​នាក់ ត្រូវ​បាន​កម្លាំង​អធិការ​ស្រុក​សំពៅ​លូន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​២៤ មិថុនា ពេល​ក្រុម​នេះ​ កំពុង​ជិះ​រថយន្ត​នៅ​លើ​ដងផ្លូវ​ត្រង់​ចំណុច​ភូមិ​ចម្ការ​ល្ហុង ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន​ ។

​អធិការ​ស្រុក​សំពៅ​លូន លោក ទឹម វិ​ឆ័​យ បាន​ថ្លែង​ថា  ការ​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​ជន​សង្ស័យ​​មួយ​សម្បុក​ខាងលើ​នេះ ដែល​ជិះ​រថយន្ត​ស៊េរី​ទំនើប​ៗ​ផង​យក​មក​សួរនាំ​ដោយ​យោង​លើ​ការ​ផ្ដល់​ព័​ត៌​មាន​ពី​ប្រជាពលរដ្ឋ ក្រោយ​ពេល​ឃើញ​ក្រុម​នេះ​បង្ហាញ​ពី​សកម្មភាព (​ជិះ​រថយន្ត​ឆ្វៀល​ស្ថានីយ​ប្រេង​ចុះឡើង​ៗ) ដែល​គូរ​ឲ្យ​សង្ស័យ​ ។

​លោក​អធិការ​បាន​បញ្ជាក់​ថា ក្រោយ​ពី​សួរនាំ​ទើប​បែកធ្លាយ​រឿង​ក្រុម​នេះ រួម​ជាមួយ​ជន​ម្នាក់​ទៀត​ជា​មេខ្លោង​ដែល​គេចខ្លួន «​ជួល​រថយន្ត​គេ​ជិះ​ចេញពី​ភ្នំពេញ យក​មក​ផ្សាយ​លក់​នៅ​ស្រុក​សំពៅ​លូន និង រៀប​ផែនការ​ប្លន់​ម្ចាស់​ស្ថានីយ​ប្រេង​មួយ​កន្លែង​» តែ​ត្រូវ​កម្លាំង​របស់​លោក​ទប់ស្កាត់​ និង​បង្ក្រាប​បាន​ទាន់​ពេលវេលា។

​យោង​លើ​របាយ​ការ​ណ៍​ព្រឹ​ត្ត​ហេតុ​របស់​អធិការ​ស្រុក​សំពៅ​លូន​ ក្រុម​សង្គម​ង​ងឹត​​ចំនួន​០៤​នាក់ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​០២​នាក់ និង​ជនជាតិ​ខ្មែរ​០២​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលា​ការ​ខាងលើ​នេះ​មាន  ១-​ឈ្មោះ វៀន វី​ន​ឌី​ន ហៅ​វី​ន អាយុ​២២​ឆ្នាំ (​វៀតណាម​)  ២-​ឈ្មោះ ចាង វាំង​ឌុ​ង ហៅ តុង អាយុ​២៧​ឆ្នាំ (​វៀតណាម​)  ៣-ឈ្មោះ សុធី ម៉ា​ណែ​ត អាយុ​២៥​ឆ្នាំ (​ខ្មែរ​) និង​៤-​ឈ្មោះ ញឹ​ម តាំ ហៅ​តុង អាយុ​២៩​ឆ្នាំ (​ខ្មែរ​) រីឯ​ម្នាក់​ទៀត​ដែល​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​រត់គេច​ខ្លួន​បាត់​នោះ​ឈ្មោះ​យិ​ន ។ ​ពួក​គេ​គ្មាន​មុខរបរ​ពិតប្រាកដ​ទេ និង​ស្នាក់​បណ្ដោះអាសន្ន​នៅ​រាជធានី​ភ្នំពេញ​ ។

​ជាមួយនឹង​ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំង​០៤​នាក់​នេះ​ សមត្ថកិច្ច​បាន​ដកហូត​រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស ស៊េរី​ឆ្នាំ​២០១០ ព​ណ៌ទឹកមាស ពាក់​ស្លាក​លេខ​កណ្ដាល 2C-1228 កាត​គ្រី​រថយន្ត​០៣​សន្លឹក  ក្រដាស​ឈៀករថយន្ត​០២​សន្លឹក  និង​ប័ណ្ណ​បង់ពន្ធ​រថយន្ត​០២​សន្លឹក តែ​គេ​សង្ស័យ​ជា​ឯកសារ​ក្លែងប​ន្លំ​ ។

ដោយឡែក​ ជន​ម្នាក់​ឈ្មោះយិ​ន ដែល​ជិះ​រថយន្ត​មួយ​គ្រឿង​ទៀត​រត់គេច​នោះ ជិះ​រថយន្ត​ម៉ាក Lexus 200T ព​ណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2GB-2968​ ។ លោក ទឹម វិ​ឆ័​យ បាន​និយាយ​ថា មុន​ពេល​ត្រូវ​ឃាត់ខ្លួន ក្រុម​នេះ​បាន​នាំ​គ្នា​ជិះ​រថយន្ត​បង្ហាញ​ពី​សកម្មភាព​ដែល​គួរ​​ឲ្យ​សង្ស័យ ឆ្វែល​ផ្ទះ និង​ស្ថានីយ​ប្រេង​មួយ​កន្លែង​របស់​ឈ្មោះ ឈុ​ន ម៉េ​ង​ឈាង ភេទប្រុស​ អាយុ​៤១​ឆ្នាំ នៅ​ភូមិ
​តា​ស្ដា ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន មួយ​ថ្ងៃ​ពី​២​ទៅ​៣​លើក​ ។

​លោក​ថា ពេល​ខ្លះ​​ក្រុម​នេះ​ជិះ​ចូល​ដល់​ក្នុង​ស្ថានីយ​ប្រេង​ក្នុង​បំណង​ប៉ុនប៉ង​ធ្វើ​សកម្មភាព​អ្វីមួយ  តែ​ដោយ​សារ​មាន​រថយន្ត​គេ​ចូល​ចាក់​សាំង​ជា​បន្តបន្ទាប់​ដែរ ទើប​ក្រុម​នេះ​ជិះ​រថយន្ត​ចេញ​ទៅ​បាត់​ ។  ហេតុ​ការ​ណ៍​​នេះ បាន​កើតឡើង​ចាប់តាំងពី​ថ្ងៃ​ទី​១៧ មិថុនា រហូត​ដល់​ថ្ងៃ​ទី​២៤ មិថុនា ទើប​កម្លាំង​របស់​លោក​ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បាន ​។

​ក្រោយ​ពេល​ត្រូវ​ឃាត់ខ្លួន ក្រុម​នេះ​​បាន​សារភាព​ថា ពួក​គេ​មាន​គ្នា​ចំនួន​០៥​នាក់ រាប់​ទាំង​ឈ្មោះ​យិ​ន ដែល​គេចខ្លួន​បាត់​ផង​ជិះ​រថយន្ត​០២​គ្រឿង​ដែល​មួយ​គ្រឿង​ម៉ាក​ព្រូស (​ជួល​គេ​ជិះ​) និង​មួយ​គ្រឿង​ទៀត​ម៉ាក​ឡិច​ស៊ី​ស (​រថយន្ត​របស់​ឈ្មោះ​យិ​ន​)​ ។  ពួក​ខ្លួន​បាន​ជួល​រថយន្ត​ម៉ាក​ព្រូស​ជិះ​ក្នុង​មួយ​ថ្ងៃ​៥០​ដុល្លារ ដោយ​ចេញពី​ភ្នំពេញ​ឆ្ពោះ​មក​កាន់​ស្រុក​ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ​។

​ក្រុម​នេះ​បាន​សារភាព​ទៀត​ថា  ពួក​ខ្លួន​បាន​ជិះ​មក​ដល់​ស្រុក​សំពៅ​លូន ក្នុង​គោលបំណង​យក​រថយន្ត​ម៉ាក​ព្រូស​ដែល​ជួល​គេ​ជិះ​នេះ​លក់​ចែក​លុយ​គ្នា​ចាយ តែ​លក់​មិន​ទាន់​ចេញ​ផង​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ​។

​ពាក់ព័ន្ធ​នឹង​រឿង​ជិះ​រថយន្ត​ឆ្វែល​ផ្ទះ និង​ស្ថានីយ​ប្រេង មួយ​ថ្ងៃ​០២​ ទៅ​០៣​ដង​ឯណោះ​វិញ   បើ​តាម​ជន​ម្នាក់​ឈ្មោះ​ញឹ​ម តាំង​ហៅ តុង បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា «​រឿង​ជិះ​ឆ្វែល​ផ្ទះ​និង​ស្ថានីយ​ប្រេង​ខាងលើ គឺ​ពួក​ខ្លុំ​ជិះ​មើល​ស្ថានភាព​ម្ចាស់ផ្ទះ​នោះ ដើម្បី​រៀប​គំរោង​ចូល​ប្លន់​»​ ។​ ជន​នេះ​បាន​ទម្លាក់​បន្ទុក​ទៅ​លើ​ឈ្មោះ​យិ​ន ដែល​រត់គេច​ខ្លួន​ជាមួយ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​នោះ​ថា ជា​មេខ្លោង​រៀប​ផែនការ​«​ប្លន់​»​ម្ចាស់​ស្ថានីយ​ប្រេង​នោះ​ ។  ដូច្នេះ​ហើយ​ ទើប​នាំ​គ្នា​ជិះ​រថយន្ត​ឆ្វែល​ឡើង​ឆ្វែល​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្ដែង​នៅ​កន្លែង​ស្ថានីយ​ប្រេង​នោះ​ ។

​លោក ទឹម វិ​ឆ័​យ អធិការ​ស្រុក​សំពៅ​លូន​បាន​បញ្ជាក់​ដែរ​ថា  ពិតជា​សំណាង​មែន ដែល​ម្ចាស់​ស្ថានីយ​ប្រេង បាន​តាមដាន​ពី​សកម្មភាព​ក្រុម​ជន​សង្គម​ង​ងឹ​ត​នេះ​ជាប់​ជា​ប្រចាំ និង​មានការ​សង្ស័យ​ពី​សកម្មភាព​ពួក​គេ ហើយ​រាយ​ការ​ណ៍​​ប្រាប់​លោក ហើយ​កម្លាំង​របស់​លោក​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្ក្រាប និង​ទប់ស្កាត់​បាន​ទាន់​ពេលវេលា​ បើ​មិន​ដូច្នេះ​ទេ​អំពើ​«​ប្លន់​» អាច​នឹង​កើ​ក​ឡើង​ជាក់​ជា​មិន​ខាន​។

យ៉ាងណា​ក្ដី ពេល​នេះ ​ក្រុម​ជនសង្ស័យ​ទាំង​០៤​នាក់ ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ជំនាញ​បញ្ជូន​ទៅ​ប្រគល់​ឲ្យ​តុលាការ​ហើយ ខណៈ​ជន​ម្នាក់​ដែល​ជិះ​រថយន្ត​គេចខ្លួន​បាត់​នោះ កំពុង​ត្រូវ​បាន​មន្ត្រី​ជំនាញ​បន្ត​តាម​ស្វែងរក​នៅឡើយ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ