ខេត្តកំពង់ឆ្នាំង ៖ រថយន្តធន់សណ្ដោង១គ្រឿង មានដឹកសម្ភារៈធ្វើសំណង់ផ្លូវបេតុង នៅភូមិឬស្សីដង្គូច បានរអិលធ្លាក់ពីលើសាឡាងចូល ទៅក្នុងទឹកទន្លេលិចបាត់ ។ ហេតុការនេះ កើតឡើងនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចក្បាលកោះឬស្សីដង្គួច ឃុំជលសា ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។

សាក្សីនៅទីនោះឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត១គ្រឿង ដឹកសម្ភារៈដូចជា ក្តាពុម្ពដែកមួយឈុត ម៉ូតូមួយគ្រឿង ម៉ាស៊ីនខាត់ចំនួន៣គ្រឿង ម៉ាស៊ីនកៀរមួយគ្រឿង ម៉ាស៊ីនកាត់រ៉ង មួយគ្រឿង និងគ្រឿងហូបចុក បង្គោលវ៉ៃពុម្ពមួយកំប្លេ បានបើកថយក្រោយ ឡើងលើសាឡាង លុះបានជិតពាក់កណ្តាល សាឡាងនោះ បានថយក្រោយធ្វើឲ្យរអិលឡាននោះចេញពីតាបសាឡាងខាងមុខ បណ្តាលឱ្យធ្លាក់ចូលទៅក្នុងទឹកលិចបាត់តែម្តង ។

ដោយឡែក ប្រភពពីសមត្ថកិច្ចបញ្ជាក់ផងដែរថា ក្នុងហេតុការណ៍នោះគឺម្ចាស់សាឡាងឈ្មោះ ជុំ វ៉េត ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិ/ឃុំ កើតហេតុខាងលើ បានដឹកឡានមួយគ្រឿង ប្រភេទប្លាតឌឺហ្វម មានដឹកសម្ភារៈធ្វើសំណង់ផ្លូវបេតុង ធ្វើឲ្យខុសបច្ចេកទេស ក៏បានរអិលធ្លាក់រថយន្តចូលក្នុងទឹកទន្លេ ពេលនេះ កំពុងរកមធ្យោបាយដើម្បីជួយសង្គ្រោះស្រង់រថយន្ត នោះចេញពីក្នុងទឹក ។ ចំពោះករណីខាងលើនេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ ៕
ចែករំលែកព័តមាននេះ