ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នឹង​ដើរ​ចេញពី​តំណែង​ ប្រសិន​កាត់​​ទោស​អតីត​ឧក​ញ៉ា ស្រី ស៊ី​ណា ជាប់​​​ទោសត្រឹម​២ឬ៣​ឆ្នាំ

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ស​ន្និសីទ​សារ​ព័​ត័​មាន ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​ប្រកាស​នឹង​ដើរ​ចេញពី​តំណែង ប្រសិនបើ​ឧក្រិដ្ឋជន ស្រី ស៊ី​ណា​…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ស​ន្និសីទ​សារ​ព័​ត័​មាន ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​ប្រកាស​នឹង​ដើរ​ចេញពី​តំណែង ប្រសិនបើ​ឧក្រិដ្ឋជន ស្រី ស៊ី​ណា​ មិន​កាត់ទោស ឬ​ដូច​គេ​​និយាយ​ថា «​ជាប់​ទោស២ ឬ៣​ឆ្នាំ ​ហើយត្រូវ​ដោះ​លែង​វិញ​»​។

ករណី​នេះ​ ត្រូវ​បាន​ឯកឧត្តម​ ឧបនាយករដ្ឋមន្ដ្រីបាន​បញ្ជាក់​ថា ឧក្រិដ្ឋជន ស្រី ស៊ី​ណា ត្រូវ​តែ​ជាប់​ពន្ធ​គារ ទៅ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​ ហើយ​ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ដែល​ច្បាប់​ផ្តល់​សិទ្ធិ​ឲ្យ​ឯកឧត្តម​នឹង​តាមដាន​លើ​សំណុំរឿង​ហ្នឹង​។ ការ​លើក​ឡើង​បែប​នេះ របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បន្ទាប់​ពីមាន​អ្នកវិភាគ​មួយ​ក្ដាប់​តូចបាន​លើក​ឡើង​ថា ការ​កាត់ទោស ស្រី ស៊ី​ណា ត្រឹមតែ២ ឬ៣​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ដោះ​លែង​វិញ​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ពាក់ព័ន្ធ «​ករណី​ឃាតកម្ម ប្រព្រឹត្ត​ដោយ​ជនល្មើស​ឈ្មោះ ស្រី ស៊ី​ណា​» នា​រសៀល​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ទីស្តីការក្រសួង​ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី កើត រិ​ទ្ធ បាន​ឆ្លើយ​តប​វិញ​ថា ជនល្មើស ស្រី ស៊ី​ណា ត្រូវ​តែ​ជាប់គុក​ទៅ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន ដោយ​គ្មាន​ការ​លើកលែងទោស ឬ​បន្ធូរ​បន្ថយទោស​ជា​ដាច់ខាត ដោយ​ឧក្រិដ្ឋជន​រូប​នេះ​អាច​នឹង​ជាប់គុក​ពី ២០ ទៅ ៣០​ឆ្នាំ​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំយក​ឱកាស​នេះ ដើម្បី​បញ្ជាក់​ជូន​ដល់​បងប្អូន​អ្នក​សារព័ត៌មាន ថា ប្រសិនបើ​បុគ្គល​ម្នាក់​នេះ (​ស្រី ស៊ី​ណា​) មិន​ត្រូវ​បាន​កាត់ទោស ឬ​ត្រូវ​បាន​កាត់ទោស​ដូច​គេ​និយាយ​ថា ជាប់ ២ ឬ ៣​ឆ្នាំ ចេញ​មក​វិញ ខ្ញុំ អ្នក​ទទួលខុសត្រូវ​មុនគេ ហើយ​ទទួលខុសត្រូវ គឺ​មាន​ដើរ​ចេញ ឈប់​ធ្វើ​ការងារ​ផ្នែក​ច្បាប់​»​។

សូម​រំលឹក​ថា នៅ​រសៀល ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ ស្ថិត​ក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោរ សង្កាត់​និរោធ៍ ខណ្ឌ​ច្បារ​អំពៅ មាន​ករណី​ឃាតកម្ម​បាញ់ ប្រហារ​ដ៏​រន្ធត់​មួយ​នេះ បង្ក​ឡើង​ដោយ​ខ្មាន់កាំភ្លើង​ឈ្មោះ ស្រី ស៊ី​ណា បណ្ដាល​ឲ្យ​មនុស្ស ២​នាក់​ស្លាប់ ដែល​ជា​គូ​ដណ្ដឹង​នឹង​គ្នា និង ២​នាក់​ផ្សេង​ទៀត​រង​របួស​។ ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ទាំង២​នាក់​គូ​ដណ្ដឹង ដែល​ត្រៀម​ចូល​រោងការ នៅ​អំឡុង​ខែតុលា ឆ្នាំ​២០២៤​ខាង​មុខ​នេះ បាន​បន្សល់​នូវ​ភាព​សោកសៅ​យ៉ាង​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​។

ក្រោយ​ពី​ហេតុការណ៍​នេះ​កើតឡើង​មាន​សាធារណៈ​មតិ​មួយ​ចំនួន​បាន​សម្ដែង​ការ​ខឹងសម្បារ និង​ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​ឃាតករ​ឈ្មោះ ស្រី ស៊ី​ណា ដែល​បាន​ប្រព្រឹត្ត​ដ៏​សាហាវ​បែប​នេះ
​រហូត​ចង់ឱ្យ​តុលាការ​ដាក់ទោស​មួយ​ជីវិត ឬ​អាច​ឈាន​ទៅ​ទោស​ប្រហារជីវិត​ចំពោះ​ជនល្មើស​ទៀត​ផង​។ ប៉ុន្តែ​មិន​អាច​ទៅ​រួច​ឡើយ​ចំពោះ​ការ​ចង់បាន​នេះ ព្រោះ​អ្វី​ៗ​ត្រូវ​សំអាង​ទៅ​តាម​ខ្លឹមសារ​ច្បាប់​ជា​ធរមាន​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ