ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Euro 2024 ៖ បារាំងឡើងវគ្គខ្វែងទាំងហួសចិត្ត ខណៈអង់គ្លេសបញ្ចប់នៅកំពូលតារាងជាមួយកំហឹងអ្នកគាំទ្រ

2 ថ្ងៃ មុន

ប្រទេសអាល្លឺម៉ង់ ៖ ការប្រកួតវគ្គចែកពូល ព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro

ប្រទេសអាល្លឺម៉ង់ ៖ ការប្រកួតវគ្គចែកពូល ព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ បានរកឃើញ៤ក្រុមបន្ថែមទៀតហើយ ដែលបន្តឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ដោយស្វ័យប្រវត្តិ។

លទ្ធផលការប្រកួតជុំទី៣ ដែលជាជុំចុងក្រោយវគ្គចែកពូល កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ៖
ពូល C ៖
-អង់គ្លេស ០-០ ស្លូវេនី
-ដាណឺម៉ាក ០-០ សែប៊ី

ពូល D ៖
-ហូឡង់ ២-៣ អូទ្រីស
-បារាំង ១-១ ប៉ូឡូញ

ក្រុមបន្តឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ដោយស្វ័យប្រវត្តិ គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ៖
-ម្ចាស់ផ្ទះអាល្លឺម៉ង់ (លេខ ១ ពូល A)
-ស្វីស (លេខ ២ ពូល A)
-អេស្ប៉ាញ (លេខ ១ ពូល B)
-អ៊ីតាលី (លេខ ២ ពូល B)
-អង់គ្លេស (លេខ១ ពូល C)
-ដាណឺម៉ាក (លេខ ២ ពូល C)
-អូទ្រីស (លេខ ១ ពូល D)
-បារាំង (លេខ ២ ពូល D)
-ព័រទុយហ្គាល់ (លេខ ១ ពូល F)

ក្រុមហាលអាវពីព្រឹត្តិការណ៍ UEFA Euro 2024 គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ រួមមាន ៖ ស្កុតឡែន ក្រូអាត អាល់បានី សែប៊ី ប៉ូឡូញ ហ្សកហ្ស៊ី ។

ក្រុមមាន់គកបារាំង ក្រោមការដឹកនាំរបស់លោក Didier Deschamps ឡើងបន្តទៅវគ្គ១៦ក្រុមចុងក្រោយជាមួយនឹងស្ថិតិដ៏ហួសចិត្ត តាមរយៈគ្រាប់បាល់ចូលទីខ្លួនឯងរបស់កីឡាករគូបដិបក្ខ១គ្រាប់ និង១គ្រាប់បានមកពីបាល់ប៉េណាល់ទីរបស់ប្រធានក្រុម Kylian Mbappé ក្រោយឆ្លងកាត់៣ប្រកួត​ពូល D ឈ្នះអូទ្រីស ១-០ ស្មើហូឡង់ដោយគ្មានគ្រាប់បាល់ និងស្មើប៉ូឡូញ ១-១ ហើយបញ្ចប់នៅលេខ ២។

ងាកទៅក្រុមតោកំណាចអង់គ្លេសឯណោះវិញ ដ្បិតបញ្ចប់នៅកំពូលតារាងពូល C បន្តឡើងទៅវគ្គ១៦​ក្រុមចុងក្រោយក៏ពិតមែន ប៉ុន្តែអ្នកគាំទ្ររបស់ពួកគេបានសម្តែងការមិនពេញចិត្ត និងខឹងសម្បារយ៉ាងខ្លាំង ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Gareth Southgate ដែលមានទម្រង់លេងមិនមុតស្រួច ក៏ដូចជាការប្រើប្រាស់កីឡាករត្រឹមត្រូវ បើទោះបីជាកីឡាករល្អៗលំដាប់ពិភពលោក រួមទាំងកីឡាករវ័យក្មេងពោរពេញដោយទេពកោសល្យយ៉ាងណាក៏ដោយ។

អង់គ្លេស ដែលអ្នកវិភាគជំនាញភាគច្រើនព្យាករណ៍ថា ភាគរយខ្ពស់ឈ្នះជើងឯកនៅឆ្នាំនេះ ឆ្លងកាត់៣ប្រកួតនៅក្នុងពូល ឈ្នះតែ១ប្រកួតប៉ុណ្ណោះ តាមរយៈជ័យជម្នះដ៏លំបាកលើសែប៊ី ហើយបន្តស្មើដាណឺម៉ាក ១-១ និងស្លូវេនីដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីថែមទៀត។

ក្រោយចប់ការប្រកួតទល់នឹងស្លូវេនី អ្នកគាំទ្រអង់គ្លេសជាច្រើននៅកីឡដ្ឋាន RheinEnergie បាននាំគ្នាស្រែកចំអកមិនពេញចិត្ត ហើយអ្នកខ្លះថែមគប់ពែងទឹកចូលទីលាន ជាពិសេសសំដៅលើលោកគ្រូបង្វឹក Gareth Southgate ផ្ទាល់តែម្តង ដែលកំពុងដើរទះដៃលើទីលាន ដើម្បីអរគុណអ្នកគាំទ្រ៕ (ប្រភព ៖ UEFA, ESPN, BBC និង The Mirror)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ