ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតកម្មរថយន្តថៃធ្លាក់ចុះខ្លាំង កាលពីខែមុន ចំពេលការលក់ក្នុងស្រុកធ្លាក់ចុះ

3 ខែ មុន

ប្រទេសថៃ ៖ សហព័ន្ធឧស្សាហកម្មប្រទេសថៃ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានអះអាងថា

ប្រទេសថៃ ៖ សហព័ន្ធឧស្សាហកម្មប្រទេសថៃ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានអះអាងថា ផលិត​កម្មរថយន្តនៅក្នុងប្រទេសថៃ បានធ្លាក់ចុះ ១៦.២% នៅក្នុងខែឧសភាកន្លងទៅ បើធៀបនឹងឆ្នាំមុន មកនៅត្រឹម ១២៦,១៦១គ្រឿង ហើយភាគច្រើនដោយសារតែការធ្លាក់ចុះ ការផលិតរថយន្ត​ភីកអាប់ (Pickup Trucks)។ តួលេខនេះ ត្រូវបានប្រៀបធៀបនឹងការធ្លាក់ចុះ ១១% កាលពីខែមេសា ឆ្នាំនេះ។

របាយការណ៍សហព័ន្ធឧស្សាហកម្មថៃ បានបន្តថា អំឡុងខែមករារហូតដល់ខែឧសភា ឆ្នាំនេះ ការផលិតរថយន្តក្នុងប្រទេសថៃបានធ្លាក់ចុះ ១៦.៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន មកនៅត្រឹមចំនួន ៦៤៤,៩៥១គ្រឿង។ សហព័ន្ធលើកឡើងថា ការផលិតរថយន្តធ្លាក់ចុះជាចម្បង ដោយ​សារតែការផលិតរថយន្តភីកអាប់ទាប ដែលឆ្លុះបញ្ចាំងពីតម្រូវការធ្លាក់ចុះ ដោយសារតែធនាគារបានរឹតបន្តឹងការផ្តល់ប្រាក់កម្ចីទិញរថយន្ត ដោយសារតែបំណុលគ្រួសារបានកើនឡើងខ្ពស់។

សហព័ន្ធបានបន្តទៀតថា ការលក់រថយន្តក្នុងស្រុកបានធ្លាក់ចុះ ២៣.៤% នៅក្នុងខែឧសភាកន្លងទៅ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន បន្ទាប់ពីការធ្លាក់ចុះ ២១.៥% កាលពីខែមេសា។

គួរបញ្ជាក់ថា ប្រទេសថៃ គឺជាមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍និងជាមូលដ្ឋាននាំចេញសម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលៗមួយចំនួនលើពិភពលោក រួមទាំងក្រុមហ៊ុន Toyota និង Honda ជាមួយនឹងរថយន្តភីកអាប់ក្នុងចំណោមរថយន្តតម្រូវការសំខាន់ៗផ្សេងទៀត ដែលត្រូវបានផលិត៕ (ប្រភព ៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ