ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ត្រូវ​ប្រយ័ត្ន​កសិផល​បំផ្លាញ​ដោយ​មេអំបៅ​ដែល​ជា​ប្រភព​ដង្កូវ​ហ្វូង

3 ខែ មុន
  • ភ្នំពេញ

លោក​ឃឹម ហ្វី​ណ​ង់ អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ​បាន​បង្ហាញ​នូវ​អត្ត​សញ្ញាណ​នៃ​មេអំបៅ​ដែល​ជា​ប្រភព​ដើម​នៃ​ដង្កូវ​ហ្វូង​ដែល​កំពុង​តែ​ទន្ទ្រាន​ដំណាំ​នៅ​កម្ពុជា ។នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៤​កន្លង​ទៅ លោក​បាន​ជំរុញ​កសិកម្ម​បន្ត​ប្រុង​ប្រយ័ត្ន…

លោក​ឃឹម ហ្វី​ណ​ង់ អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ​បាន​បង្ហាញ​នូវ​អត្ត​សញ្ញាណ​នៃ​មេអំបៅ​ដែល​ជា​ប្រភព​ដើម​នៃ​ដង្កូវ​ហ្វូង​ដែល​កំពុង​តែ​ទន្ទ្រាន​ដំណាំ​នៅ​កម្ពុជា ។
នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៤​កន្លង​ទៅ លោក​បាន​ជំរុញ​កសិកម្ម​បន្ត​ប្រុង​ប្រយ័ត្ន ហើយ​សង្កេត​មើល​មេអំបៅ​ដែល​ជា​ប្រភព​នៃ​ដង្កូវ​ហ្វូង​ទាំងនេះ​។

លោក​បាន​បញ្ជាក់​ថា «​សូម​រៀន​សង្កេត​និង​ប្រុង​ប្រយ័ត្ន​ចំពោះ​មេអំបៅ​ដង្កូវ​ហ្វូង ដែល​ជា​ប្រភេទ​មេអំបៅ​រាត្រីចរ ច្រើន​ធ្វើ​ដំណើរ​នៅ​ពេល​យប់ ។ ពង​របស់​វា​មាន​ពណ៌​ស​ក្នុង​ដំណាក់កាល​ដំបូង និង​ប្រែ​ទៅ​ជា​ពណ៌​លឿង នៅ​ពេល​ជិត​ញាស់​។ មេអំបៅ​ប្រភេទ​នេះ​ពង​ជា​កញ្ចុំ​ៗ មាន​ចំនួន​ពី ១០០ ទៅ ២០០​ពង នៅ​លើ​ផ្ទៃ​ស្លឹក ដោយ​មាន​រោម​សំឡី​ពាស​ការពារ​ពីលើ​»​។

គួរ​រំលឹក​ថា នៅ​ថ្ងៃ​ទី​២១ ខែមិថុនា លោក​បាន​រាយការណ៍​ថា ករណី​ផ្ទុះ​ដង្កូវ​ហ្វូង បាន​រីក​រាលដាល​ដល់​១២​ខេត្ត ហើយ តាម​ការ​ប៉ាន់ស្មាន​បឋម ផល​ប៉ះពាល់​ស្ថិត​ក្នុង​រង្វង់​១​ទៅ​២%​នៃ​ដំណាំ​កំពុង​ដាំ​ដុះ ភាគច្រើន​ទៅ​លើ​ដំណាំ​ស្រូវ និង​ដំឡូង​មី តែ​តួលេខ​នេះ​អាច​នឹង​កើនឡើង​បន្ត​ទៀត​នា​ពេល​ខាង​មុខ​។

លោក​បាន​បន្ត​ថា ក្រសួងកសិកម្ម​កំពុង​ប្រើប្រាស់​កម្លាំង​សរុប និង​មធ្យោបាយ​សរុប​នៅ​ទូ​ទាំង​ប្រទេស ប​ញ្ចូ​ន​មន្ត្រី​ជំនាញ​ជា​បន្ទាន់​ទាំង​កម្រិត​ក្រសួង កម្រិត​មន្ទីរ និង​កម្រិត​ឃុំ ដើម្បី​ចុះ​តាមដាន​វាយតម្លៃ​ពី​ការ​រីក​រាលដាល ផ្សព្វផ្សាយ​ពី​វិធានការ​ឆ្លើយ​តប​ភ្លាម​ៗ​ដល់​បងប្អូន​កសិករ​នៅ​តាម​មូលដ្ឋាន និង​អន្តរាគមន៍​ផ្ទាល់​ក្នុង​ករណី​ចាំបាច់​ផង​ដែរ​។

តាម​ការ​វាយតម្លៃ​ក្នុង​ពេល​បច្ចុប្បន្ន ស្ថានភាព​នេះ ស្ថិត​នៅ​ក្នុង​ដំណាក់កាល​គ្រប់គ្រង​បាន​នៅ​ឡើយ​ទេ ដោយហេតុ​ថា​យើង​បាន​ប្រតិកម្ម​បាន​លឿន និង​បងប្អូន​ប្រជា​កសិករ​មានការ​ចូលរួម​បាន​យ៉ាង​សកម្ម​និង​ទូលំទូលាយ​។

អ្នកជំនាញ​រំពឹង​ទុក​ថា នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​មក ដង្កូវ​ហ្វូង​ទាំងនេះ​នឹង​ងាប់​ទៅ​វិញ ហើយ​បញ្ហា​រីក​រាលដាល​នឹង​ត្រូវ​បញ្ចប់​តែ ទោះជា​យ៉ាងណា សូម​បងប្អូន​ប្រជា​កសិករ​បន្ត​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ តាមដាន​ត្រួតពិនិត្យ​មើល​ដំណាំ​ស្រែ​ចម្ការ​របស់​ខ្លួន​ជា​ប្រចាំ និង​ឱ្យ​បាន​ទៀងទាត់ និង​ចាត់វិធានការ​ឱ្យ​បាន​ទាន់​ពេលវេលា ជៀសវាង​នូវ​ការ​ខាតបង់​ធ្ងន់ធ្ងរ​មក​លើ​ផលដំណាំ​របស់​ខ្លួន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ