ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្ត៖ ដី​ដែល​ដកហូត​បាន​ត្រូវឃ្លុំ​ទុក​ជា​​សម្បត្តិ​រដ្ឋ និង​ដាំ​ដើមឈើ​ឡើង​វិញ​

3 ខែ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​ ៖ ​កាលថ្ងៃ​ទី​២៤ ​ខែមិថុនា​ ឆ្នាំ​២០២៤ លោក​ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិ​បាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈកម្មាធិការ ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ខេត្ត…

ខេត្តពោធិ៍សាត់​ ៖ ​កាលថ្ងៃ​ទី​២៤ ​ខែមិថុនា​ ឆ្នាំ​២០២៤ លោក​ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិ​បាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈកម្មាធិការ ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ខេត្ត បាន​ជួប​ប្រជុំ​ជាមួយ​ក្រុមចម្រុះ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ទាំង​០៦​ក្រុម នៅ​សាលាស្រុក​វាល​វែង ដើម្បី​ពង្រឹង​ការងារ​បន្ថែម និង​រៀបចំ​ផែនការ​ដាំ​ដើមឈើ​ឡើង​វិញ លើ​ដី​ដែល​ដកហូត​បាន​ជិត​៤០.០០០​ហិ​កតា ពិសេស​ នៅ​ផ្លូវ​អន្ទង់អាំង​ជើងភ្នំ​១៥០០ ដែល​ជា​ផ្ទាំង​ស៊ី​ប​របស់​ប្រមុខ​រាជរដ្ឋា​ភិបាល និង​មហាជន​គ្រប់គ្នា​។

លោក ខូ​យ រី​ដា មាន​ប្រសាសន៍​ថា យុទ្ធនាការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ដ៍​ក្ដៅ​គគុក នៅ​ស្រុក​វាល​វែង​និង​ស្រុក​ភ្នំក្រវាញ ដោយ​កម្លាំង​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ មក​ដល់​ពេល​នេះ​យើង​ដកហូត​ដី​បាន​ជិត​៤០.០០០​ហិ​កតា​ហើយ​ ។ យើង​បាន​ឡើង​ផែនទី​និង​ឃ្លុម​ទុកជា​សម្បត្តិ​រដ្ឋ ព្រមទាំង​ដាក់​កម្លាំង​ឈរជើង​នៅ​តាម​គោលដៅ​នីមួយ​ៗ ដើម្បី​ការពារ​និង​បន្ត​បង្ក្រាប​ដូច​ភ្លៀងរលឹម​ ។

ឯកឧត្តម​សូម​ឲ្យ​ក្រុម​នីមួយ​ៗ​ក្នុង​មួ​យស​ប្ដា​ហ៍​ត្រូវ​ចុះ​០៤​ថ្ងៃ សម្រាក​០៣​ថ្ងៃ​។ ត្រូវ​ទទួលខុសត្រូវ​និង​គ្រប់គ្រង​ភូមិសាស្ត្រ​ឲ្យ​បាន​ហើយ​ចែក​ឲ្យ​ដាច់​ថា ​តើ​កន្លែង​ណា​ត្រូវ​ដកហូត​មក​វិញ​ដាច់ខាត? កន្លែង​ណា​ទុក​សុំ​គោលការណ៍​ពី​ថ្នាក់លើ? កន្លែង​ណា​ដើមឈើ​ដុះ​ឡើង​វិញ? កន្លែង​ណា​ត្រូវ​ដាំ​ដើមឈើ​ឡើង​វិញ?

កន្លែង​ណា​ដែល​មិន​ច្បាស់លាស់ ត្រូវ​ឃ្លុំទុក​បណ្ដោះអាសន្ន សុំ​គោលការណ៍​ពី​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ខេត្ត ដើម្បី​ពិគ្រោះ​យោបល់​ជាមួយ​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តពោធិ៍សាត់ សុំ​គោលការណ៍​បន្ត​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​សម្រេច​។

លោក ខូ​យ រី​ដា មាន​ប្រសាសន៍​ថា យើង​ធ្វើ​លើក​នេះ​មិន​ឲ្យ​បរាជ័យ​ទេ រាជរដ្ឋាភិបាល​បាន​ផ្ដល់​សិទ្ធិ​អំណាច ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ធ្វើ​ជា​មុខមាត់​ដើម្បី​ជាតិ បើ​យើង​ធ្វើ​មិនល្អ​មាន​ន័យ​ថា យើង​កម្ទេច​ការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន ហើយ​ប្រើប្រាស់​កញ្ចប់​ថវិការ​ជាតិ គ្មាន​តម្លាភាព​និង​គ្មាន​ប្រសិទ្ធភាព​ទៀត​ផង​។  

នៅ​ផ្លូវ​អន្ទង់អាំង​ចាប់ពី​ជើងភ្នំ​១៥០០​ទៅ មាន​ប្រវែង​១០​គម​ដែល​ត្រូវ​ដាំ​ដើម​ផ្កា ដើម្បី​ឲ្យ​មាន​សម្រស់​ស្រស់​ស្អាត​តាម​ដងផ្លូវ សម្រាប់​ភ្ញៀវ​ទេសចរណ៍​ទៅ​លេង​កំសាន្ត​។ ដូច្នេះ​ យើង​ត្រូវធ្វើ​ប្លង់​គោល​ឲ្យ​បាន​ច្បាស់លាស់ ដាំ​តាម​លក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​តំបន់​នោះ​ជា​ផ្ទាំង​ស៊ី​ប​របស់​មហាជន និង​ជា​គម្រោង​របស់​រាជរដ្ឋាភិបាល ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​បំផុត​។ យើង​ដាំ​ដើម​ក្ងោក​និង​ដើម​លឿង​រាជ​អម​សងខាង​ផ្លូវ ឯ​ដើមឈើ​ប្រណិត​គ្រប់​ប្រភេទ ដាំ​នៅ​ខាងក្នុង​។

លោក ខូ​យ រី​ដា ព្រមាន​ចំពោះ​មន្ត្រី​ណា​ដែល​ជាប់​ពាក់ព័ន្ធ​បញ្ហា​ដីធ្លី និង​ឃុបឃិត​ប្រព្រឹត្ត​អំពើ​ពុក​រលួយ លើ​ដី​ដែល​ដកហូត​បាន​ហើយ ត្រូវ​ដកខ្លួន​ចេញ​ជា​បន្ទាន់​និង​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​។ ចំណែក​បុគ្គល​ជា​នាយ​ទា​ហ៊ាន​ម្នាក់ ដែល​សាងសង់​ផ្ទះ​នៅ​លើ​កំពូលភ្នំ និង​ប្រជាជន​ចំនួន​៣០​គ្រួសារ​ទៀត ដែល​មិន​ព្រម​ចេញ​ទៅ​នៅ​កន្លែង​ថ្មី រដ្ឋបាល​ខេត្ត​កំណត់​រយៈពេល​៣០​ថ្ងៃ​ប៉ុណ្ណោះ បើ​មិន​ចេញ​ទេ នឹង​អនុវត្ត​វិធានការ​តាម​ផ្លូវច្បាប់​ជា​ធរមាន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ