ខេត្តព្រះសីហនុ ៖ មេបញ្ជាការរងទីបញ្ជាការជួបមុខអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្របានប្រាប់ថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ មានករណីសាឡង់ដឹកខ្សាច់១គ្រឿង លេខ AG-15599 ពណ៌ខៀវ បានលិចនៅចំណុចខាងជើងឈាងខាងកើតកោះក្របី ខេត្តព្រះសីហនុ ដោយសារជួបខ្យល់ខ្លាំង និងរលកធំៗ ហើយនៅលើសាឡង់មានមនុស្សចំនួន៤នាក់ ភេទប្រុស ត្រូវបានជួយសង្គ្រោះដោយទូកនេសាទនៅជិតកន្លែងកើតហេតុដោយសុវត្ថិ
ភាព ។
រយៈពេលពីរ-បីថ្ងៃក្នុងសហ្តហ៍ទី៣ ខែមិថុនានេះ នៅខេត្ដព្រះសីហនុ ផ្ទៃមេឃអួរអាប់បង្កឱ្យមានភ្លៀងធ្លាក់រហូតលាយឡំនិងខ្យល់ ទើបនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុបានចេញសេចក្តីជូនដំណឹងបន្ថែមស្ដីពីស្ថានភាពធាតុអាកាសក្នុងខេត្តព្រះសីហនុជូនសាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការធ្វើដំណើរតាមជលយានក្នុងលំហសមុទ្រ ។
យោងសេចក្តីជូនដំណឹងបន្ថែមរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ ស្ដីពីស្ថានភាពធាតុអាកាសក្នុងខេត្តព្រះសីហនុ បានជូនព័ត៌មានថា ធាតុអាកាសចាប់ពី ថ្ងៃទី២១ ដល់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងខេត្តព្រះសីហនុ ទទួលឥទ្ធិពលជ្រលងសម្ពាធទាបឥណ្ឌា បានកំពុងតែមានឥទ្ធិពល កម្រិតមធ្យម និងធ្វើឱ្យខ្យល់បក់ខ្លាំងពីឈូងសមុទ្រ ។
ស្ថានភាពបែបនេះ ធ្វើឱ្យពពកច្រើនដេរដាស សីតុណ្ហភាពពី ២៦អង្សារសេ ទៅ២៩អង្សារសេ ខ្យល់បក់មកពីទិសនិរតីមានល្បឿនពី១ម៉ែត្រ ទៅ៤ម៉ែត្រក្នុង១វិនាទី វាបង្កឱ្យមានភ្លៀង ផ្គរ រន្ទះ កម្រិតពីតិចទៅច្រើនលើសពីកម្រិតធម្មតា ក្នុងបរិមាណជាមធ្យមពី២០% ទៅ ៣០% និងមានខ្យល់ខ្លាំងក្នុងល្បឿនពី ១០ម៉ែត្រទៅ ១២ម៉ែត្រក្នុង ១វិនាទី រលកសមុទ្រមានកម្ពស់ពី ០,៨ម៉ែត្រ ទៅ ១,២ម៉ែត្រ។
អាស្រ័យដូចបានជម្រាបជូន សូមបងប្អូនប្រជានេសាទ បងប្អូនរស់នៅតាមបណ្តោយឆ្នេរសមុទ្រ បងប្អូនភ្ញៀវទេសចរ សូមមេត្តាយកចិត្តទុកដាក់ខ្ពស់ អំពីស្ថានភាពធាតុអាកាសដែលមានភ្លៀងធ្លាក់ខ្លាំង ព្រមទាំងមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រមានកម្ពស់ជាមធ្យម ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ៕
ចែករំលែកព័តមាននេះ