ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកក្រុងប៉ារីសគំរា.មបត់ជើងធំដាក់ទន្លេសេន មុនពេលប្រធានាធិបតីបារាំងហែលសាកល្បង

3 ខែ មុន

ប្រទេសបារាំង ៖ យោងតាមប្រភពពីសារព័ត៌មាន Sky News និង The Sun កាលពីថ្ងៃទី២៣ ខែ

0:00
0:00

ប្រទេសបារាំង ៖ យោងតាមប្រភពពីសារព័ត៌មាន Sky News និង The Sun កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ បានរាយការណ៍ថា ពលរដ្ឋជាច្រើនរស់នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង បានគំរាមថា ពួកគេនឹងនាំគ្នាទៅបត់ជើងធំដាក់ទឹកទន្លេសេន (Seine) ដើម្បីតវ៉ា មុនពេលព្រឹត្តិការណ៍អូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ ចូលមកដល់នៅខែក្រោយ។

ក្រុមអ្នកតវ៉ា ដែលបានបង្ហាញការខឹងសម្បារនឹងការចំណាយប្រាក់ដ៏ច្រើនលើសលប់ លើការ​សម្អាតដងទន្លេសេន បាននាំគ្នាបង្ហោះសារប្រឆាំងភ្ជាប់ជាមួយនឹង Hashtag ថា «#I shit in the Seine on 23 June» ដែលប្រែថា «ខ្ញុំបត់ជើងធំដាក់ក្នុងទឹកទន្លេសេន នៅថ្ងៃទី២៣ ខែមិថុនា»។ ដោយសារនៅថ្ងៃទី២៣ ខែមិថុនា ត្រូវបានគេសន្មត់ថាជាកាលបរិច្ឆេទដែលអភិបាលទីក្រុងប៉ារីស លោកស្រី Anne Hidalgo នឹងហែលទឹកនៅទន្លេសេន ដើម្បីបញ្ជាក់ថា ទឹកទន្លេនេះ ស្អាតគ្រប់គ្រាន់ និងត្រឹមត្រូវតាមស្តង់ដាសម្រាប់អត្តពលិកអូឡាំពិកឆ្នាំ ២០២៤ ប៉ុន្តែទោះយ៉ាងណា លោកស្រីបានប្រកាសពន្យារពេលរហូតដល់ចប់ការបោះឆ្នោតបារាំង នៅដើមខែក្រោយ។

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ក៏បានសន្យាថា លោកនឹងហែលទឹកនៅទន្លេសេនផងដែរ មុនការប្រកួតកីឡាអូឡាំពិកចូលមកដល់ ប៉ុន្តែមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទពិតប្រាកដនោះទេ។គេហទំព័រមួយត្រូវបានបង្កើតឡើងដោយមានពាក្យស្លោកថា៖ «ពួកគេបានទម្លាក់ពួកយើងចូលទៅក្នុងរឿងដ៏លាមក ដូច្នេះវាជាវេនរបស់ពួកគេវិញម្តង ដើម្បីធ្លាក់ចូលក្នុងរឿងលាមករបស់ពួកយើង»។

អ្នកកូដកម្មវិធីអនាមិក នៅពីក្រោយគេហទំព័រមួយនេះ បានប្រាប់សារព័ត៌មានបារាំង Actu Paris ថា ហេតុអ្វីបានជាមនុស្សខឹង។ បញ្ហាគឺថា ធនធានទាំងអស់ដែលបានបណ្តាក់ទុន មិនមែនដើម្បីដោះស្រាយបញ្ហាសង្គមទាំងអស់ដែលយើងមាននៅពេលនេះទេ។ យើងមានអារម្មណ៍ថា ត្រូវគេបោះបង់ចោល។ យើងឃើញអំពីសិទ្ធិអំណាចរបស់ពួកគេ។ ទឹកប្រាក់ច្រើនជាង១.៤ពាន់លានអឺរ៉ូ គ្រាន់ត្រូវបានចំណាយលើការព្យាយាមធ្វើឱ្យទឹកទន្លេសេនស្អាត និងសុវត្ថិភាពគ្រប់គ្រាន់ក្នុងការអាចហែលទឹកជាមួយនឹងការប្រកួតកីឡាទ្រីយ៉ាត្លុង និងកីឡាហែលទឹកតែប៉ុណ្ណោះ។

នេះមិនរាប់បញ្ចូលទាំងការចំណាយដ៏ច្រើនផ្សេងទៀត»។របាយការណ៍មួយដែលបានចេញផ្សាយ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ បានបង្ហាញថា ទឹកទន្លេសេននៅមិនទាន់សុវត្ថិភាពសម្រាប់ការហែលទឹកនោះទេ ពោលគឺត្រឹមតែជាង៥សប្តាហ៍ប៉ុណ្ណោះ មុនពេលការប្រកួតកីឡាទ្រីយ៉ាត្លុងចូលមក។ សំណាកទឹកបានបង្ហាញពីកម្រិតខ្ពស់នៃបាក់តេរី ២ ប្រភេទ រួមទាំង Escherichia Coli (E. coli) ផងដែរ ហើយមិនទាន់បំពេញតាមស្តង់ដារកំណត់សម្រាប់ការប្រកួតនៅឡើយទេ។ នេះបើយោងតាមការបញ្ជាក់ពីលោក Marc Guillaume អភិបាលតំបន់ប៉ារីស។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងដំណើរការចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ដោយមានអត្តពលិកចំនួន ១០,៥០០នាក់ ចូលរួមធ្វើការប្រកួតប្រជែងដណ្ដើមមេដាយ ដោយមានកីឡាចំនួន ៣២ប្រភេទ លើវិញ្ញាសាសរុបចំនួន ៣២៩វិញ្ញាសា មុនពេលព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកចូលមកដល់ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ