ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នឹង​ធ្វើ​សន្និសីទកាសែត​​ករណី​ឃា.ត.ក.ម្ម​ប្រព្រឹត្តដោយ​ឈ្មោះ​ស្រី ស៊ី​ណា

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ជុំវិញ​ករណី​ឃាតកម្ម​ដែល​ប្រព្រឹត្តិ​ដោយ​ជល​ល្មើស​ស្រី ស៊ី​ណា នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៤ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងយុត្តិធម៌…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ជុំវិញ​ករណី​ឃាតកម្ម​ដែល​ប្រព្រឹត្តិ​ដោយ​ជល​ល្មើស​ស្រី ស៊ី​ណា នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៤ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងយុត្តិធម៌ នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៤ នេះ បាន​លើក​ឡើង​ថា ជម្រាប​ជូន​សាធារណជន និង​បណ្តាញសារព័ត៌មាន​អំពី​ការ​រៀបចំ​សន្និសីទ​សារព័ត៌មាន​ពាក់ព័ន្ធ «​ករណី​ឃាតកម្ម ប្រព្រឹត្ត​ដោយ​ជនល្មើស​ឈ្មោះ ស្រី ស៊ី​ណា​» ដែល​សន្និសីទ​សារព័ត៌មាន​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ពុធ ទី​២៦ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង ១៥:០០ នាទី​រសៀល នៅ​ទីស្តីការក្រសួង​យុត្តិធម៌ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុ​ត្តិធម៌​។

សូម​ជម្រាប​ថា ការ​ធ្វើ​ស​ន្នី​សី​ទ​សារព័ត៌មាន​នេះ បន្ទាប់​ពី​មានការ​លើក​ឡើង​ពី​សាធារណ​មតិ​ថា​ការ​សម្រេច​របស់​តុលាការ​មិន​សម​ស្រប​នឹង​ទ​ង្វើ​ដែល​បាន​ប្រព្រឹត្ត ។ ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ អ្នក​នាំ​ក្រសួងយុត្តិធម៌​បាន​អះអាង​ថា នឹង​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​លើ​ករណី​សំណុំរឿង​អតីត​ឧកញ៉ា​បាញ់ សម្លាប់​មនុស្ស​ដូច​បាញ់​សត្វ ដើម្បី​ធានា​ថា ច្បាប់​នឹង​ត្រូវ​អនុវត្ត​ដោយ “​ត្រឹមត្រូវ​” និង “​ម៉ឺងម៉ាត់​” ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​គូសបញ្ជាក់​ជូន​សាធារណជន​នូវ​ចំណុច​សំខាន់​ៗ ពាក់ព័ន្ធ​នឹង​ករណី​បាញ់ប្រហារ​ដ៏​សាហាវ​ប្រព្រឹត្ត​ដោយ​ជនល្មើស​ឈ្មោះ ស្រី ស៊ី​ណា និង​ចំណាត់ការ​ក្នុង​ការ​អនុវត្ត​ច្បាប់​ចំពោះ​ករណី​នេះ ក្រសួងយុត្តិធម៌​បាន​តាមដាន​ដោយ​យកចិត្ត​ដាក់​បំផុត​លើ​ការ​អនុវត្ត​ច្បាប់ ចំពោះ​ករណី​ខាងលើ​នេះ ដើម្បី​ធានា​ថា ច្បាប់​ត្រូវ​បាន​អនុវត្ត​ដោយ “​ត្រឹមត្រូវ​” និង​ដោយ “​ម៉ឺងម៉ាត់​” នៅ​ក្នុង​ករណី​នេះ ពិសេស ធានា​ថា ជនល្មើស​ដាច់ខាត​ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ដោយ​ម៉ឺងម៉ាត់ និង​ដោយ​គ្មាន​ការ​បន្ធូរបន្ថយ​ណាមួយ​ឡើយ​, អ្នក​មិន​ពាក់ព័ន្ធ​ត្រូវ​ទទួល​បាន​នូវ​យុត្តិធម៌​តាម​ច្បាប់ ហើយ​ជន​រង​គ្រោះ​ដាច់ខាត​ត្រូវ​តែ​ទទួល​បាន​យុត្តិធម៌ ដោយ​ត្រឹមត្រូវ​តាម​ច្បាប់​។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លើក​ឡើង​ថា​ជនល្មើស​ឈ្មោះ ស្រី ស៊ី​ណា ភេទ​ប្រុស អាយុ ៥០ ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ភ្លាម​ៗ និង​បន្ទាប់​មក​, នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៤, អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចោទប្រកាន់​ជនល្មើស​ឈ្មោះ ស្រី ស៊ី​ណា ក្នុង​សំណុំរឿង​ពីរ​ដាច់​ដោយឡែក​ពី​គ្នា ពី ៖ (១)-​បទ​ឃាតកម្ម តាម​មាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាច​ជាប់​ទោស​ដាក់​ពន្ធនាគារ​ពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ​, (២)-​បទ​ប៉ុនប៉ង​ឃាតកម្ម (​ឬ​បទ​ឃាតកម្ម​មិន​បាន​សម្រេច​) តាម​មាត្រា ២៧ និង មាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាច​ជាប់​ទោស​ដាក់​ពន្ធនាគារ​ពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ និង (៣)-​បទ​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ តាម​មាត្រា ២០ នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង គ្រាប់រំសេវ ដែល​អាច​ជាប់​ទោស​ដាក់​ពន្ធនាគារ​ពី ៦ ខែ ទៅ ២ ឆ្នាំ​ ។

ជាមួយ​គ្នា​នេះ​, អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ​នូវ​បុគ្គល​ពីរ​រូប​ទៀត រួម​មានឈ្មោះ សាន សុខ​ចំរើន ហៅ ឆ្អឹង និង​ឈ្មោះ ទិន ទូច ហៅ រ៉ា​ដូ ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ និង​ភស្តុ​តាង ដែល​បង្ហាញ​ថា បុគ្គល​ពីរ​រូប​នេះ មិន​មាន​ការ​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ខាងលើ​ ។

ប្រភព​បាន​លើក​ឡើង​ទៀត​ថា​ផ្អែក​លើ​បទចោទប្រកាន់ និង​ការ​បំបែកសំណុំរឿង​ជា​ពីរ​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ជនល្មើស​ឈ្មោះ ស្រី ស៊ី​ណា នឹង​ត្រូវ​កាត់ទោស​ដោយ​សាលក្រម​ចំនួន ២ សម្រាប់​សំណុំរឿង​ពីរ​ដាច់​ដោយឡែក​ពី​គ្នា ហើយ​អាច​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រហូត​ដល់ ១៥ ឆ្នាំ ក្នុង​សំណុំរឿង​នីមួយ​ៗ​។

ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ស្នើ​សុំ​ស្ថាប័ន​តុលាការ និង​ស្ថាប័ន​អយ្យការ មាន​វិធានការ​អនុវត្ត​ច្បាប់​ឱ្យ​បាន “​ម៉ឺងម៉ាត់​” ចំពោះ​ករណី​សំណុំរឿង​ទាំង​ពីរ​នេះ និង​ស្នើ​សុំ​ថា ទោស​ដែល​ចេញ​លើ​សំណុំរឿង​ទាំង​ពីរ​ខាងលើ​នេះ​នឹង​មិន​ត្រូវ​ស្រូប​បញ្ចូល​គ្នា​ឡើយ ដើម្បី​ធានា​ដល់​គោលការណ៍ “​សម​ទ​ណ្ឌោ​” ទៅ​តាម​ច្បាប់ ចំពោះ​ករណី​នៃ​ការ​បាញ់ប្រហារ​ខាងលើ​។

ក្រសួង​បាន​លើក​ឡើង​ទៀត​ថា​ការ​ចោទប្រកាន់​ខាងលើ​នេះ គឺ​ធ្វើ​ឡើង​ដោយ​ផ្អែក​តាម​អង្គហេតុ និង​ភស្តុ​តាង​ដែល​ជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​នគរបាល និង​អយ្យការ​អម​សា​សា​ដំបូង​រាជធានី​ភ្នំពេញ ។ សំណុំរឿង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដែល​មាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឱ្យ​បាន​ស៊ីជម្រៅ​បន្ថែម​ទៀត ដោយ​ផ្អែក​តាម​ច្បាប់​ជា​ធរមាន ហើយ​ជនល្មើស​ក៏​ត្រូវ​បាន​ចៅក្រម​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ទៅ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ សូម​បញ្ជាក់​ជូន​ថា ក្នុង​ករណី​មានការ​ស្រាវជ្រាវ​រក​ឃើញ​ភស្តុ​តាង​ថ្មី​បន្ថែម ដែល​ធ្វើ​ឱ្យ​ប្រែប្រួល​ទៅ​លើ​អង្គហេតុ និង​បទចោទប្រកាន់​, ទាំង​ចៅក្រម​ស៊ើបសួរ ទាំង​ចៅក្រម​ជំនុំជម្រះ មាន​សិទ្ធិ​អំណាច​តាម​ច្បាប់ ក្នុង​ការ​កែប្រែ​បទចោទប្រកាន់ ទៅ​តាម​អង្គហេតុ​, ភស្តុ​តាង និង​អង្គច្បាប់ ដែល​មាន​ក្នុង​សំណុំរឿង ដោយ​អនុវត្ត​ទៅ​តាម​នីតិវិធី​ដែល​មាន​ចែង​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា​៖”​ករណី​បាញ់ប្រហារ​ខាងលើ គឺ​ពិតជា​រឿង​ដ៏​រន្ធត់ និង​អាណោចអាធ័ម​ក្រៃ​លែង ទាំង​សម្រាប់​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ ព្រមទាំង​សង្គម​ជាតិ​យើង ហើយ​យើង​ពុំ​មាន​ជម្រើស​អ្វី​ក្រៅពី​ការ​អនុវត្ត​តាម​ច្បាប់​ឱ្យ​បាន “​ត្រឹមត្រូវ​” និង “​ម៉ឺងម៉ាត់​” ដោយ​ផ្អែក​តាម​អង្គហេតុ​, ភស្តុ​តាង និង អង្គច្បាប់​នៅ​ក្នុង​សំណុំរឿង ដើម្បី​ធានា​ថា ជន​រង​គ្រោះ​ទទួល​បាន​យុត្តិធម៌​តាម​ផ្លូវច្បាប់ ហើយ​ជនល្មើស​ដាច់ខាត​ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ដោយ​ម៉ឺងម៉ាត់ និង​ដោយ​គ្មាន​បន្ធូរបន្ថយ​ណាមួយ​ឡើយ​”៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ