វីដេអូឯកសារដែលផលិតឡើងបង្ហាញពីជីវិតពណ៌បៃតងរបស់តារាចម្រៀងជើងចាស់លោកស្រី ម៉ៅ សារ៉េត នឹងដាក់បញ្ចាំងអោយទស្សនិកជនទស្សនាក្នុងមហោស្រពភាពយន្តអន្តរជាតិលើកទី១៣ ។
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ហៅកាត់ជាភាសាអង់គ្លេសថា CIFF ជាព្រឹត្តិការណ៍វប្បធម៌ឈានមុខគេរបស់កម្ពុជាដែលប្រារព្ធកម្មវិធីបញ្ចាំងភាពយន្តជាសកលក្នុងផែនការផ្សព្វផ្សាយសិល្បៈវប្បធម៌ភាពយន្តដ៏រស់រវើកក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញការផ្លាស់ប្តូរគំនិត និងចូលរួមលើកស្ទួយវិស័យភាពយន្ដ។
សម្រាប់ឆ្នាំ២០២៤នេះ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) លើកទី១៣ នឹងចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី៣០ ខែមិថុនា ដោយមានការចាក់បញ្ចាំងភាពយន្តប្រមាណ១៤០រឿង មកពីជាង៤០ ប្រទេស។
ក្នុងចំនោមភាពយន្តទាំងនោះ មានវីដេអូភាពយន្ត ជាស្នាដៃរបស់ក្រុមដំណើរខ្មែរ ដែលជាអ្នកក្រុមស្រាវជ្រាវមរតកសិល្បៈភាពយន្ត និងចម្រៀងខ្មែរសម័យយុគមាស ក្រោមការដឹកនាំរបស់ លោក វីរៈ វ៉ារ៉ានី។ ភាពយន្តជាប្រភេទវីដេអូភាពយន្តឯកសារ មានចំណងជើងថា ជីវិតពណ៍បៃតងនៃតារាចម្រៀងម៉ៅ សារ៉េត ។
ប្រធានក្រុមដំណើរខ្មែរលោក វីរះ វ៉ារ៉ានី បានលើកឡើងថា វីដេអូភាពយន្តឯកសារ ជីវិតពណ៍បៃតងនៃតារាចម្រៀងម៉ៅ សារ៉េត មានរយៈពេល១៣នាទីនិង១៥វិនាទី រៀរាប់អំពីដំណើរជីវិត និងស្នាដៃដ៏វិសេសវិសាលជាច្រើនរបស់តារាចម្រៀងម៉ៅ សារ៉េត នៃវង់តន្ត្រីយោធាភិរម្យ។ លោកបញ្ជាក់ថា វីដេអូភាពយន្តឯកសារនេះ បានផលិតកាលពីវិច្ឆិកា ឆ្នាំ២០២៣ ជាស្នាដៃរបស់ក្រុមដំណើរខ្មែរ ក្រោមការសិក្សាស្រាវជ្រាវ និងរៀបរៀងដោយរូបលោក និងក្រុមការងារមួយចំនួនទៀត។
លោកបន្ថែមថា ក្រៅភាពយន្តឯកសារខាងលើនេះ ក្រុមរបស់លោកក៏វីដេអូភាពយន្តប្រឌិត រឿង មេឃស្រទំ រឺក្រោមមេឃតែមួយ ដែលជាប្រភេទភាពយន្តមនោសញ្ចេតនាប្រឌិត រៀបរាប់ពីជីវិតតស៊ូ និងរឿងរ៉ាវស្នេហារបស់អ្នកចម្រៀងស្រី្តម្នាក់ឈ្មោះ តារាវី។
ភាពយន្តទាំងពីរចំណងជើងរបស់ក្រុមដំណើរខ្មែរនេះ និងបញ្ចាំងជាផ្លូវការវេលាម៉ោង៦ល្ងាច ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នារោងភាពយន្តរបស់វិទ្យាស្ថានបារាំង៕
ចែករំលែកព័តមាននេះ