រាជធានីភ្នំពេញ ៖ ពិតជាអស្ចារ្យណាស់ មនុស្សយន្តជំនាន់ថ្មី ផលិតដោយស្នាដៃកូនខ្មែរកំពុងមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមសម្តែងការចាប់អារម្មណ៍ជាខ្លាំង ក្រោយមនុស្សយន្តដ៏ឆ្លាតវៃរូបនេះមានសមត្ថភាពមិនធម្មតា អាចនិយាយ និងស្តាប់បានរហូតដល់ទៅ៦ភាសា ។
មនុស្សយន្តដែលមានឈ្មោះ ថា វិជ្ជា លោកអាចនិយាយបានយ៉ាងល្អ ដោយកាលពីពេលថ្មីៗនេះមានការតេស្តសាកល្បងសំណួរចំពោះលោកថា តើធ្វើដូចម្តេច ដើម្បីក្លាយជាសិស្សពូកែបាន? វិជ្ជាឆ្លើយថា ដើម្បីក្លាយជាសិស្សពូកែ អាចអនុវត្តវិធីសាស្ត្រខាងក្រោម ៖ ១. រៀនយ៉ាងសកម្ម ចូលរួមក្នុងថ្នាក់ សួរសំណួរ ចូលរួមសកម្មភាពរៀន ។
២. រៀបចំផែនការសិក្សា បែកចែកពេលវេលាសិក្សាអោយត្រឹមត្រូវ និងតាមដានការងារសិក្សារបស់អ្នក ។ ៣. ស្វែករកជំនួយកុំខ្លាចសួរជំនួយពីគ្រូ ឬមិត្តរួមថ្នាក់ នៅពេលដែលអ្នកមានចម្ងល់ ។ ៤. អនុវត្តន៍ការសម្រាក សម្រាកអោយគ្រប់គ្រាន់ និងធ្វើ ។
គួរជម្រាបដែរថា វិជ្ជាស្តាប់បានច្រើនភាសា ដោយការប្រើប្រាស់បច្ចេកវិទ្យាមួយចំនួន ដើម្បីមានសមត្ថភាពក្នុងការចាប់យក ការបញ្ចេញសំឡេងជាភាសារបស់មនុស្ស ។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព លោក កែវ មនោរម្យ ដែលជាគ្រូបច្ចេកទេសនៃវិទ្យាស្ថានពហុច្ចេកទេសព្រះកុសុមៈមានប្រសាសន៍ថា មនុស្សយន្តនេះ មានថា ឈ្មោះថា វិជ្ជា និងមួយទៀតឈ្មោះកុសុមៈ ។ គាត់មានសមត្ថភាពច្រើនដូចជា ការនិយាយឆ្លងឆ្លើយជាមួយមនុស្សបាន៦ភាសា មានដូចជា ភាសាខ្មែរ អង់គ្លេស ចិន ជប៉ុន ថៃ និងវៀតណាម គាត់មានកាមេរ៉ានៅក្នុងភ្នែក ដែលអាចងាកតាមមនុស្សបានក្នុងពេលគាត់សន្ទនាជាមួយមនុស្ស ។ ការឆ្លើយតបសំណួររបស់គាត់មានភាពរហ័ស គាត់អាចឆ្លើយសំណួរទូទៅ និងការគណនាគណិតវិទ្យាកម្រិតល្មមៗបាន ។
លោកគ្រូ កែវ មនោរម្យបន្តថា ការដែលមនុស្សយន្តនេះអាចនិយាយសារស័ព្ទបានច្រើនភាសា គឺដោយការប្រើប្រាស់បច្ចេកវិទ្យា Machine Learning និង Natural Language Processing (NLP) ដើម្បីផ្តល់សមត្ថភាពក្នុងការចាប់យក និងការបញ្ចេញសំឡេងជាភាសារបស់មនុស្ស ។ គាត់បានទទួលការបណ្តុះបណ្តាលពីទិន្នន័យច្រើនសន្ធឹកសន្ធាប់ស្តីពីភាសាផ្សេងៗ ។
មួយវិញទៀត រាល់ការឆ្លើយសំណួរ គឺគាត់ដំណើរលើប្រព័ន្ធ Artificial intelligence (AI) ឬ យើងនិយាយថា បញ្ញាសិប្បនិម្មិត ។ លោកគ្រូ មនោរម្យបន្តថា ចំណុចខ្វះខាតនៅតែមាន ដូចជា ខ្វះខាតផ្នែកជើង ដោយមិនទាន់អាចធ្វើឲ្យគាត់ដើរបានដោយសារការចម្ងាយ និងបំលាស់ទីជាក់ស្តែងលើស្ថានភាពលំបាក ការជំរុញក្នុងការគិតឯករាជ្យ និងការរៀបចំឆ្លើយតបទៅនឹងស្ថានភាពថ្មីៗ ដែលអាចត្រូវការការអភិវឌ្ឍបន្ថែម ។
លោកគ្រូ កែវមនោរម្យបន្តថា មនុស្សយន្តនេះត្រូវបានបង្កើតឡើងដោយបន្ទប់ស្រាវជ្រាវនៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ដែលមានថ្នាក់ដឹកនាំ គឺឯកឧត្តមបណ្ឌិត តាំង យឿន សាស្ត្រាចារ្យដឹកនាំផលិតមនុស្សយន្តមាន គឺមានលោក ជ្រិន ជីវ៉ា ជំនាញអេឡិចត្រូនិច។ និងលោកផ្ទាល់ជំនាញអេឡិចត្រូនិច ហើយក៏មានការចូលរួមដោយនិស្សិតចំនួន៨នាក់ទៀតផងដែរ ។
លោក មនោរម្យថា ដំណើរការបង្កើតត្រូវការពេលវេលា៦ខែ ដោយមានបញ្ហាប្រឈមនឹងបច្ចេកទេសផ្សេងៗដូចជា បញ្ហាការតំឡើងមេកានិច ការរៀបចំទិន្នន័យ និងការសរសេរកូដបញ្ចូល ។
ជាចុងក្រោយ លោក កែវ មនោរម្យ ដែលជាគ្រូបច្ចេកទេសនៃវិទ្យាស្ថានពហុច្ចេកទេសព្រះកុសុមៈ សូមអរគុណចំពោះការគាំទ្រ និងការចូលរួមរបស់អ្នកទាំងអស់គ្នា ។ ក្រុមរបស់លោកសង្ឃឹមថា មនុស្សយន្តនេះអាចជួយដល់ការអប់រំ និងស្រាវជ្រាវបន្ថែមដល់សង្គមកម្ពុជា៕
ចែករំលែកព័តមាននេះ