ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក គឺជាទិសដៅចំណាកស្រុកដ៏កំពូល​របស់បណ្តាសេដ្ឋីចិន

3 ខែ មុន

ប្រទេសចិន ៖ របាយការណ៍ថ្មីមួយបង្ហាញថា ប្រទេសចិនបានឃើញអំពីការចំណាកស្រុកបណ្តាសេដ្ឋី

0:00
0:00

ប្រទេសចិន ៖ របាយការណ៍ថ្មីមួយបង្ហាញថា ប្រទេសចិនបានឃើញអំពីការចំណាកស្រុកបណ្តាសេដ្ឋីរបស់ខ្លួនដ៏ច្រើនបំផុត កាលពីឆ្នាំមុន ហើយត្រូវបានរំពឹងថានឹងបន្តមានការធ្វើចំណាកស្រុកជាកំណត់ត្រាចំនួន ១៥,២០០នាក់បន្ថែមទៀត នៅឆ្នាំនេះ ដែលនឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ខ្លួន។ នេះបើយោងតាមប្រភពពីសារព័ត៌មានជប៉ុន Nikkei Asia និង CNBC របស់សហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីពេលថ្មីៗកន្លងទៅ។

បើតាមរបាយការណ៍របស់ក្រុមហ៊ុន Henley & Partners ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកចំណាកស្រុកសម្រាប់អ្នកវិនិយោគ ដែលមូលដ្ឋាននៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស បានបង្ហាញថា ភាពមិនប្រាកដប្រជាលើបញ្ហាសេដ្ឋកិច្ច និងតានតឹងភូមិសាស្ត្រនយោបាយរបស់ប្រទេសចិន គឺជាកង្វល់ដ៏ធំរបស់បណ្តាសេដ្ឋីចិនជាច្រើន រហូតដល់ថ្នាក់សេដ្ឋីចិនមួយចំនួនសម្រេចចិត្តចាកចេញពីប្រទេសកំណើតពួកគេ ។ ប្រភពដដែលបានបន្តទៀតថា សហរដ្ឋអាមេរិក គឺជាទិសដៅចំណាកស្រុកដ៏កំពូលរបស់បណ្តាសេដ្ឋីចិន។

ក្រុមហ៊ុន Henley & Partners បានរកឃើញថា ជនជាតិចិនមានទ្រព្យសម្បត្តិចាប់ពី១លានដុល្លារអាមេរិក ឬច្រើនជាងនេះ ដែលពាក្យបច្ចេកទេសហៅថា HNWI ចំនួន១៣,៨០០នាក់ បានចាកចេញពីទឹកដីកំណើតពួកគេ កាលពីឆ្នាំមុន ហើយភាគច្រើនបានមកដល់សហរដ្ឋអាមេរិក កាណាដា និងសិង្ហបុរី។

លោក Andrew Amoils ប្រធានផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន Henley & Partners បានថ្លែងយ៉ាងដូច្នេះថា «វាពិបាកខ្លាំងណាស់ដើម្បីដឹងថា តើអ្នកមានកំពូលៗទាំងនោះមានទ្រព្យសម្បត្តិប៉ុន្មាន? ប៉ុន្តែបើតាមបទពិសោធន៍របស់យើង HNWI ដែលធ្វើចំណាកជាធម្មតាភាគច្រើន គឺជាអ្នកមានទ្រព្យសម្បត្តិចន្លោះពី ៣០លានដុល្លារទៅដល់ ១ពាន់លានដុល្លារអាមេរិក»។

ចំនួនដ៏ច្រើននៃជនជាតិចិនមានទ្រព្យសម្បត្តិច្រើន ដែលធ្វើចំណាកស្រុកទៅកាន់ទិសដៅផ្សេងៗ អាចបន្ថែមភាពតានតឹងលើសេដ្ឋកិច្ចរបស់ចិន។ ជាក់ស្តែង វិបត្តិអចលនទ្រព្យនៅប្រទេសចិន ដែលអូសបន្លាយពេលដ៏យូរបានធ្វើឱ្យក្រុមហ៊ុនអចលនទ្រព្យធំៗជួបបញ្ហា និងដួលរលំជាបន្តបន្ទាប់ ដែលបន្តដល់ការខាតបង់ទ្រព្យសម្បត្តិជាតិដ៏ច្រើន និងសម្ពាធនៃការកើនឡើងបំណុលរបស់រដ្ឋាភិបាលក្នុងតំបន់។

អំឡុងការរីករាលដាលជំងឺកូវីដ-១៩ បណ្តាសេដ្ឋីចិនបានផ្អាកធ្វើចំណាកស្រុករទៅកាន់នាយសមុទ្រ ប៉ុន្តែចាប់តាំងពីរដ្ឋាភិបាលទីក្រុងប៉េកាំងដកការរឹតបន្តឹងចេញ គេ បានសង្កេតឃើញថា ការធ្វើចំណាកស្រុករបស់បណ្តាសេដ្ឋីចិនកើនឡើងវិញយ៉ាងឆាប់រហ័ស។ ប៉ុន្តែរបាយការណ៍នេះ មិនបានផ្តល់ចំនួនពិតប្រាកដនៃការធ្វើចំណាកស្រុកទៅកាន់សហរដ្ឋអាមេរិក និងហេតុផលនៃការសម្រេចចិត្តធ្វើបែបនេះពីបណ្តាសេដ្ឋីចិននោះទេ ។

ប្រទេសសិង្ហបុរី ក៏បានទាក់ទាញសេដ្ឋីចិនដ៏ច្រើនផងដែរ ដោយសារតែភាពជិតស្និតជាមួយប្រទេសចិន ទំនាក់ទំនងវប្បធម៌ និងការប្រើប្រាស់ភាសាចិនកុកងឺ។ ប៉ុន្តែការធ្វើចំណាកស្រុកមកកាន់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ពុំមែនជារឿងងាយស្រួលនោះទេ បន្ទាប់ពីរដ្ឋាភិបាលសិង្ហបុរី បានបង្កើនការត្រួតពិនិត្យលើទ្រព្យសម្បត្តិជនជាតិចិន ដែលចូលមកប្រទេសរបស់ខ្លួន ដើម្បីបញ្ជៀសការលាងលុយកង្វក់៕ (ប្រភព ៖ Nikkei Asia និង CNBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ