ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនីម្នាក់ទិញម៉ូតូបង់រំលស់បាន២ខែចោរលួចបាត់ នាងទទូចសុំឲ្យស្នងការរាជធានីភ្នំពេញជួយរកឲ្យនាងផង

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាង​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ ដែល​ជា​ស្រី​មេម៉ាយ វ័យក្មេង​កូន​១ បាន​ខិតខំ​ធ្វើការ​រក​ប្រាក់​ចិញ្ចឹម​ឪពុក​ពិការ និង​ម្ដាយ​ចាស់ ព្រមទាំង​កូន​តូច​ម្នាក់​ទៀត​ផង​បាន​ទទូច​សុំ​ឲ្យ​លោក​ឧត្ដមសេនីយ៍ឯក​ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង…

រាជធានី​ភ្នំពេញ ៖ នាង​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ ដែល​ជា​ស្រី​មេម៉ាយ វ័យក្មេង​កូន​១ បាន​ខិតខំ​ធ្វើការ​រក​ប្រាក់​ចិញ្ចឹម​ឪពុក​ពិការ និង​ម្ដាយ​ចាស់ ព្រមទាំង​កូន​តូច​ម្នាក់​ទៀត​ផង​បាន​ទទូច​សុំ​ឲ្យ​លោក​ឧត្ដមសេនីយ៍ឯក​ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រា​ធានី​ភ្នំពេញ ជួយ​ស្វែងរក​ម៉ូតូ​របស់​នាង​ដែល​ត្រូវ​ចោរលួច​យក​ចេញពីផ្ទះ​ជួល​មួយ​កន្លែង ដែល​នាង​ស្នាក់​នៅ ។

នាង​បាន​រៀបរាប់​ថា ម៉ូតូ​ដែល​បាត់​នោះ គឺ​នាង​ទើបតែ​ទិញ​បង់​រំលស់​បាន​រយៈពេល​២​ខែ​ប៉ុណ្ណោះ ដើម្បី​ជិះ​ទៅ​ធ្វើ​ការងារ និង​គេ ហើយ​ពេល​ត្រឡប់​មក​ពី​ធ្វើការ​វិញ នាង​បាន​ទុក​នៅ​ក្នុងផ្ទះ​ជួល​ខាងលើ​ក៏​ត្រូវ​ចោរលួច​យក​ទៅ​បាត់​តែ​ម្ដង ។ នាង​ក៏​បាន​អះអាង​ផង​ដែរ​ថា នៅផ្ទះ​ជួល​នោះ មាន​ចោរ​ចូល​លួច​ម៉ូតូ​យក​ម៉ូតូ​អស់​ចំនួន​៤​គ្រឿង ទាំង​ម៉ូតូ​របស់​នាង​នេះ​ហើយ ប៉ុន្តែ​ចោរ​មាន​សុវត្ថិភាព​ណាស់​មិន​ត្រូវ​បាន​រក​ឃើញ​ចាប់​បាន​ឡើយ ។

ក្រោយ​ពេល​ដឹង​ថា បាត់​ម៉ូតូ​ភ្លាម​នាង​បាន​ពឹង​សុំ​ឲ្យ​ម្ចាស់ផ្ទះ​ជួល​ខាងលើ​ជួយ​ឆែក​កាមេរ៉ា​មើល​ដែរ ប៉ុន្តែ​ដំបូង​ម្ចាស់ផ្ទះ​ជួល​នោះ​បាន​ប្រាប់​ថា ពេល​ថ្ងៃ​អត់​ដាក់​កាមេរ៉ា​ទេ គឺ​ដក​ចេញ ហើយ​ដាក់​កាមេរ៉ា​តែ​ពេល​យប់​ប៉ុណ្ណោះ ។ បន្ទាប់​មក​នាង​ក៏​បាន​ទៅ​ប្ដឹង​នគរបាល​ប៉ុស្តិ៍​កំ​បូល​ឲ្យ​ជួយ​អន្តរាគមន៍​ដែរ ប៉ុន្តែ​រយៈពេល​៤​ថ្ងៃ​ហើយ​ដូច​គ្មាន​តម្រុយ ឬ សង្ឃឹមថា​និង​អាច​រក​ម៉ូតូ​ឃើញ​វិញ​សោះ ។

មិនតែប៉ុណ្ណោះ ខណៈ​ដែល​នាង​រវល់​តែ​តាម​រក​ម៉ូតូ​នេះ នាង​មិនសូវ​បាន​ទៅ​ធ្វើ​ការងារ​ឡើយ ក៏​ត្រូវ​បាន​ថៅកែ​បណ្ដេញចេញ​ថែម​ទៀត ពេល​នេះ​នាង​មិន​អស់ចិត្ត​នោះ​ទេ ហើយ​បាន​សង្ស័យ​ថា ម្ចាស់ផ្ទះ​ជួល​ខាងលើ​មានការ​លាក់លៀម​អំពី​រឿង​នេះ​ផង​ដែរ ។

ហេតុការណ៍​ខាងលើ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្ទះ​ជួល ក្នុងភូមិ​តា​សេក សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

នាង​កម្មការិនី​រង​គ្រោះ​ឈ្មោះ​ខាងលើ​ឈ្មោះ ផ​ន គា អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​អចិន្ត្រៃយ៍ ភូមិ​ក្រសាំង​ទង ឃុំ​អង្គរ​រាជ្យ ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ហើយ​បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​កើតហេតុ​ខាងលើ ។ នាង​បាន​និយាយ​ពី​ដំណើររឿង​ដូច​តទៅ ៖ នាង​ជា​ស្រី​មេម៉ាយ ដែល​បាន​លែងលះ​គ្នា​ជាមួយ​ប្ដី​ក្រោយ​បង្កើត​បានកូន​១​នាក់ ហើយ​បាន​ទទួល​បន្ទុក​រ៉ាប់រង​ចិញ្ចឹម​ឪពុក​ពិកា ម្ដាយ​ចាស់ និង​កូន​ផង តាម​រយៈ​ការងារ​រោងចក្រ ហើយ​នាង​ក៏​បាន​ឆ្លៀត​ទិញ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ប៊ីត ព​ណ៍​ស លាយ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 1KS-4446 ក្នុង​តម្លៃ​១,៨០០​ដុល្លារ ដើម្បី​ជិះ​ទៅ​ធ្វើការ ។

ដោយឡែក កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៤ ក្រោយ​ត្រឡប់​មក​ពី​ធ្វើការ​រោងចក្រ​វិញ នាង​បាន​ទុក​នៅ​ខាងក្រោម​ជាមួយ​ម៉ូតូ​អ្នក​ដទៃ​ច្រើន​គ្រឿង​ទៀត ដូច​រៀងរាល់ថ្ងៃ​ដែរ បន្ទាប់​ពី​ទុកដាក់​រួចរាល់​ហើយ​នាង​ក៏​បាន​ឡើង​ទៅ​ដេក​នៅ​ក្នុង​បន្ទប់​ជាន់​ទី​២​ផ្ទះ​ជួល​នោះ ។ លុះដល់​ព្រឹក​ឡើង ថ្ងៃ​ទី​១៩ ខែមិថុនា ដោយ​មិន​ស្រួលខ្លួន​នាង​អត់​បាន​ទៅ​ធ្វើការ​នោះ​ទេ បាន​សុំ​ច្បាប់​រោងចក្រ​សម្រាក​១​ព្រឹក ហើយ​ក៏​អត់​បាន​ចុះ​ទៅ​មើល​ម៉ូតូ​ឡើយ រហូត​ដល់​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ដដែល​ទើប​ចុះ​ទៅ​យក​ម៉ូតូ ដើម្បី​ជិះ​ទៅ​ធ្វើការ ស្រាប់តែ​បាត់​មិនឃើញ មិនដឹង​ថា ចោរលួច​ម៉ូតូ​បាត់​តាំងពី​ពេល​ណា​នោះ​ទេ ។

នាង​កម្មការិនី​មេម៉ាយ​រូប​នោះ​បាន​និយាយ​ទៀត​ថា ភ្លាម​ៗ​នោះ​នាង​ក៏​បាន​សុំ​ពឹង​ឲ្យ​ម្ចាស់ផ្ទះ​ជួល​ជួយ​ឆែក​កាមេរ៉ា​មើល​សុវត្ថិភាព ប៉ុន្តែ​មុន​ដំបូង​ម្ចាស់ផ្ទះ​ប្រាប់​នាង​ថា ឆែក​មិនកើត​ទេ​ដាច់​ភ្លើង ទាំង​ដែល​ថ្ងៃ​នោះ​ភ្លើង​អត់​ដាច់​ផង ។ លុះ​នាង​នៅ​តែ​ទទូច​សុំ​ឆែក​ទៀត ម្ចាស់ផ្ទះ​ដដែល​បែរជា​ប្រាប់​ថា គាត់​អត់​ចេះ​ឆែក​ទេ ហើយ​កាលពី​ពេល​បាត់​ម៉ូតូ​លើក​មុន​ៗ​គាត់​ឲ្យ​ប៉ូលិស​មក​ឆែក​ឲ្យ​ដែរ ។ បន្ទាប់​មក​នាង​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​កំ​បូល​ឲ្យ​ជួយ ពេល​នោះ​នគរបាល​បាន​ប្រាប់​ឲ្យ​នាង​ត្រឡប់​ទៅ​ផ្ទះ​ជួល​វិញ​មុន​ទៅ នគរបាល និង​ទៅ​តាម​ក្រោយ ។

លុះ​រហូត​ដល់​វេលា​ម៉ោង​ប្រមាណ​៤​ល្ងាច​ថ្ងៃ​ដដែល ទើប​នគរបាល​ប៉ុស្តិ៍​ខាងលើ​ចុះ​ទៅ​ដល់ ប៉ុន្តែ​អត់​បាន​ឆែក​កាមេរ៉ា​ស​វត្ថិ​ភាព​មើល​ទេ ដោយសារ​តែ​ម្ចាស់ផ្ទះ​ប្រាប់​នគរបាល​ថា គាត់​ដាក់​កាមេរ៉ា​តែ​ពេល​យប់ ចំណែក​ពេល​ថ្ងៃ​អត់​ដាក់​ទេ ព្រមទាំង​អះអាង​ថា ពេល​ម៉ោង​៧​ព្រឹក​គាត់​បានឃើញ​ម៉ូតូ​នាង​នៅផ្ទះ​នោះ​នៅឡើយ​ទេ ។ នាងរង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា តែ​នាង​មិន​អស់ចិត្ត​ឡើយ និង​បាន​សុំ​ឲ្យ​ម្ចាស់ផ្ទះ​ឆែក​មើល​ពេល​យប់​ទៀត ប៉ុន្តែ​ម្ចាស់​នៅ​តែ​មិន​ព្រម​ឆែក​ឲ្យ​មើល​សោះ ហើយ​បែរជា​នាំ​នាង​ទៅ​សុំ​ឆែក​មើល​កាមេរ៉ា​របស់​អ្នក​ជិតខាង​ទៅ​វិញ ។

ចំណែក​អ្នក​ជិតខាង​នោះ​ក៏​ចិត្តល្អ​ណាស់ បាន​យល់ព្រម​ឲ្យ​ឆែក បន្ទាប់​មក​បាន​ឆែក​មើល​ចន្លោះ​ពី​ម៉ោង​៨ ដល់​ម៉ោង​១០​ព្រឹក តែ​អត់​មាន​ឃើញ​សកម្មភាព​ចោរ​យក​ម៉ូតូ​នាង​ចេញ​ទេ ពេល​នោះ​ម្ចាស់ផ្ទះ​ជួល​រូប​នោះ​ក៏​បាន​ប្រាប់​នាង​ទៀត​ថា កាមេរ៉ា​អ៊ុំ​ដាក់​នៅ​ម៉ោង​៥​ល្ងាច ហើយ​បាន​ដក​ចេញ​នៅ​ម៉ោង​៥​ព្រឹក ។ ព្រោះ​នៅ​ពេល​យប់​មាន​ម៉ូតូ​ច្រើន​ទើប​គាត់​ដាក់ លុះ​ពេល​ព្រឹក​គេ​ចេញ​ទៅ​ធ្វើការ​អស់​អត់​មាន​ម៉ូតូ​គាត់​អត់​ដាក់​កាមេរ៉ា​ទេ ចំណែក​នគរបាល​ប៉ុស្តិ៍​កំ​បូល​ឯណោះ​វិញ​បាន​ប្រាប់​នាង​ថា ពេល​បាន​វី​ដេ​អូ​ពី​អ្នក​ជិតខាង​មាន​តម្រុយ​អ្វី​ចាំ​ប្រាប់​នគរបាល​ផង ។

នារី​ខាងលើ​បាន​បញ្ជាក់​ប្រាប់​បន្ថែម​ថា បន្ទាប់​មក​ទៀត​នាង​មិន​បាន​ទៅ​ធ្វើការ​ទេ ដោយ​រវល់​ដើរ​ក​ម៉ូតូ​ផង និង​នៅ​រង់ចាំ​នគរបាល​ទៅ​ឆែក​កាមេរ៉ា​មើល​ផង​រហូត​ដល់​ត្រូវ​ថៅកែ​បណ្ដេញ​ចេញពី​ការងារ លុះ​រយៈពេល​៤​ថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃ​ទី​២១ ខែមិថុនា នាង​បាន​ទាក់ទង​ទៅ​កាន់​នគរបាល​ដដែល​ឲ្យ​ព​ន្លឿ​ន​ក្នុង​ការ​ឆែក​កាម​រ៉ា​សុវត្ថិភាព​ដែល​ម្ចាស់ផ្ទះ​ជួល​អះអាង​ថា ដាក់​ពេល​យប់​នោះ ។

ខណៈនោះ​នគរបាល​ប្រាប់​ថា និង​ចុះ​ទៅ​នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២២ ខែមិថុនា លុះដល់​ម៉ោង​១១​ព្រឹក មិនឃើញ​ទៅ​នាង​ក៏​បាន​ទាក់ទង​ទៅ​ម្ដងទៀត នគរបាល​បាន​ប្រាប់​ថា បង​ក៏​រវល់​ដែរ អ​ញ្ចឹ​ង​ចាំ​ម៉ោង​៣​ឬ​ម៉ោង​៤​រសៀល​ទៅ ។

ពេល​នោះ​នាង​ក៏​បាន​សុខចិត្ត​បន្ត​រង់ចាំ​ស្រាប់តែ​នគរបាល​មាន​ទៅ​ឆែក​នៅ​វេលា​ម៉ោង​៣​ឬ​៤ រសៀល​ឯណា គឺ​ទៅ​ឆែក​ស្ងាត់​ៗ​ជាមួយ​ម្ចាស់ផ្ទះ​នៅ​វេលា​ម៉ោង​១​សៀ​ល​ថ្ងៃ​ដដែល​នោះ​ទៅ​វិញ ដោយ​មិន​បាន​ហៅ​នាង​ចូលរួម​មើល​ឡើយ ។ ហើយ​នាង​ក៏​មិន​បានដឹង​ដែរ ប៉ុន្តែ​នាង​បាន​ចុះ​លើ​ជាន់​ទី​២​មក​ក្រោម ហើយ​បានឃើញ​ដោយ​ចៃដន្យ​ទើប​នគរបាល​ហៅ​ឲ្យ​នាង​ចូលរួម​ឆែក​មើល ប៉ុន្តែ​ឆែក​ពុំ​ឃើញ​ពី​សកម្មភាព​ចោរលួច​ម៉ូតូ​ទៅ​ទាល់តែ​សោះ ពិតជា​ធ្វើ​ឲ្យ​មានការ​ងឿងឆ្ងល់​ខ្លាំង​ណាស់ ។

ស្ត្រី​ម្ចាស់​ម៉ូតូ​រូប​នេះ​បាន​និយាយ​ទៀត​ថា ក្រោយ​ពេល​បាត់​ម៉ូតូ​៤​ថ្ងៃ​ហើយ គ្មាន​សង្ឃឹមថា អាច​រក​ឃើញ​បែប​នេះ ម្យ៉ាង​ត្រូវ​ថៅកែ​ដក​ចោល​ទៀត​ទើប​នាងរ​ត់រក​ក្រុម​អ្នក​សារព័ត៌មាន​ឲ្យ​ជួយ​ផ្សាយ ដើម្បី​ឲ្យ​លោក​ឧត្ដមសេនីយ៍ឯក​ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ជ្រាប​ពី​រឿង​នេះ ។

ពេល​នេះ​នាង​អស់សង្ឃឹម​ខ្លាំង​ណាស់ ម៉ូតូ​ក៏​បាត់​ហើយ​ជំពាក់​ប្រាក់​ថ្លៃបង់​រំលស់​ម៉ូតូ​គេ ហើយ​នាង​គ្មាន​ប្រាក់​សម្រាប់​បង់ថ្លៃ​ម៉ូតូ និង​ចិញ្ចឹម​ឪពុក​ពិការ​ម្ដាយ​ចាស់ និង​កូន​តូច​ទៀត​ទេ ព្រោះ​ត្រូវ​ថៅកែ​បញ្ឈប់​ការងារ​ទៀត​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ