ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ នៅក្នុងឱកាសចុះពិនិត្យមើលការរៀបចំសណ្តាបធ្នាប់ និងសោភ័ណភាពរមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានណែនាំដល់មន្ត្រីក្រោម ឱវាទទាំងអស់ ត្រូវបង្កើនការដាំដើមក្ងោកបន្ថែម ដើម្បីលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ ដែលជាចំណែករួមផ្សំ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិនកាន់តែច្រើន។
លោកជំទាវ អភិបាលខេត្តក៍បានបញ្ជាក់ដែរថា ដោយមើលឃើញពីសក្តានុពល នៃវិស័យទេសចរណ៍ធម្មជាតិ និង ដើម្បីលើកកម្ពស់សោភ័ណភាពរមណីដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដែលមានចម្ងាយពីក្រុងប៉ៃលិនប្រមាណ៧ទៅ៨គីឡូម៉ែត្រប៉ុណ្ណោះ។ លោកជំទាវ បានណែនាំឱ្យយុវ ជន ស.ស.យ.ក ខេត្ត សហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន រួមគ្នាធ្វើការរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងកែលម្អហេដ្ឋារចនាសម័ន្ធថ្មី សម្រាប់ទទួលភ្ញៀវទេសចរ ចូលកម្សាន្តនៅលើទឹកដីខេត្តត្បូង ពេជ្រដ៏តូចច្រឡឹងមួយនេះ។
លោកជំទាវ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដែលចូលកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ត្រូវរួមគ្នាសម្អាតអនាម័យបរិស្ថាន ដោយត្រូវវេចខ្ចប់កាកសំណល់សំរាម និងទុកដាក់ឱ្យបានត្រឹមត្រូវ ចៀសវាងបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងអនាម័យសាធារណៈ។
ចំណែកអាជីវករលក់ដូរម្ហូបអាហារនៅតាមរមណីយដ្ឋាននានា ត្រូវមានអនាម័យ និងតម្លៃសមរម្យ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យបានកាន់តែច្រើនផងដែរ។ លើសពីនេះលោកជំទាវអភិបាលខេត្តក៍ណែនាំឱ្យប្រជាពលរដ្ឋចូលទៅលក់ដូរក្នុងរមណីយដ្ឋានធម្មជាតិមួយនេះដោយឥតគិតថ្លៃ៕
ចែករំលែកព័តមាននេះ