ខេត្តបន្ទាយមានជ័យ ៖ ក្រោយមានការរិះគន់ពីមហាជនថា អាជ្ញាធរដាក់លូការពារផ្លូវធ្វើតូចចង្អៀតនិងប្រឈមគ្រោះថ្នាក់ អាជ្ញាធរបានដកចេញហើយ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

លោក វ៉ា ជិមណារ៉េត ចៅសង្កាត់អូរជ្រៅបានប្រាប់ថា ធ្វើក៏ខុស មិនធ្វើក៏ខុស សុខចិត្តធ្វើដើម្បីប្រជាពលរដ្ឋមួយចំនួនធំ តែមួយចំនួនតូចដែលរិះគន់ដើម្បីស្ថាបនាលោកទទួលយក បើរិះគន់ជាន់ពន្លិច ត្រូវរើបំរះ ។ ជាក់ស្តែង ដាក់លូការពារផ្លូវបេតុងដែលទើបកសាងមិនទាន់ដល់ថ្ងៃកំណត់ត្រូវបានអ្នករិះគន់មួយចំនួនតូចថា ផ្លូវធ្វើហើយមិនព្រមដកលូចេញអោយទូលាយចេញចូល ។

លោកបានបញ្ជាក់ថា ផ្លូវបេតុងដែលត្រូវបានជួសជុលជិត១០កន្លែងដែលរងការខូចខាតដោយរថយន្តដឹកគ្រឿងសំណង់ចេញចូលលើសទម្ងន់ទើបបង្កអោយមានការខូចពិបាកដល់ប្រជាពលរដ្ឋទៅមក ទើបអាជ្ញាធរផ្តួចផ្តើមដែលបានការចូលរួមពីសប្បុរសជន និងប្រជាពលរដ្ឋដែលមានផ្ទះនៅក្បែរផ្លូវ បានជួយជាថ្លៃស៊ីម៉ុងតិ៍ ។ ហើយអាជ្ញាធរចេញថ្លៃគ្រឿងចក្រ និងកម្មករដើម្បីជួសជុលឡើងវិញដោយប្រើប្រាស់លូដាក់ការពាររយៈពេល២០ថ្ងៃយ៉ាងតិច ទើបដកចេញអោយមានគុណភាព និងទុកផ្លូវមួយចំហៀងអោយប្រជាពលរដ្ឋធ្វើដំណើរ ។

លោក វ៉ា ជិមណារ៉េត បានបញ្ជាក់ថា ជាក់ស្តែងផ្លូវបេតុង១ខ្សែដែលតភ្ជាប់នៅខាងមុខដែលទើបកសាងរួចរាល់ កាលពីឆ្នាំ២០២២កន្លងទៅ ក្រោយកសាងបាន១០ថ្ងៃក្រោយបើកអោយប្រើប្រាស់បានរយៈពេល១ទៅ២ឆ្នាំផង ត្រូវបានខូចជាគំគហុកចេញដែកអាជ្ញាធរសង្កាត់និងធ្វើការជួសជុលបន្តទៀតមិនទុកអោយប្រជាពលរដ្ឋជួបការលំបាកឡើយ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា អ្នកធ្វើតែងតែខុស អ្នកដែលមិនធ្វើទើបមិនចេះខុស កោតសសើរចំពោះលោកចៅសង្កាត់អូរជ្រៅ និងក្រុមប្រឹក្សាសង្កាត់ដែលបានសហការគ្នាល្អចេះកៀងគរប្រជាពលរដ្ឋបានធ្វើការជួសជុលផ្លូវបេតុដែលរងការខូចខាតជួបការលំបាក ត្រូវបានធ្វើការជួសជុលឡើងវិញ ហើយសុំអោយបងប្អូនត្រូវចូលរួមថែរក្សាទាំងអស់គ្នាមិនត្រូវដឹករឺផ្ទុកលើសទម្ងន់ ដើម្បីការពារទាំងអស់គ្នា ។
ចែករំលែកព័តមាននេះ