ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​សេដ្ឋកិច្ច​ពិសេស កម្ពុជា​-​កូរ៉េ អាច​នឹង​មាន​រូបរាង

11 ខែ មុន
  • ភ្នំពេញ

តំបន់​សេដ្ឋកិច្ច​ពិសេស កម្ពុជា​-​កូរ៉េ ដែល​បាន​ផ្តួចផ្តើម​ឡើង​ដោយ​មេដឹកនាំ​កម្ពុជា នៅ​ក្នុងអំឡុងពេល​បំពេញ​ទស្សនៈកិច្ច​នៅ​កូរ៉េ​ខាងត្បូង កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ

តំបន់​សេដ្ឋកិច្ច​ពិសេស កម្ពុជា​-​កូរ៉េ ដែល​បាន​ផ្តួចផ្តើម​ឡើង​ដោយ​មេដឹកនាំ​កម្ពុជា នៅ​ក្នុងអំឡុងពេល​បំពេញ​ទស្សនៈកិច្ច​នៅ​កូរ៉េ​ខាងត្បូង កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ អាច​នឹង​លេច​រូបរាង​ឡើង​នៅ​ពេល​ខាង​មុខ ។

ពាក់ព័ន្ធ​នឹង​គម្រោង​នេះ លោក ផាក ជង វូ​ក (Park Jung-Wook) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មក​ពិភាក្សា​ជាមួយនឹង លោក ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា រួម​ជាមួយនឹង​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​រូប​។

លោក ស៊ុន ថា​ន់​ថុ​ល បាន​បញ្ជាក់​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ថា ជា​គោលបំណង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​នា​កាលពី​រសៀល​ម្សិលមិញ ភាគី​កម្ពុជា បាន​ផ្ដល់​ជូន​អំពី​ព័ត៌មាន​ជា​សក្ដានុពល​ល្អ សម្រាប់​ការ​វិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ជម្រាប​ជូន​ទៅ​កាន់​ស្ថានទូត​កូរ៉េ ប្រចាំ​កម្ពុជា ដើម្បី​រួម​គ្នា​ផ្សព្វផ្សាយ​បញ្ជ្រៀប​អំពី​សក្ដានុពល ការ​លើកទឹកចិត្ត​ពី​រដ្ឋាភិបាល​កម្ពុជា ចំពោះ​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​កូរ៉េ ព្រមទាំង​កិច្ច​សម្របសម្រួល​ការងារ​វិនិយោគ ជូន​វិនិយោគិន​ផង​ដែរ​។

ក្រោយ​ពី​បាន​ជម្រាប​ជូន​អំពី​ព័ត៌មាន​ដល់​ភាគី​កូរ៉េ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាប​ជូន​អំពី​ការ​ត្រៀមខ្លួន​របស់​កម្ពុជា ក្នុង​ការ​សម្របសម្រួល​រាល់​កិច្ច​ការងារ​វិនិយោគ​របស់​វិនិយោគិន ហើយ​ក្នុង​នោះ លោក ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ស្នើ​សុំ​ឱ្យ​លោក​ឯកអគ្គរដ្ឋទូត សហការ​ស្វែងរក​វិនិយោគិន​មាន​សក្ដានុពល​ពី​ប្រទេស​កូរ៉េ ដែល​មាន​បំណង​ដាក់​ទុន​វិនិយោគ​លើ​ការ​រៀបចំ​បង្កើត​តំបន់​សេដ្ឋ​កិច្ច​ពិសេស​កម្ពុជា​-​កូរ៉េ ដើម្បី​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​កម្ពុជា ពិសេស​ក្នុង​នាម​លោក​ផ្ទាល់ អញ្ជើញ​ទៅ​ប្រទេស​កូរ៉េ ដើម្បី​គោះ​ទ្វារ​ផ្ដល់​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ និង​ការ​គាំទ្រ​ពេញទំហឹង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​ដល់​វិនិយោគិន​កូរ៉េ​។

សូម​ជម្រាប​ជូន​ថា កិច្ចប្រជុំ​នា​ឱកាស​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ស្រប​តាម​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នា​សាធារណរដ្ឋ​កូរ៉េ កាលពី​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៤ កន្លង​ទៅ របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ក្នុង​ជំនួប​ជាមួយ​លោក យូ​ន ស៊ក​យ៉​ល (Yoon Suk Yeol) ប្រធានា​ធិបតី នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​រំលេច​ផ្តួចផ្តើម​ឱ្យ​មានការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​កូរ៉េ ដើម្បី​បង្កើត​បរិយាកាស​អំណោយផល​សម្រាប់​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​កូរ៉េ ដែល​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​នៅ​កម្ពុជា​៕

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ