ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ចេញ​បទបញ្ជា​ឱ្យអាជ្ញាធរ​រាជ​ធានី​-​ខេត្ត​លុប​បំបាត់​គ្រឿងញៀ.ន​ឱ្យ​អស់​ក្នុង​​សហគមន៍

6 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​កម្ពុជា បាន​ចេញ​បញ្ជា​ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ​រាជធានី​-​ខេត្ត ត្រូវ​បន្ត​ពង្រឹង​អនុវត្ត​គោលនយោបាយ «​ភូមិ ឃុំ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​កម្ពុជា បាន​ចេញ​បញ្ជា​ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ​រាជធានី​-​ខេត្ត ត្រូវ​បន្ត​ពង្រឹង​អនុវត្ត​គោលនយោបាយ «​ភូមិ ឃុំ សង្កាត់​មាន សុវត្ថិភាព​» ដោយ​ត្រូវ​លុប​បំបាត់​ការ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​សហគមន៍ ពិសេស នៅ​តាម
​ក្លិប​កម្សាន្ត និង​ទីតាំង​សប្បាយដ្ឋាន​នានា​ឲ្យ​អស់​ ។

ការ​ដាក់​បទបញ្ជា​នេះ ខណៈ​ដែល​រាជរដ្ឋាភិបាល​កំពុងធ្វើការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បានជា​បន្តបន្ទាប់ ហើយ​ចាត់ទុកជា​វិធានការ​ក្តៅ​មួយ​ក្នុង​ចំណោម​វិធានកា​នានា​។ យោង​តាម​រយៈ​សារលិខិត​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៤ ខាង​មុខ​នេះ សម្ដេច​ធិ​បតី បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ ត្រូវ​ចូលរួម​ផ្សព្វផ្សាយ ជំរុញ​លើកទឹកចិត្ត​ដល់​សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្ម​ករ និយោជិត និយោជក វិស័យ​ឯកជន និង​សាធារណជន​ទូទៅ ឲ្យ​បាន​យល់​ដឹង​ស៊ីជម្រៅ​កាន់តែ​ច្បាស់​អំពី​ផល​ប៉ះពាល់ គ្រោះថ្នាក់ និង​វិនាសកម្ម​នៃ​គ្រឿងញៀន​ដោយ «​ត្រូវ​និយាយ​ថា​ទេ​ដាច់​ខាត​ចំពោះ​គ្រឿងញៀន​»​ ។

សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​បន្ដ​ថា ត្រូវ​ចូលរួម​ទាញ​យក និង​ប្រើប្រាស់​ឲ្យ​បាន​ទូលាយ​នូវ​កម្មវិធី​ទូរស័ព្ទ​ដៃ NoDrug របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ទទួល​បានការ​អប់រំ ខ្លឹម​សារ​មេរៀន ព័ត៌មាន សេវា​ព្យាបាល និង​ស្តារ​នីតិសម្បទា និង​ធ្វើការ​រាយការណ៍​មក​សមត្ថកិច្ច​ក្នុង​ករណី​មានការ​ប្រើប្រាស់ ឬ​ចែកចាយ​គ្រឿងញៀន​ក្នុង​សហគមន៍​។

ជាមួយ​គ្នា​នោះ​ដែរ​សម្ដេច​ធិ​បតី ក៏​បាន​លើកទឹកចិត្ត​វិស័យ​ឯកជន​ទាំងអស់ ចូលរួម​វិនិយោគ​ជាមួយ​រាជរដ្ឋាភិបាល លើ​ការងារ​លើកកម្ពស់ ការ​ផ្សព្វផ្សាយ​និង​អប់រំ តាម​គ្រប់​មធ្យោបាយ និង​គ្រប់​រូបភាព​។ ទន្ទឹម​នឹង​នេះ សម្ដេច ក៏​បាន​ណែនាំ​ឲ្យ​បន្ត​អនុវត្ត​គោលការណ៍ «​សម្អាតផ្ទះ​យើង​» និង «​សម្អាត​ចក​ចេញពី​ផ្ទៃ​បឹង​» ដោយ​ត្រូវ​បង្កើន ការ​ត្រួតពិនិត្យ​ជា​ប្រចាំ​មន្ត្រី​នៃ​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​មាន​វិធានការ​ម៉ឺងម៉ាត់​ចំពោះ​ការ​ពាក់ព័ន្ធ នឹង​គ្រឿងញៀន ដើម្បី​លើកកម្ពស់​ទំនុកចិត្ត ប្រសិទ្ធភាព​ការងារ អភិបាលកិច្ច​ល្អ និង​ភាព​ស្អាតស្អំ​។

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា «​គណៈ​បញ្ជាការ​ឯកភាព​រាជធានី ខេត្ត ត្រូវ​បន្ត​ពង្រឹង​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់​មាន សុវត្ថិភាព ដោយ​ត្រូវ​លុប​បំបាត់​ការ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​សហគមន៍ ជា​ពិសេស​តាម​ក្លឹ​ប​កម្សាន្ត និង​ទីតាំង​សប្បាយដ្ឋាន​នានា ដោយ​ត្រូវ​ឈរ​លើ​ស្មារតី ៣កុំ និង១​រាយការណ៍ គឺ​កុំ​ពាក់ព័ន្ធ កុំ​អន្តរាគមន៍ កុំ​បន្ធូរបន្ថយ និង​ត្រូវ​រាយការណ៍​»​។

ជាង​នេះ សម្ដេច នាយក​រដ្ឋមន្ដ្រី បាន​លើកទឹកចិត្ត មាតាបិតា និង​អាណាព្យាបាល ដែល​មាន​សមាជិកគ្រួសារ ជា​អ្នក​ញៀន​គ្រឿងញៀន និង​ក្រសួង ស្ថាប័ន ព្រមទាំង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដែល​មាន​មន្ត្រី​ជា​អ្នក​ញៀន​គ្រឿងញៀន និង​ត្រូវ​បាន​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ ឲ្យ​ទៅ​ទទួល​ការ​បន្សាប ព្យាបាល និង​ស្តារ​នីតិសម្បទា ដើម្បី​មានឱកាស​ធ្វើ​សមាហរណកម្ម ចូល​ក្នុង​សង្គម​វិញ ។

គណៈ​បញ្ជាការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ត្រូវ​បន្ត​យកចិត្តទុកដាក់​ពង្រឹង​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ដោយ​អនុវត្ត​តាម​ភារកិច្ច និង​ការ​ទទួលខុសត្រូវ​របស់​ក្រសួង ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ ទាំង​នៅ​ថ្នាក់​ជាតិ​នឹង​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ម្ចាស់​ការ​អនុវត្ត​តាម​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ