ខេត្តបាត់ដំបង ៖ អគ្គិភ័យដែលគេអះអាងថា បណ្ដាលមកពីការ «ផ្ទុះដែកកេះ» បានឆេះរាលដាលលេបត្របាក់អស់រោងកសិដ្ឋានបណ្ដុះផ្សិតរបស់កសិករចំនួន០៣ខ្នង កាលពីរសៀលថ្ងៃទី១៩ មិថុនា នៅភូមិកំពង់ម្ដោក ឃុំអូរដំបង២ ស្រុកសង្កែ តែមិនមានគ្រោះដល់មនុស្សទេ ។
សេចក្ដីរាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រោងបណ្ដុះផ្សិតនោះឈ្មោះ ឌុក គុណ ភេទប្រុសអាយុ៥៩ឆ្នាំ នៅភូមិ-ឃុំកើតហេតុ ។ សេចក្ដីរាយការណ៍ដដែលបន្តថា រោងកសិដ្ឋានបណ្ដុះផ្សិតទាំង០៣ខ្នងនោះធ្វើពីឈើប្រក់ស័ង្កសីសង់នៅក្បែរគ្នា ដែលមួយខ្នងៗមានទំហំ៥ម៉x៨ម៉ ។
ប្រភពដដែលនេះបានបញ្ជាក់ថា បើតាមម្ចាស់កសិដ្ឋានបានប្រាប់ថា មូលហេតុដែលនាំឲ្យមានអគ្គិភ័យកើតឡើងបែបនេះដោយសារតែ «ផ្ទុះដែកកេះ» ដែលកូនគាត់លេង ទើបបង្កជាអគ្គិភ័យឆាបឆេះរាលដាលឆ្លងពីរោងមួយទៅរោងមួយ រហូតឆេះខ្ទេចខ្ទីអស់ទាំងស្រុងចំនួន០៣ខ្នង តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ។

ម្ចាស់រោងបណ្ដុះផ្សិតនេះ ហាក់មិនបាននិយាយលំអិតត្រង់ចំណុចចាប់ផ្ដើមនៃអគ្គីភ័យនេះទេ ។ រីឯលោក យ៉ុត តុងហូ អធិការស្រុកសង្កែ ក៏មិនបានបន្សល់លំអិតដែលពាក់ព័ន្ធនឹងអគ្គិភ័យឆេះរោងបណ្ដុះផ្សិតនេះ ដោយគ្រាន់តែនិយាយតាមសេចក្ដីរាយការណ៍របស់មន្ត្រីមូលដ្ឋានតែប៉ុណ្ណោះ ។
លោកអធិការរូបនេះបានប្រាប់ថា អគ្គិភ័យដែលឆេះរោងបណ្ដុះផ្សិតនោះ គឺផ្ដើមមកពីការ«ផ្ទុះដែកកេះ» ដែលកូនជនរងគ្រោះយកទៅលេង តែមិនដឹងថា តើកូនគាត់យកទៅកេះលេង ឬគប់លេង ទើបបណ្ដាលឲ្យដែកកេះផ្ទុះបង្កជាអគ្គិភ័យឆេះរោងបណ្ដុះផ្សិតអស់ដល់ទៅ០៣ខ្នងបែបនេះ ?

យ៉ាងណាក្ដី សមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យប៉ុន្មានគ្រឿងដែរ ដើម្បីជួយអន្តរាគមន៍ តែអគ្គិភ័យបានលេបត្របាក់អស់រោងបណ្ដុះផ្សិត០៣ខ្នងទៅហើយ ។ បើនិយាយពីទំហំនៃការខាតបង់វិញ ម្ចាស់កសិដ្ឋានបណ្ដុះផ្សិតបានប្រាប់សមត្ថកិច្ចថា«គិតជាទឹកប្រាក់ខាតបង់អស់ប្រមាណ១២លានរៀល» ៕







ចែករំលែកព័តមាននេះ